COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​២០​បោះឆ្នោត​គាំទ្រ​ឲ្យ​ត្រឡប់​ទៅ​ការប្រកួត​វិញ ស្របពេល EPL រកឃើញ​អ្នក​ឆ្លង COVID-19 ៤​នាក់​ទៀត​
28, May 2020 , 10:50 am        
រូបភាព
​ក្លិប​នៅ Premier League បាន​បោះឆ្នោត​សម្រេច ​ឲ្យ​មានការ​វិលត្រឡប់​ទៅកាន់​ការប្រកួត​លី​គ​ឡើងវិញ ខណៈ​មាន​មនុស្ស​៤​នាក់​ទៀត​ មកពី​៣​ក្រុម​ផ្សេងគ្នា ​បានធ្វើ​តេស្ត​រកឃើញថា ឆ្លង​ជំងឺ COVID-19​។​




​ក្លិប​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​ទាំង​២០ បាន​វិលត្រឡប់​ចូល​ហ្វឹកហាត់​វិញ​កាលពី​សប្តាហ៍​មុន ​ជាមួយនឹង​ការគោរព​តាម​គោល​ការ​តឹងរ៉ឹង​ ដោយ​មិន​ឲ្យ​មាន​ទំនាក់ទំនង​ខាងក្រៅ​។ ក្រោយមក ក្លិប​ទាំងអស់​បាន​ជួបប្រជុំគ្នា និង​បង្កើត​ឲ្យ​មានការ​បោះឆ្នោត​មួយ​លើ​ការបន្ត ឬក៏​អត់​នៃ​ការប្រកួត​លី​គ​កំពូល​អង់គ្លេស​នេះ​។​
 
​នៅ​ថ្ងៃទី​២៧ ខែឧសភា ក្លិប​ទាំងអស់​បាន​បោះឆ្នោត​សម្រេច​ជា​ឯក​ច្ឆ​ន្ច​ ក្នុងការ​បន្ត​លី​គ​រដូវ​កាល​នេះ​ឡើងវិញ ក្រោយ​ផ្អាក​អស់​រយៈពេល​ជិត​៣​ខែ​មក ដោយសារ​វិបត្តិ COVID-19​។ យ៉ាងណាក៏ដោយ ការអនុញ្ញាត​ឲ្យ​មានការ​បើក​រដូវ​កាល​វិញ ត្រូវមាន​ការសម្រេច​ពី​រដ្ឋាភិបាល​អង់គ្លេស ដោយ​ផ្អែកលើ​អាទិភាព​សុខភាព និង​សុខុមាលភាព​របស់​កីឡាករ បុគ្គលិក និង​អ្នកចូលរួម​ទាំងអស់​។​
 
​ស្របពេល​ការប្រកាស​លទ្ធផល​បោះឆ្នោត​នេះ Premier League ក៏​បញ្ចេញ​ព័ត៌មាន​ថា អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ ចំនួន​៤​នាក់​ទៀត ត្រូវបាន​រកឃើញ​។ ជា​សរុប​មកទល់ពេលនេះ ​មាន​សមា​ជិ​កក្រុម​ចំនួន​១២​នាក់​ហើយ ​ដែល​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19 បន្ទាប់ពី​ការធ្វើ​តេស្ត​ជុំ​ទី​៣ ​លើ​មនុស្ស​ចំនួន ១ ០០៨​នាក់ អំឡុងពេល​ត្រឡប់​ចូល​ហ្វឹកហាត់​។​
 
​កីឡាករ និង​បុគ្គលិក​នៅ Premier League នឹង​នៅតែ​បន្តធ្វើ​តេស្ត​ពីរដង​ក្នុង​មួយ​សប្តាហ៍ ខណៈ​មានការ​អះអាងថា នឹង​កើន​ចំនួន​អ្នក​ឆ្លង​ថ្មី​ពី​៥០ ទៅ ៦០​ករណី​ទៀត​ ក្រោយ​ការធ្វើ​តេស្ត​ជុំ​ទី​៤​។​
 
​បើទោះជា​នៅតែ​បន្ត​រកឃើញ​អ្នក​ឆ្លង​ថ្មី​ យ៉ាងនេះ​ក្តី ប៉ុ​ន្ត​លោក Richard Masters នាយក​ប្រតិបត្តិ​ក្របខណ្ឌ Premier League បាន​ប្រាប់ BBC Sport ថា លី​គ​កំពូល​អង់គ្លេស​ នៅតែមាន​ភាពជឿជាក់ ​ក្នុងការ​ត្រឡប់​ទៅកាន់​ការប្រកួត​វិញ​៕
 

Tag:
 COVID-19
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com