ជាតិ
លោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា ដែលឡើងជារដ្ឋលេខាធិការ ផ្លូវការ លោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប ជំនួសលោក កែន សត្ថា ដែលឡើងជារដ្ឋលេខាធិការ ផ្លូវការ
× ភ្នំពេញ៖ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ឡើងកាន់តំណែងជាអភិបាលខេត្ត ជាផ្លូវការ ជំនួសលោក កែន សត្ថា ដែលត្រូវផ្ទេរទៅកាន់តួនាទីជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៩ ឧសភានេះ។ ពិធីប្រគល់ និងផ្ទេរតំណែងអភិបាលខេត្តកែប ធ្វើឡើងក្រោមអធិបតីភាពសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
មុនចូលកាន់តំណែងអភិបាលខេត្តកែបនេះ លោក សោម ពិសិដ្ឋ បានបំពេញការងារជាអភិបាលរងខេត្ត អស់រយៈពេល៨ឆ្នាំមកហើយ។ តាមរយៈបទពិសោធន៍នេះ ត្រូវបានរដ្ឋាភិបាលរំពឹងថា លោក សោម ពិសិដ្ឋ នឹងអាចយល់ដឹងពីស្ថានភាពខេត្ត ក៏ដូចជាអាចដោះស្រាយបញ្ហាលំបាកពលរដ្ឋបាន។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង។
សម្ដេច ស ខេង ក៏បានបញ្ជាក់ថា អភិបាលខេត្តកែបលោក កែន សត្ថា ក៏បានបំពេញតួនាទីល្អ ក្នុងការអភិវឌ្ឍខេត្ត តាមគោលនយោបាយរដ្ឋាភិបាលដែរ ។ បើតាមសម្ដេច ស ខេង ការផ្ទេរតួនាទីលោក កែន សត្ថា ទៅរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនេះ គឺដោយសារតែលោកត្រូវមានភារកិច្ចចូលរួមអភិវឌ្ឍថ្នាក់ជាតិថែមទៀត។
មុនកាន់តំណែងជាអភិបាលខេត្តកែប តាំងពីឆ្នាំ២០១២នោះ លោក កែន សត្ថា ផ្ដើមចេញពីតួនាទីនាយកខុទ្ធល័យរដ្ឋបាលខេត្ត។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យអភិបាលខេត្តកែបថ្មី បន្តអភិវឌ្ឍន៍ និងទប់ស្កាត់ករណីជួញដូរគ្រឿងញៀន និងផ្លូវភេទ នៅតំបន់ខេត្តទេសចរណ៍មួយនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com