COVID-19
អន្តរជាតិ
COVID-19៖​លោក ប្រា​យុទ្ធ ថ្លែង​ការពារ​ផែនការ​ខ្ចីលុយ​ជួយសង្គ្រោះ​ពលរដ្ឋ​និង​សេដ្ឋកិច្ច​
28, May 2020 , 4:42 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងនៅសភាថៃ នៅថ្ងៃទី ២៧ ខែឧសភា (កាសែតបាងកកប៉ុស្តិ៍)
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ថ្លែងនៅសភាថៃ នៅថ្ងៃទី ២៧ ខែឧសភា (កាសែតបាងកកប៉ុស្តិ៍)
ដោយ:
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​២៧ ខែឧសភា បានចេញ​មុខការ​ពារ​ផែនការ​ខ្ចីលុយ​ប្រមាណ ១​ទ្រី​លាន​បាត (៣១,៣៩​ពាន់​លាន​) ដើម្បី​ផ្ដល់​មូលនិធិ​លើ​កម្មវិធី​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំងឺ COVID-19, ជួសជុល​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ស្តារ​សន្តិសុខ​សេដ្ឋកិច្ច​។  លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ចាត់ទុក​ផែនការ​នេះ​ជា​រឿង​បន្ទាន់​និង​ពុំ​អាច​ចៀសវាង​ឡើយ​។

 
«​ខ្ញុំ ប្រកាស​ជំហរ​ច្បាស់​ថា ផែនការ​កម្ចី​នេះ ពុំ​ប៉ះពាល់​តុល្យភាព​បំណុល​សាធារណៈ​របស់​ប្រទេស​ឡើយ ហើយ​រដ្ឋាភិបាល​អនុលោម​តាមច្បាប់​បំណុល​សាធារណៈ  និង​គោលការណ៍​ហិរញ្ញវត្ថុ​»​។ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បញ្ជាក់​បែបនេះ នៅមុខ​អង្គប្រជុំ​សភា នៅ​ថ្ងៃទី​២៧ ខែឧសភា​។ នេះ គឺជា​ថ្ងៃ​ដំបូង​នៃ​ការជជែក​តស៊ូ​មតិ​៣​ថ្ងៃ​ស្តីពី​អនុក្រឹត្យ​ចំនួន​៣​របស់​រដ្ឋាភិបាល​ថៃ ដែល​តម្រូវ​ឲ្យ​គាំទ្រ​កម្មវិធី​ស្រោង​ស្រង់ COVID-19 ។ 
 
​អនុក្រឹត្យ​ទាំងបី​នេះ គឺមាន​ដូចជា អនុក្រឹត្យ​១ គឺ​អនុញ្ញាត​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ថៃ​ខ្ចីបុល​ប្រមាណ​១​ទ្រី​លាន​បាត (៣១,៣៩​ពាន់​លាន​) ដើម្បី​ផ្ដល់​មូលនិធិ​ដល់​កម្មវិធី​ស្រោចស្រង់​សង្គម​និង​សេដ្ឋកិច្ច​ឡើងវិញ​របស់​រដ្ឋាភិបាល​, អនុក្រឹត្យ​១​ទៀត គឺ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ផ្ដល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ម្ចាស់​អាជីវកម្ម ដែល​រងគ្រោះ​ដោយ COVID-19 និង​អនុក្រឹត្យ​ចុងក្រោយ គឺ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ប្រទេស​មាន​ស្ថិរភាព និង​ស្ដារ​សន្តិសុខ​សេដ្ឋកិច្ច​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ ។​
 
​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ គូសបញ្ជាក់​ទៀតថា ទោះជា​រាប់បញ្ចូល​ការខ្ចី​លុយ​ថ្មី​ទៀត បំណុល​សាធារណៈ នឹង​ឈានដល់​ត្រឹម ៥៧,៦​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ (GDP) ប៉ុណ្ណោះ ដែល​នៅ​ទាប​ជាង​៦០​ភាគរយ​នៃ​កម្រិត​ដែល​បានកំណត់​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​នឹងមាន​លទ្ធភាព​គ្រប់គ្រង​និង​បង់​បំណុល​ទាំងនោះ ហើយ​លោក​ពន្យល់ថា អនុ​ក្រឹ​ត​ទាំងនេះ​គឺ​បន្ទាន់​និង​ចាំបាច់​បំផុត​។ 
 
​លោក ប្រា​យុទ្ធ អះអាង​ទៀតថា ផែនការ​ខ្ចីបុល​លម្អិត ត្រូវបាន​យល់ព្រម ដែល​ត្រូវ​ឲ្យ​កិច្ចសន្យា​កម្ចី​ទាំងអស់​ចុះហត្ថលេខា​ទទួលស្គាល់ ដោយ​ពុំ​ឲ្យ​លើស​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំក្រោយ​ឡើយ​។ ម្យ៉ាងទៀត សេចក្តីណែនាំ​ស្តី​ការចាយវាយ​លុយ​ទាំងនេះ ត្រូវបាន​រៀបរៀង​ដើម្បី​ធានាថា​គោលការណ៍​ល្អ​ត្រូវអនុវត្ត​។ 
 
​បូកផ្សំ​ជាមួយ​ប្រភព​កញ្ចប់​ថវិកា​ផ្សេងទៀត លុយ​៤៥​ពាន់​លាន​បាត (១,៤១​ពាន់​លាន​ដុល្លារ​) នឹងត្រូវ​ប្រគល់​ឲ្យ​កិច្ចការ​សុខភាព​សាធារណៈ និង​វេជ្ជសាស្ត្រ​ពាក់ព័ន្ធ​នឹង​ការបង្ការ​ជំងឺ COVID-19​។ ហើយ​៥៥៥​ពាន់​លាន​បាត (១៧,៤២​ពាន់​លាន​ដុល្លារ​) នឹងត្រូវ​ផ្ដល់​ជា​ជំនួយ​ហិរញ្ញវត្ថុ​ជូន​ដល់​ប្រជាកសិករ​ថៃ និង​ម្ចាស់​អាជីវកម្ម​ដែល​រងគ្រោះ​ដោយ​ការផ្ទុះ​រាលដាល​នេះ ហើយ​៤០០​ពាន់​លាន​បាត​ផ្សេងទៀត (១២,៥៥​ពាន់​លាន​ដុល្លារ​) នឹងត្រូវ​យកទៅ​ផ្គត់ផ្គង់​គោលនយោបាយ​សង្គម​និង​សេដ្ឋកិច្ច​ដទៃ ដែល​នឹង​អនុម័ត ឬ​កែសម្រួល​ដោយ​គណៈរដ្ឋមន្ត្រី​ថៃ​។ 
 
​ដើម្បី​ធានា​តម្លាភាព លោក ប្រា​យុទ្ធ លើកឡើងថា គណៈកម្មាធិការ​មួយ នឹង​ត្រួតពិនិត្យ​ល្អិតល្អន់​លើ​គម្រោង​ចំណាយ​ទាំងនេះ មុនពេល​ពួកវា​ត្រូវ​បញ្ជូនទៅ​ដល់ដៃ​គណៈរដ្ឋមន្ត្រី​អនុម័ត​។ ចំណែក​របាយការណ៍​ល​ម្អិ​ត ក៏​នឹងត្រូវ​បញ្ជូនទៅ​កាន់​សភា​ក្នុង​រយៈពេល​២​ខែ ក្រោយ​បញ្ចប់​ការទូទាត់​ចំណូល​ចំណាយ​ជាតិ​ប្រចាំឆ្នាំ​ផងដែរ​៕ 
 
 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  សេដ្ឋកិច្ច​
  ខ្ចីបុល​
  បំណុល​សាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com