ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បកស្រាយរឿងក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បកស្រាយរឿងក្រដាសប្រាក់ប្រភេទ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ នៅតែអាចបន្តចរាចរណ៍នៅលើទីផ្សារបានធម្មតានាពេលបច្ចុប្បន្ន ។ ប៉ុន្តែក្រដាសប្រភេទនេះ នឹងអាចលុបបំបាត់នៅពេលខាងមុខ។
ដើម្បីពង្រឹងឯករាជ្យនៃគោលនយោបាយរូបិយវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាពនោះ កម្ពុជាជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយជាងមុន ដោយគួរចាប់ផ្ដើមពីការចាយវាយលើប្រតិបត្តិការទំហំតូចទៅ។ ដូច្នេះការទុកឱ្យចរាចរក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗនេះ គឺជាឧបសគ្គមួយក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។ នេះជាការបញ្ជាក់របស់ធនាគារជាតិ។
ធនាគារជាតិ បានបញ្ជាក់ដូច្នេះថា៖«ក្នុងរយៈពេល៦ខែចុងក្រោយនេះ ប្រាក់រៀលក៏ដូចជារូបិយប័ណ្ណក្នុងតំបន់បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់តម្លៃរូបបិយប័ណ្ណរបស់គេធ្លាក់ថ្លៃ ដោយសារការធ្លាក់ចុះនៃការនាំចេញនិងលំហូរចេញមូលធន។ ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះនៃថ្លៃប្រាក់រៀលគឺដោយសារតម្រូវការប្រាក់រៀលធ្លាក់ចុះ (ដែលជាចម្បងបណ្ដាលមកពីថមថយសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ) ការធ្លាក់ថ្លៃប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនេះ មានឥទ្ធិពលអវិជ្ជមានទៅលើប្រជាកសិករដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះដើម្បីជំរុញតម្រូវការប្រើប្រាស់ប្រាក់រៀលនៅក្នុងចរន្តសេដ្ឋកិច្ចជាពិសេសសម្រាប់ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ ត្រូវជំនួសដោយប្រាក់រៀលវិញ»។
ធនាគារជាតិនៃកម្ពុជានឹងផ្តល់ពេលវេលាចំនួន៣ខែ ពោលគឺចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។
«បន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០ដុល្លារ ឡើងទៅ គឺមិនមានកម្រៃសេវាទេ»។ នេះជាការបញ្ជាក់របស់ធនាគារជាតិ។
ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។
Tag:
សេដ្ឋកិច្ច
ក្រដាសប្រាក់ដុល្លារ
© រក្សាសិទ្ធិដោយ thmeythmey.com