កីឡាជាតិ
ជាតិ
CAMSOC ឯកភាព​ជ្រើសរើស Mascot និង​បាវចនា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ តែ​នៅ​រូប Logo
28, May 2020 , 7:39 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ CAMSOC ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ CAMSOC នៅថ្ងៃទី២៦ ឧសភា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ CAMSOC ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ CAMSOC នៅថ្ងៃទី២៦ ឧសភា
ដោយ:
គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​កម្ពុជា (CAMSOC) បាន​ឯកភាពគ្នា​ក្នុងការ​ជ្រើសរើស​រូប Mascot និង​បាវចនា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ ប៉ុន្តែ​គណៈកម្មការ​នេះ ពុំទាន់​ឯកភាពគ្នា លើ​ការជ្រើសរើស​និមិត្តរូប​(Logo)​ស៊ី​ហ្គេម​នៅឡើយ​ទេ​។ ដ្បិត Logo ត្រូវមាន​អត្ថន័យ​ឆ្លើយតប​នឹង​គោលនយោបាយ​កីឡា និង​គោលនយោបាយ​កម្ពុជា​។

 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​កម្ពុជា​បាន​អះអាងថា ក្រោយ​ឆ្លងកាត់​ការពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ចំនួន​៣​លើក​កន្លងមក គណៈកម្មការ​អចិន្ត្រៃយ៍​នៃ CAMSOC បាន​ឯកភាពគ្នា​ទាំងស្រុង​លើ​ការជ្រើសរើស​រូប Mascot និង​បាវចនា​របស់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ តែ​ការឯកភាព​នេះ ធ្វើឡើង​ត្រឹមតែ​គណៈកម្មការ​អចិន្ត្រៃយ៍​តែប៉ុណ្ណោះ​។ 
 
​បើតាម​លោក វ៉ា​ត់ ចំរើន គណៈកម្មការ​អចិន្ត្រៃយ៍​នៃ CAMSOC នឹង​យក​រូប Mascot និង​បាវចនា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នេះ ដាក់ជូន​សម្តេច ទៀ បាញ់ ប្រធាន CAMSOC ដើម្បី​ពិនិត្យ និង​ចុះហត្ថលេខា​ឯកភាព មុន​ដាក់ជូន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ និង​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។    
 
​លោក​បាន​លើកឡើងថា​៖«​យើង​ដឹង​ហើយ​ថា ការជ្រើសរើស Logo, Mascot និង Motto គឺ​វា​មាន​ភាពស្មុគស្មាញ​ច្រើន ដែល​យើង​ត្រូវ​សម្អិតសម្អាង និង​មាន​ភាពប្រាកដនិយម​ច្បាស់លាស់​ណាស់ មុននឹង​សម្រេច ព្រោះ​វា​ជា​និមិត្តរូប​នៃ​ស៊ី​ហ្គេម​ទាំងមូល​។ ដូច្នេះ​ទើប​គណៈកម្មការ និង​គណៈកម្មការ​អចិន្ត្រៃយ៍​យល់ថា ត្រូវតែមាន​ការកែសម្រួល និង​លម្អ ក៏ដូចជា​ធ្វើយ៉ាងណា​ឲ្យ​វា​ចេញមក​មាន​ភាព​ទាក់ទាញ វា​ត្រូវ​នឹង​គោលនយោបាយ​កីឡា និង​គោលនយោបាយ​កម្ពុជា ព្រោះ​ស៊ី​ហ្គេម​ដើម្បី​យើងទាំងអស់គ្នា​»​។​
 
​អគ្គលេខាធិការ CAMSOC រូបនេះ​បាន​បន្ថែមថា គណៈកម្មការ​អចិន្ត្រៃយ៍​ពុំទាន់​ឯកភាពគ្នា​ក្នុងការ​ជ្រើសរើស​រូប ដែលជា​និមិត្តសញ្ញា​ស៊ី​ហ្គេម​នៅឡើយ​ទេ​។ ដ្បិត​បច្ចុប្បន្ន​បញ្ហា​ជ្រើសរើស​រូប Logo នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ពិភាក្សាគ្នា​ពី​មន្ត្រី​ជំនាញ​បច្ចេកទេស​នៅឡើយ​។ លោក​បន្តថា មាន​រូប Logo ពី​៤​ទៅ​៥ ដែល​ស្ថិតក្នុង​ការពិចារណារ​បស់​គណៈកម្មការ​បច្ចេក​ទេស​។ 
 
​ពាក់ព័ន្ធ​បញ្ហា​ជ្រើសរើស​រូប Logo នេះដែរ លោក វ៉ា​ត់ ចំរើន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅមាន​ការកែសម្រួល​នៅឡើយ​ទេ អត់​ទាន់​សម្រេច​ជា​ផ្លូវការ​នោះទេ ទាំង​គណៈកម្មការ​បញ្ចេ​ក​ទេស និង​គណៈកម្មការ​អចិន្ត្រៃយ៍​មិនទាន់​សម្រេច​នោះទេ​។ យើង​មាន​រូប​៤​ទៅ​៥ ដើម្បី​ពិចារណា​»​។ 
 
​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ CAMSOC នៅ​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០២០ បានរៀបចំ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍន៍ភាព​ការងារ​របស់​គណៈកម្មកា​រ​ព័ត៌មាន និង​ផ្សព្វផ្សាយ និង​គណៈកម្មការ​វប្បធម៌ បរិស្ថាន និង​អប់រំ​កីឡា និង​ដាក់ចេញ​នូវ​ផែនការ​មួយចំនួន ដើម្បី​អនុវត្ត​បន្ត​។ បើតាម​ការវាយតម្លៃរ​ប​ស់លោក វ៉ា​ត់ ចំរើន គណៈកម្មការ​ទាំងពីរ​បានរៀបចំ​ផែនការ​របស់ខ្លួន​បាន​ទៅ​៥០​ទៅ​៦០​ភាគរយ​ហើយ​។ នៅ​បន្ទាប់​គណៈកម្មការ​អចិន្ត្រៃយ៍​នឹង​រៀបចំ​កិច្ចប្រជុំ ដើម្បី​ត្រួតពិនិត្យ​ការងារ​របស់​គណៈកម្មកា​រ​ទទួលបន្ទុក​បើក និង​បិទ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕ 
 
 

Tag:
 វ៉ា​ត់ ចំរើន​
  Mascot
  Motto
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com