ភ្នំពេញ៖ ក្រសួងអប់រំចង់បើកសាលារៀនឡើងវិញនៅខែវិច្ឆិកា ដែលជាពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ដើម្បីជៀសវាងកុំឲ្យមានរលកឆ្លងថ្មីនៃជំងឺកូវីដ-១៩កើតឡើងម្តងទៀត។ អ្នកជំនាញផ្នែកអប់រំ ចង់ឲ្យក្រសួង យកឱកាសនេះ រៀបចំចងក្រងជាសៀវភៅមេរៀនអំពីជំងឺកូវីដ-១៩ សម្រាប់ដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សិស្សបឋមសិក្សា ដើម្បីឲ្យពួកគេចេះធ្វើអនាម័យកាន់តែខ្ជាប់ខ្ជួន ការពារ និងទប់ស្កាត់កុំឲ្យឆ្លងជំងឺផ្សេងៗ។
លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា នៅពេលដែលសាលាត្រូវបានបើកឲ្យចូលរៀនវិញ ក្រសួងអប់រំ ឬតាមបណ្តាសាលានីមួយៗ គួរតែមានការចងក្រងជាសៀវភៅ ដែលផ្តោតលើវិធីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឲ្យសិស្សមានស្មារតីប្រុងប្រយ័ត្នខ្ពស់ អំពីការទប់ស្កាត់នៃជំងឺផ្សេងៗ។
លោក ប៊ុនថង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះថា៖«មែនទែនទៅ វាមិនមែនមានតែជំងឺកូវីដ-១៩ទេ គឺវាមានជំងឺឆ្លងផ្សេងៗទៀត។ នៅថ្ងៃអនាគត គួរតែមានការចងក្រងជាសៀវភៅ ដែលពាក់ព័ន្ធនឹងការការពារជំងឺឆ្លង ថាតើកុមារក្តី ពលរដ្ឋទូទៅក្តីគួរតែចូលរួមរបៀបណា ដើម្បីប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលនៃជំងឺកូវីដ និងជំងឺផ្សេងៗទៀត។ គ្រាន់ថាតើការរៀបចំនោះ វាអាចនឹងធ្វើទាន់ទេ?បើសិនជាទាន់ តើយើងរៀបចំបានកម្រិតណា? ជាធម្មតា ការរៀបចំកម្មវិធី វាត្រូវការពេលវេលា ត្រូវការធនធានមនុស្ស និងសម្ភារផ្សេងទៀត»។
ទោះជាយ៉ាងនេះក្តី លោក ឈត ប៊ុនថង យល់ថាមានតែសៀវភៅមេរៀនឲ្យសិស្សអាន ក៏វាមិនគ្រប់គ្រាន់នោះដែរ ក្រសួងអាចបន្ថែមវីដេអូណែនាំ ពីវិធីការពារក្នុងកម្មវិធីសិក្សាទៀត គឺរឹតតែល្អ ព្រោះធ្វើឲ្យសិស្សងាយយល់។
ក្រៅពីសៀវភៅណែនាំពីជំងឺឆ្លង លោក ប៊ុនថង ក៏ចង់ឲ្យក្រសួងអប់រំបន្ថែមមេរៀនមួយចំនួន ទាក់ទងនឹងការសង្គ្រោះបឋម ដើម្បីណែនាំដល់កុមារដែរ ដូចជាការសង្គ្រោះមនុស្សដោយសារលង់ទឹក ឆក់ខ្សែភ្លើង និងខ្យល់គរជាដើម។
សម្រាប់លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ក៏យល់ស្របដែរថាចំពោះការរៀបចំមេរៀនជំងឺកូវីដ-១៩ សម្រាប់កុមារតូចៗ។ លើសពីនេះទៀត លោក ប៉ិច បូឡែន ចង់ឲ្យក្រសួងអប់រំ និងក្រសួងសុខាភិបាល រៀបចំសិក្ខាសាលាតាមអនឡាញ ដើម្បីបណ្តុះបណ្តាលពីការទប់ស្កាត់ជំងឺ ដល់គណៈគ្រប់គ្រងសាលា និងគ្រូ មុនបើកសាលាឡើងវិញដែរ។ លោក ប៉ិច បូឡែន បញ្ជាក់បន្ថែម៖«ការបណ្តុះបណ្តាល អាចជាការចងក្រងមេរៀន ជាសៀវភៅ និងវីដេអូ សម្រាប់កូនសិស្ស និងបុគ្គលិក រួមទាំងបើកជាសិក្ខាសាលា ដែលអាចឲ្យគណៈគ្រប់គ្រងសាលាទាំងអស់ បានចូលស្តាប់ មើល ដើម្បីរៀនសូត្រ ពីបង្ការទុកមុនឲ្យហើយ។ បើក្រសួងបើកឲ្យចូលរៀនវិញ យើងមានជំនាញទុកមុនតែម្តង»។
ដ្បិតតែមេរៀនទាក់ទងនឹងវិធីបង្ការ និងការពារការឆ្លងជំងឺ និងអនាម័យ គឺមាននៅក្នុងកម្មវិធីសិក្សារបស់កុមាររួចមកហើយ ប៉ុន្តែការបន្ថែមមេរៀនណែនាំពីជំងឺកូវីដ-១៩ សម្រាប់អប់រំកុមារតូច គឺរឹតតែល្អប្រសើរ។ នេះជាការយល់ឃើញ របស់ លោក គាង ដាវី គ្រូភាសាខែ្មរនៅអនុវិទ្យាល័យកៀនជ្រៃ ខេត្តកំពង់ចាម។ បើតាម លោកគ្រូ ដាវី មេរៀនណែនាំនេះ នឹងក្លាយជាឧបករណ៍ពញ្ញាក់ស្មារតីកុមារ ឲ្យប្រកាន់ខ្ជាប់នូវការរក្សាអនាម័យ។
គួរកត់សម្គាល់ថា កន្លងមកក្រសួងអប់រំ បានដាក់បញ្ចូលមេរៀន«ទិវាជាតិនៃការចងចាំ» ទៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សឈ្វេងយល់ពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា។ មេរៀនអំពី«រដ្ឋធម្មនុញ្ញ» ក៏ត្រូវបានក្រសួងអប់រំ និងក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចបញ្ចូលទៅក្នុងកម្មវិធីសិក្សា លើមុខវិទ្យាសីលធម៌ និងពលរដ្ឋវិទ្យា សម្រាប់សិស្សថ្នាក់បឋមសិក្សា(ថ្នាក់ទី៤ឡើង) មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិផងដែរ៕