COVID-19
អន្តរជាតិ
លោកត្រាំ គំរាមបិទបណ្តាញសង្គម បន្ទាប់ពីទាស់ជាមួយ Twitter លោកប្រធានាធិបតីត្រាំ ក្នុងជំនួប Social Media Summit។រូបភាពAFP
× លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមរិក នៅថ្ងៃទី២៧ ខែឧសភា បានគំរាមថា គណបក្សសាធារណរដ្ឋរបស់លោកនឹងព្យាយាមបិទបណ្តាញសង្គម។ ការគំរាមបែបនេះធ្វើឡើង បន្ទាប់ពីបណ្តាញសង្គមTwitter បានដាក់សញ្ញាឲ្យអ្នកអានផ្ទៀងផ្ទាត់ការពិតនៅលើសារ Twitter ចំនួន២របស់លោក។ នេះបើយោងតាមសារព័ត៌មានអាមេរិក ABC News។
តាមរយៈសារ Twitter លោក ដូណាល់ ត្រាំ បាននិយាយថា អ្នកសាធារណរដ្ឋ មានអារម្មណ៍ថា បណ្តាញសង្គមបំបិទសំឡេងអ្នកអភិរក្សនិយម។ លោកសង្កត់ធ្ងន់ថា៖ «យើងនឹងត្រួតពិនិត្យឲ្យបានតឹងរ៉ឹង ឬបិទបណ្តាញសង្គមតែម្តង មុននឹងបណ្តាញសង្គមទាំងអស់នោះអាចបំបិទសម្លេងបាន»។ លោក ក៏លើកឡើងផងដែរថា បណ្តាញសង្គមទាំងនោះព្យាយាម និងបរាជ័យម្តងហើយក្នុងនៅឆ្នាំ២០១៦ ហើយលោកមិនបណ្តាលឲ្យកើតមានម្តងទៀតឡើយ។
តាំងតែពីដើមមក លោក ត្រាំ បានចោទប្រកាន់ប្រព័ន្ធបណ្តាញសង្គមនានាថា ព្យាយាមបំបិទសំឡេងអ្នកអភិរក្សនិយម។ ជាក់ស្តែង មុនបើកជំនួបជាមួយក្រុមហ៊ុនបណ្ដាញសង្គមនៅសេតវិមានឆ្នាំមុន លោកបានបង្ហោះសារ Twitter ថា ប្រធានបទនៃជំនួបគឺភាពមិនស្មោះត្រង់ លម្អៀង រើសអើង និងគាបសង្កត់ ដែលធ្វើឡើងដោយក្រុមហ៊ុនខ្លះ។ លោក ត្រាំ បានចោទ Facebook, Google និង Twitter ចំៗ ថាលម្អៀង និងបំបិទសំឡេងអ្នកគាំទ្ររូបលោក។
ការមិនពេញចិត្តរបស់លោក ត្រាំ លើបណ្ដាញសង្គម កើនឡើងកាន់តែខ្លាំង ក្រោយ Twitter បានដាក់សញ្ញាឲ្យត្រួតពិនិត្យការពិតលើសាររបស់លោក ត្រាំ ។ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោកMarco Rubio បានលើកឡើងថា នៅពេលដែលTwitter សម្រេចដាក់ការត្រួតពិនិត្យលើបណ្តាញសង្គមដូចជាអ្នកបោះពុម្ព Twitter លែងរួចខ្លួនពីការទទួលខុសត្រូវហើយ និងត្រូវចាត់ទុកដូចជាអ្នកផ្សព្វផ្សាយដទៃដែលត្រូវនៅក្រោមច្បាប់។
គេពុំទាន់ច្បាស់ឡើយថា លោកត្រាំអាចធ្វើចំណាត់ការលើក្រុមហ៊ុនបណ្តាញសង្គមបានយ៉ាងដូចម្តេចទេ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនទាំងអស់នោះត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងាររដ្ឋ និងសហព័ន្ធ ក៏ដូចជាការសួរដេញដោលដោយសភាអាមេរិកផងដែរ។ ប៉ុន្តែសេតវិមាន បញ្ជាក់ថា លោក ត្រាំ នឹងចេញបទបញ្ជាមួយទាក់ទងបណ្ដាញសង្គមនេះ។
តាមពិតទៅ Twitter បានផ្តល់សិទ្ធសេរីភាពឲ្យថ្នាក់ដឹកនាំពិភពលោកបង្ហោះសារ បើទោះបីជាសារទាំងអស់នោះមានព័ត៌មានក្លែងក្លាយក៏ដោយ។ គឺទើបតែនៅខែមិថុនាឆ្នាំ២០១៩ នេះទេ ដែលបណ្តាញសង្គមមួយនេះដាក់សញ្ញាព្រមានចំពោះសារទាំងឡាយណាដែរល្មើសនឹងវិន័យរបស់ខ្លួន និងជាសម្តីមិនអាចទទួលយកបាន។ ចំណែកក្នុងដើមខែឧសភានេះ Twitter បានសម្រេចដាក់សញ្ញាលើសារទាំងឡាយណាដែលអាចបង្កផលប៉ះពាល់ទាក់ទងនឹងព័ត៌មានពិតស្តីពីជំងឺ COVID-19 ។
© រក្សាសិទ្ធិដោយ thmeythmey.com