ជាតិ
សង្គមជាតិ
៣សប្តាហ៍ នៃខែឧសភានេះ មានពលរដ្ឋជិត៤០ម៉ឺននាក់ បានចេញដើរកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងស្រុក ភ្ញៀវទេសចរដែលបានវិលត្រឡប់ទៅកម្សាន្តលេងនៅតំបន់រមណីយដ្ឋានធម្មជាតិ រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ ភ្ញៀវទេសចរ ចំនួន ៣៩៨,០៩៩នាក់ បានចេញដើរកម្សាន្តនៅតាមបណ្តាតំបន់ទេសចរណ៍នានា នៅទូទាំងកម្ពុជា នៅក្នុងរយៈពេល៣សប្តាហ៍ដំបូងនៃខែ ខែឧសភានេះ។ នេះបើតាមតួលេខរបស់ក្រសួងទេសចរណ៍ ដែលបន្តថាក្នុងចំណោមទេសចរជិត៤០ម៉ឺននាក់នេះ មានភ្ញៀវទេសចរអន្តរជាតិ ចំនួន៧,១៧៧នាក់។ ខេត្តដែលទទួលបានទេសចរច្រើនជាងគេ គឺខេត្តកំពត និងខេត្តកែប បន្ទាប់មកគឺមានខេត្តកណ្តាល បាត់ដំបង ក្រចេះ ព្រះសីហនុ និងខេត្តកោះកុង ហើយខេត្តដទៃទៀត ក៏ទទួលបានភ្ញៀវទេសចរឡើងវិញដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា តំបន់ទេសចរណ៍ ដែលទទួលបានភ្ញៀវឡើងវិញនោះ មានតំបន់ឆ្នេរសមុទ្រ, ខេត្តភាគឦសាន និងតំបន់ភ្នំ ដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ អមដោយទឹកធ្លាក់ និងព្រៃព្រឹក្សាដើម។ លោក តុប សុភ័ក ពន្យល់បន្ថែម៖«ដោយសារតែស្ថានភាពយើងរៀងល្អប្រសើរបន្តិច គ្រាន់តែវាមិនអីទាំងស្រុង។ ប្រជាពលរដ្ឋដើរលេងកម្សាន្តចុងសប្តាហ៍ ដែលជាទូទៅពួកគាត់ទៅលេងនៅតំបន់ឆ្នេរសមុទ្រដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ»។
អ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងអំឡុងពេលស្ងប់ស្ងាត់ភ្ញៀវ ក្រសួងទេសចរណ៍ បានណែនាំឲ្យម្ចាស់រមណីយដ្ឋាន ម្ចាស់តំបន់ទេសចរណ៍នានា យកឱកាសនេះកែតម្រូវសេវាកម្ម តុបតែង និងអនុវត្តអនាម័យឲ្យបានត្រឹមត្រូវ ដើម្បីទទួលភ្ញៀវទេសចរឡើងវិញ នៅពេលដែលស្ថានភាពជំងឺបានធូរស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com