ជាតិ
សេដ្ឋកិច្ច
គ្រប់​ស្ថាប័នហិរញ្ញវត្ថុ​មាន​ពេល​៣​ខែ យក​ក្រដាស ១$ ២$ និង ៥$ ឱ្យ​ធនាគារជាតិ ដើម្បី​បញ្ជូន​ចេញពី​កម្ពុជា​
28, May 2020 , 9:40 pm        
រូបភាព
ភ្នំពេញ​៖ គ្រប់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន​ពេល​៣​ខែ ពោល​ពី​ថ្ងៃទី​១​មិថុនា ដល់​ថ្ងៃទី​៣១​សីហា ឆ្នាំ​២០២០ យក​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ  ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​(NBC) ដើម្បី​ដឹកជញ្ជូន​ចេញពី​កម្ពុជា​។ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​NBC នៅ​ថ្ងៃទី​២៨​ឧសភា​នេះ ការប្រមូលប្រាក់​ដុល្លារ​តូចៗ​ទាំងនេះ​ចេញពី​កម្ពុជា​នេះ គឺ​ដើម្បី​លើកកម្ពស់ និង​ជំរុញ​ការប្រើប្រាស់​«​ប្រាក់រៀល​»​ឱ្យ​កាន់តែ​ទូលាយ​។



​ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល ក្នុង​ចរន្ត​សេដ្ឋកិច្ច ជាពិសេស​សម្រាប់​ប្រតិបត្តិការ​នានា​ដែលមាន​ទំហំ​តូច ពី​ការប្រើប្រាស់​ក្រដាសប្រាក់​១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​នេះ ជំនួស​ដោយ​ប្រាក់រៀល​វិញ​នោះ ធនាគារជាតិ បាន​ទុកពេល​ក្នុង​រយៈពេល​៣​ខែ​ខាងលើ ក៏ដូចជា​ការលើកទឹកចិត្ត​ដល់​គ្រឹះ​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់ ក្នុងការ​ប្រមូលប្រាក់​ដុល្លារ​តូចៗ​ទាំងនេះ  មក​ធនាគារជាតិ​វិញ ដើម្បី​ដឹកជញ្ជូន​ទៅ​ក្រៅប្រទេស គឺ​ឥត​គិត​កម្រៃ​សេវា​ឡើយ​។ 
 
​បន្ទាប់ពី​ថ្ងៃទី​៣១​សីហា ឆ្នាំ​២០២០ តទៅ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ទាំងអស់ នឹង​ក្លាយជា​អ្នករ៉ាប់រង​លើ​ថ្លៃ​ដឹកជញ្ជូន​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង ៥​ដុល្លារ ចេញពី​កម្ពុជា​វិញ  ដោយ​ធនាគារជាតិ នឹង​ផ្ទេរ​ការចំណាយ​ដឹក​ប្រាក់​នេះ​ទៅ​ស្ថាប័នហិរញ្ញវត្ថុ​នីមួយៗ​។ 
 
​ធនាគារជាតិ​បាន​បញ្ជាក់ថា​៖« ការប្រមូលប្រាក់​ដុល្លារ​តូច​ទាំងនេះ​ចេញពី​កម្ពុជា គឺ​ដើម្បី​ពង្រឹង​ឯករាជ្យ​នៃ​គោលនយោបាយ​រូបិយវត្ថុ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យមាន​ប្រសិទ្ធភាព​នោះ តាមរយៈ​ការប្រើប្រាស់​ប្រាក់រៀល​ឱ្យបាន​ទូលំទូលាយ​ជាង​មុន ដោយ​គួរ​ចាប់ផ្ដើម​ពី​ការចាយវាយ​លើ​ប្រតិបត្តិការ​ទំហំ​តូច​ទៅ​។ ដូច្នេះ​ការទុកឱ្យ​ចរាចរ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ​នេះ គឺជា​ឧបសគ្គ​មួយ​ក្នុងការ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​»​។ 
 
​បើតាម​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយនេះ ប្រាក់រៀល​ក៏ដូចជា​រូបិយប័ណ្ណ​ក្នុង​តំបន់​បាន​ធ្លាក់​ថ្លៃ​គួរឱ្យកត់សម្គាល់​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ធនាគារជាតិ អះអាងថា ចំពោះ​ប្រទេស​ក្នុង​តំបន់​តម្លៃ​រូប​បិ​យ​ប័ណ្ណ​របស់គេ​ធ្លាក់​ថ្លៃ ដោយសារ​ការធ្លាក់ចុះ​នៃ​ការនាំចេញ​និង​លំហូរ​ចេញ​មូលធន​។ ចំណែកឯ​កម្ពុជា​វិញ ការធ្លាក់ចុះ​នៃ​ថ្លៃ​ប្រាក់រៀល​គឺ​ដោយសារ​តម្រូវ​ការប្រាក់​រៀល​ធ្លាក់ចុះ (​ដែលជា​ចម្បង​បណ្ដាលមកពី​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង​ការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ​)​។ 
 
​ធនាគារជាតិ បន្តថា ការធ្លាក់​ថ្លៃ​ប្រាក់រៀល​ធៀប​នឹង​ដុល្លារ​អាមេរិក​នេះ មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជាកសិករ​ដែលមាន​ចំណូល​ជា​ប្រាក់រៀល​។ ដូច្នេះ​ដើម្បី​ជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាពិសេស​សម្រាប់​ប្រតិបត្តិការ​ដែលមាន​ទំហំ​តូច ការប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​តូចៗ ត្រូវ​ជំនួស​ដោយ​ប្រាក់រៀល​វិញ​។​
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ខាងលើ ធនាគារជាតិ​នៃ​កម្ពុជា នឹង​បន្ត​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដើម្បី​ឈានទៅ​កំណត់​ពេលវេលា​ណាមួយ​សមស្រប ដើម្បី​ផ្អាក​ការទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក ប្រភេទ​តូច​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​៕
 
 

Tag:
 លុយ​ដុល្លារ​
  NBC
© រក្សាសិទ្ធិដោយ thmeythmey.com