សង្គមអន្តរជាតិ
អន្តរជាតិ
យោគីឥណ្ឌាម្នាក់ដែលមានការអះអាងថា មិនហូប និងផឹកអស់៨០ឆ្នាំ បានស្លាប់ហើយ
× យោគីសាសនាហិណ្ឌូម្នាក់ ដែលមានការអះអាងថា មិនបរិភោគ និងមិនផឹកទឹកអស់រយៈពេល៨០ឆ្នាំ កន្លងមកនេះ បានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែឧសភា ក្នុងអាយុ៩០ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
កើតក្នុងឆ្នាំ១៩២៩ នៅភូមិ Charada រដ្ឋ Gujarat លោក Prahlad Jani ដែលមានរហស្សនាមថា «Mataji» បានចាកចេញពីគ្រួសារតាំងពីអាយុ៧ឆ្នាំ ដើម្បីទៅរសនៅក្នុងព្រៃ។ ចាប់តាំងពីអាយុ១១ឆ្នាំមក លោកបានអះអាងថា មិនដែលបរិភោគអាហារ និងផឹកទឹកនោះឡើយ ដោយសារខ្លួន ទទួលបានការទ្រទ្រង់ពីទេពធីតា Amba។
Prahlad Jani បានក្លាយជាតាបស ឬហៅម្យ៉ាងទៀតថា យោគី ដោយមានពុកចង្កាដ៏វែង ជាមួយនឹងក្រវិលនៅជាប់ច្រមុះ។ «គាត់បានស្លាប់កាលពី ព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា នៅភូមិកំណើតរបស់ខ្លួន»។ នេះបើតាមការអះអាងរបស់អ្នកជិតខាងឈ្មោះ Sheetal Chaudhary ប្រាប់ទៅកាន់ AFP។
កាលពីឆ្នាំ២០០៣ តាបស Jani បានអះអាងថា លោកទទួលបានពរជ័យពីព្រះនាង Amba តាំងពីក្មេង ដែលធ្វើឲ្យលោកមានថាមពលពិសេស ដែលអាចរស់បានដោយមិនបាច់បរិភោគអាហារ ឬផឹកទឹកនោះឡើយ។ លោកបានរស់នៅតាមរូងភ្នំ និងក្រោកតាំងសមាធិ ចាប់ពីម៉ោង៤ព្រឹកជារៀងរាល់ថ្ងៃ។
ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ សុទ្ធតែអះអាងថា វាមិនអាចទៅរួចនោះឡើយ ដែលយោគីរូបនេះ អាចរស់បានជិតមួយសតវត្សរ៍ ដោយមិនបរិភោគ ឬផឹកទឹកអ្វីសោះ។ ពីលើកកន្លងមកហើយ ដែលក្រុមវេជ្ជសាស្ត្រឥណ្ឌា បានតាមដានសកម្មភាពតាបសរូបនេះ ពោលគឺនៅឆ្នាំ២០០៣ និងឆ្នាំ២០១០។
ការសិក្សាទាំងពីរ ដោយមានការបំពាក់កាមេរ៉ា ផងដែរនោះ សុទ្ធតែមិនបានឃើញលោក Jani បរិភោគ ឬផឹកទឹក ហើយថែមទាំងមិនបានបន្ទោរបង់នារយៈពេល២សប្តាហ៍ពេញ។ វេជ្ជបណ្ឌិត Sudhir Shah អ្នកជំនាញផ្នែកសរសៃរប្រសាទនៅមន្ទីរពេទ្យ Sterling Hospitals រដ្ឋ Ahmedabad ដែលបានតាមដានការសិក្សាទាំងពីរលើក បានទទួលស្គាល់ពីសមត្ថភាពពិសេសរបស់លោក Jani ប៉ុន្តែនៅតែជឿជាក់ថា វាពិបាកទៅរួចខ្លាំងណាស់ ដែលគាត់អាចរស់បានរាប់សិបឆ្នាំដោយគ្មានអាហារទ្រទ្រង់។
ការយកករណីលោក Jani ទៅសិក្សាផ្នែកវេជ្ជសាស្ត្រក៏ទទួលរងនូវការរិះគន់ផងដែរពីសំណាក់អ្នកដែលមានជំនឿលើតាបសរូបនេះ ដោយពួកគេយល់ថា ជាការរំខានសិទ្ធិបុគ្គល។ ប៉ុន្តែជាមួយគ្នានេះ ក្រុមអ្នកជំនាញមួយចំនួនបានដាក់ការសង្ស័យលើក្រុមអ្នកសិក្សា ដោយថាពួកគេ មិនបានបង្ហាញលទ្ធផលពិតប្រាកដ៕
© រក្សាសិទ្ធិដោយ thmeythmey.com