COVID-19
អន្តរជាតិ
ចក្រភព​អង់គ្លេស បិទ​ស្ថានទូត​នៅ​កូរ៉េខាងជើង​បណ្តោះអាសន្ន និង​ឲ្យ​បុគ្គលិក​ចេញពី​ប្រទេស​នេះ​
28, May 2020 , 7:19 pm        
រូបភាព
ប្រជាជនកូរ៉េខាងជើង ពាក់ម៉ាស់ ដើរនៅតាមទីសាធារណៈ។ រូបភាព៖ AFP
ប្រជាជនកូរ៉េខាងជើង ពាក់ម៉ាស់ ដើរនៅតាមទីសាធារណៈ។ រូបភាព៖ AFP
​ចក្រភព​អង់គ្លេស បានសម្រេច​បិទ​ស្ថានទូត​របស់ខ្លួន នៅ​កូរ៉េខាងជើង​បណ្តោះអាសន្ន និង​អនុញ្ញាត​ឲ្យ​បុគ្គលិក​ការទូត​របស់ខ្លួន​ទាំងអស់ ចាក​ចេញពី​កូរ៉េខាងជើង​។ ការសម្រេច​បិទ​ស្ថានទូត​បណ្តោះអាសន្ន​បែបនេះ គឺធ្វើឡើង​ដោយសារតែ​កូរ៉េខាងជើង​មាន​វិធានការ​រឹតត្បិត​លើ​ជនបរទេស​ខ្លាំងពេក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គរាជទូត​របស់​ច​ក្រ​ភព​អង់គ្លេស នា​ថ្ងៃទី​២៨ ខែឧសភា​។

 
​ចាប់តាំងពី​ផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​មក កូរ៉េខាងជើង មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​ណាមួយ នៅក្នុង​ប្រទេស​។ បើទោះបីជា​មិន​ប្រកាស​ពី​ករណី​ឆ្លង​COVID-19 មែន ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង បាន​ដាក់ចេញ​វិធានការ​រឹតត្បិត​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​សកល​មួយ​នេះ​។ អ្នក ដែល​ត្រូវគេ​រឹតត្បិត​ខ្លាំងជាងគេ គឺ​ជនបរទេស​ស្នាក់នៅ​កូរ៉េខាងជើង ពោលគឺ​សូម្បីតែ​នៅក្នុង​បរិវេណ​ផ្ទះ​ជនបរទេស ក៏​ត្រូវបាន​អាជ្ញាធរ​កូរ៉េខាងជើង​រឹតត្បិត​ដែរ​។ ការណ៍​នេះ ត្រូវបាន​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កូរ៉េខាងជើង លោក​Alexander Matsegora អះអាងថា គឺជា​ការបំពាន​សីលធម៌​យ៉ាងខ្លាំង​។ 
 
​ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​ខ្លាំងពេក​នៅក្នុង​ប្រទេស ជាពិសេស​លើ​ជនបរទេស ចក្រភព​អង់គ្លេស​បានសម្រេច​បិទ​ស្ថានទូត​បណ្តោះអាសន្ន​។ នៅលើ​បណ្តាញ​សង្គម Twitter លោក Colin Crooks អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កូរ៉េខាងជើង បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ « ស្ថានទូត​ចក្រភព​អង់គ្លេស​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង បាន​បិទ​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ ហើយ​បុគ្គលិក​ការទូត​ទាំងអស់​នឹង​ចាក​ចេញពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ ចាប់ពីពេលនេះ​ទៅ​»​។ 
 
​វិធានការ​រឹតត្បិត​ខ្លាំងពេក​របស់​កូរ៉េខាងជើង ក្លាយជា​ឧបសគ្គ​សម្រាប់​ចក្រភព​អង់គ្លេស មិនអាច​ផ្លាស់ប្តូរ​បុគ្គលិក​របស់​ខ្លួន និង​បន្តដំណើរ​ស្ថានទូត​បានឡើយ​។ ហេតុផល​នេះហើយ ទើប​ចក្រភព​អង់គ្លេស​សម្រេច បិទ​ស្ថានទូត​នៅ​ទីក្រុង​ព្យុងយ៉ាង​បណ្តោះអាសន្ន និង​ឲ្យ​បុគ្គលិក​ចេញពី​កូរ៉េខាងជើង តាមរយៈ​ប្រទេស​ចិន​។ បើទោះបីជា​ស្ថានទូត​ចក្រភព​អង់គ្លេស​បិទ​ក៏ដោយ ក៏​នៅមាន​ស្ថានទូត​ប្រទេស​ដទៃ​បើក​ដែរ ក្នុងនោះ​មានដូចជា​ស្ថានទូត​ស៊ុយអែត​ជាដើម ដែល​នៅតែ​បន្ត​ដំណើរការ​៕ 

Tag:
 អង់គ្លេស​
  កូរ៉េខាងជើង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com