ជាតិ
ជប៉ុន ចំណាយ​១៨​លាន​ដុល្លារ ទិញ​បរិក្ខារ​ពេទ្យ ឲ្យ​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩
28, May 2020 , 11:59 pm        
រូបភាព
លោក ម៉ាសាហ៊ីរ៉ូ មីកាមិ (Masahiro MIKAMI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នាថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០
លោក ម៉ាសាហ៊ីរ៉ូ មីកាមិ (Masahiro MIKAMI) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ក្នុងជំនួបជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នាថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ឧបករណ៍ សម្ភារ និង បរិក្ខារ​ពេទ្យ ដែលមាន​តម្លៃ​១៨​លាន​ដុ​លា្ល​រ ជូន​ដល់​កម្ពុជា ដើម្បី​ប្រើប្រាស់​លើ​ការប្រយុទ្ធប្រឆាំង និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។

 
​ក្នុងជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ នៅ​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ លោក ម៉ាសា​ហ៊ី​រ៉ូ មី​កា​មិ (Masahiro MIKAMI) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា លើកឡើងថា រដ្ឋាភិបាល​ជប៉ុន មានការ​កោតសរសើរ​ចំពោះ​កម្ពុជា ដែល​បាន​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។ 
 
​លោក​ឯកអគ្គរាជទូត អះអាងថា រដ្ឋាភិបាល​ជប៉ុន នឹង​នៅតែ​បន្ត​ផ្តល់​ថវិកា​ឥត​សំណង និង​ប្រាក់កម្ចី​ឥណទាន​សម្បទាន​បន្ថែម​ទៀត​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រលក​ទី​២​នៃ​ជំងឺ​កូ​វីដ​១៩ និង​ដើម្បី​ស្តារ​សម្បទា​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​ទទួលរង​ផលប៉ះពាល់​វិបត្តិ​ជំងឺ​នេះ ឲ្យ​ងើបឈរ​ឡើងវិញ ជាពិសេស​ជប៉ុន នឹង​បន្ត​ផ្តល់​ថវិកា​២២,៧៣​លាន​ដុល្លារ​បន្ថែមទៀត​សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​កម្ពុជា​។ 
 
​លោក អូន ព័ន្ធមុនីរ័ត្ន ឆ្លើយតប​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ដាក់ចេញ​វិធានការ​មួយចំនួន ដើម្បី​ធានា​ដល់​ការរក្សា​លំនឹង​សកម្មភាព​អាជីវកម្ម​របស់​ពលរ​ដ្ឋ និង​ជួយ​សម្រាល​ដល់​ជីវភាព​របស់​កម្មករ ជួយ​ស្តារ​វិស័យ​ទេសចរណ៍ អាកាសចរណ៍ វិស័យ​កាត់ដេរ តាមរយៈ​ការអនុគ្រោះ​ផ្នែក​សារពើពន្ធ ការអនុញ្ញាត​មិន​ឲ្យ​បង់ប្រាក់​ភាគទាន​ធានារ៉ាប់រង​របប​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព ការលើកលែង​និង​អនុគ្រោះ​ឥណទាន និង​ការបង្កើន​សន្ទនីយ​ភាព​ទៅក្នុង​ទីផ្សារ ជាដើម​។​
 
​លោក​រដ្ឋមន្ត្រី ចាត់ទុក​ជប៉ុន ជា​ប្រទេស​មាន​សន្តាន​ចិត្ត​ជួយ​កម្ពុជា​ចំ​គោលដៅ​ទាន់ពេល​ស្របពេល​កម្ពុជា កំពុងតែ​ជួប​ផល​លំបាក​។ លោក និយាយ​ទៅកាន់​ឯកអគ្គរាជទូត​ជប៉ុន​ថា​៖«​ប្រទេស​ជប៉ុន គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ប្រពៃ និង​ជា​មិត្តភក្តិ​ដ៏​ល្អ សម្រាប់​កម្ពុជា​»៕ 
 
 
 

Tag:
 ជប៉ុន​
 ​សម្ភារ​
 ​បរិក្ខារ​ពេទ្យ​
 ​ជំងឺ​
© រក្សាសិទ្ធិដោយ thmeythmey.com