ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល ត្រៀម​១០០​លាន​ដុល្លារ ទុក​បណ្ដុះបណ្ដាល​ជំនាញ​ថ្មី​ដល់​អ្នក​បាត់បង់​ការងារ​
28, May 2020 , 8:39 pm        
រូបភាព
កម្មកររោងចក្រ ពលករចំណាកស្រុកត្រឡប់ពីក្រៅប្រទេស និង ពលរដ្ឋក្រីក្រ (រូបពី ThmeyThmey, ទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច និង ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍)
កម្មកររោងចក្រ ពលករចំណាកស្រុកត្រឡប់ពីក្រៅប្រទេស និង ពលរដ្ឋក្រីក្រ (រូបពី ThmeyThmey, ទំព័រហ្វេសប៊ុករបស់ក្រសួងសង្គមកិច្ច និង ទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍)
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា ត្រៀម​ទឹកប្រាក់​១០០​លាន​ដុល្លារ សម្រាប់​ចំណាយ «​កម្មវិធី​សាច់ប្រាក់​ពលកម្ម​» ក្នុង​គោលបំណង​ជួយ​ដល់​ពលរដ្ឋ​និង​កម្មករ ដែល​បាត់បង​ការងារ តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​ថ្មី​ដល់​ពួកគេ​។


​លោក មាស សុខ​សេន​សាន អគ្គលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​ថ្ងៃទី​២៧ ឧសភា ឆ្នាំ​២០២០ ថា កន្លងមក រដ្ឋាភិបាល បាន​ត្រៀម​៣០០​ទៅ​៣៥០​លាន​ដុល្លារ លើ​វិធានការ​ជំនួយ​សង្គម មាន​៣​ផ្នែក ពោលគឺ សម្រាប់​បើកប្រាក់​បៀវត្ស​ឲ្យ​កម្មករ​, សម្រាប់​ទ្រទ្រង់​ដល់​ការ​គាំពារ​សង្គម​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​, និង​សម្រាប់​អន្តរាគមន៍​រក្សា​លំនឹង​ជីវភាព​ពលរដ្ឋ​និង​កម្មករ​បាត់​បង់ការ​ងា​។ លោក បន្តថា ឥឡូវ រដ្ឋាភិបាល​សម្រេច​បែងចែក​១០០​លាន​ដុល្លារ សម្រាប់​អន្តរាគមន៍​រក្សា​លំនឹង​ជីវភាព​ពលរដ្ឋ​និង​អ្នក​បាត់បង​ការងារ​។ 
 
​លោក ថ្លែង​៖«​ថវិការ​១០០​លាន​ដុល្លារ​នេះ សម្រាប់​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ​បាត់បង់​ជំនាញ​ការងារ​ឬ​មុខរបរ​របស់ខ្លួន ដោយ​គាំទ្រ​បណ្ដុះបណ្ដាល​ពួកគាត់​ឲ្យ​រៀន​ជំនាញ​ថ្មី​និង​រៀន​ប្រកបមុខរបរ​ថ្មី គឺ​រដ្ឋាភិបាល​យកលុយ​ហ្នឹង (១០០​លាន​ដុល្លារ​) ទៅ​ឧបត្ថម្ភ​ដល់​ពួកគាត់​ក្នុង​ការរៀន​ជំនាញ​ថ្មី ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​»​។ លោក បន្ថែមថា ការជួយ​គាំទ្រ​នេះ នឹងធ្វើ​ឡើង​តាម​ទិន្ន័យ​របស់​ក្រសួងផែនការ ប៉ុន្តែ​មកដល់ពេលនេះ មិនទាន់មាន​របាយការណ៍​ទេ ដោយ​ក្រសួង​មិនទាន់​ស្រង់​ទិន្ន័យ​ហើយ​។ 
 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល ចេញ​នៅ​ថ្ងៃទី​២៦ ខែឧសភា បាន​ឲ្យ​ដឹងថា កម្មវិធី​សាច់ប្រាក់​ពលកម្ម (Cash for work) គឺជា​ការ​ស្រូបយក​កម្លាំង​ពលកម្ម ពី​កម្មករ​បាត់បង​ការងា​រ ពលករ​ត្រឡប់​ពី​ក្រៅប្រទេស​វិញ រួមទាំង​ពលរដ្ឋ​តាម​មូលដ្ឋាន​។ លើសពីនេះ កម្មវិធី គឺ​ដើម្បី​បង្កើត​សមិទ្ធផល​សង្គម​-​សេដ្ឋកិច្ច លើ​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​តូចៗ​តាម​មូលដ្ឋាន ដោយ​ផ្ដោតលើ​ការលើកស្ទួយ​វិស័យ​កសិកម្ម​និង​សេដ្ឋកិច្ច​៕  
 
 
 

Tag:
 Cash for Work
  អ្នក​បាត់បង់​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com