អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ ត្រូវបានបណ្ដេញពីគណបក្សនយោបាយដែលលោកជាសហស្ថាបនិក ក្រោយលោក បានអង្គុយនៅជួរបក្សប្រឆាំង អំឡុងអង្គប្រជុំសភាកាលពីថ្ងៃទី១៨ ខែឧសភា។ ទាក់ទិនបញ្ហានេះ លោកមហាធៀច្រានចោលសេចក្តីសម្រេចនេះ ដោយចាត់ទុកទង្វើនេះជាយុទ្ធសាស្ត្រនយោបាយរបស់នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៨ ខែឧសភា គណបក្សជនជាតិដើមរួមរួបម៉ាឡេស៊ី (Bersatu) សមាជិកភាពរបស់លោក មហាធៀ ត្រូវបានដកហូតដោយចូលជាធរមានភ្លាមៗ។ លោកបណ្ឌិត មហាធៀ ត្រូវបានបណ្ដេញពីបក្សក្រោយលោកមិនបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលដឹកនាំដោយលោក Muhyiddin ដែលជាប្រធានបក្ស Bersatu ។
លេខាធិការប្រតិបត្តិរបស់បក្សកាន់អំណាចនេះ លោក Muhammad Suhaimi Yahya បញ្ជាក់ថា ហេតុផលនៃការសម្រេចបែបនេះ ធ្វើឡើងក្រោយលោកមហាធៀ បានអង្គុយជាមួយប្លុកបក្សប្រឆាំង អំឡុងអង្គប្រជុំសភាកាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ ហើយវាជាសេចក្តីសម្រេចដែលអនុលោមតាមធម្មនុញ្ញបក្ស។ នេះបើតាមទូរទស្សន៍សិង្ហបុរី Channel News Asia ។
ក្រៅពីលោក មហាធៀ សមាជិកសភាផ្សេងទៀត ដូចជា លោក Mukhriz Mahathir កូនប្រុសលោកមហាធៀ, លោក Syed Saddiq Abdul Rahman អតីតរដ្ឋមន្ត្រីយុវជន, លោក Amiruddin Hamzah អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងលោក Maszlee Malik អតីតរដ្ឋមន្ត្រីអប់រំ ក៏ត្រូវបណ្ដេញចេញពីបក្សផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍រួមនៅយប់ថ្ងៃទី ២៨ ខែឧសភា អតីតនាយករដ្ឋមន្ត្រីចាស់វស្សា មហាធៀ និងសមាជិកសភា៤នាក់ទៀត បានបញ្ជាក់ថា ពួកគេបានទាត់ចោលសេចក្តីសម្រេចរបស់បក្ស Bersatu នេះ។ «យើងពុំទទួលយកការបណ្ដេញចោលដែលខុសឆ្គងទាំងនេះឡើយ ខណៈពួកគេច្បាស់ណាស់គឺប្រឆាំងច្បាប់ និងដកហូតសិទ្ធិយើង»។ សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់បែបនេះ ដោយអះអាងថា ទង្វើនេះគឺជាយុទ្ធសាស្ត្រនយោបាយរបស់លោក Muhyiddin ។
លោក មហាធៀ គូសបញ្ជាក់ទៀតថា ជាក់ស្តែងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី កំពុងលេងល្បែងនយោបាយ ខណៈប្រទេសជាតិ កំពុងប្រឈមមុខនឹងបញ្ហាជំងឺរាតត្បាតសកល COVID-19 ហើយសេដ្ឋកិច្ចកំពុងពើបប្រទះភាពមិនច្បាស់លាស់។ លោកសង្កត់ធ្ងន់ដូច្នេះថា៖«នេះគឺឆ្លុះបញ្ចាំងពីជំហរផ្ដាច់ការរបស់នាយករដ្ឋមន្ត្រី (Muhyiddin)»។
«យើងចង់បន្ថែមថា ទង្វើឯកតោភាគីរបស់ប្រធានាធិបតីរបស់បក្ស Bersatu ក្នុងការបណ្ដេញយើងចេញ ដោយគ្មានហេតុផលបែបនេះ គឺព្រោះតែលោកបារម្ភអំពីការបោះឆ្នោតនាពេលខាងមុខ និងការណ៍ពិតថា តំណែងលោកជានាយករដ្ឋមន្ត្រី គឺជាខ្សោយបំផុតក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី»។ សេចក្តីថ្លែងការណ៍ បញ្ជាក់បែបនេះ។
សូមបញ្ជាក់ថា លោក មហាធៀ ដែលបច្ចុប្បន្នមានអាយុជិត៩៥ឆ្នាំហើយនោះ គឺជាមេដឹកនាំរដ្ឋាភិបាលក្នុងពិភពលោក រហូតដល់លោកបានសម្រេចលាលែងពីតំណែងយ៉ាងភ្ញាក់ផ្អើលកាលពីខែកុម្ភៈ ដែលបង្កទៅជាការតស៊ូអំណាចច្រើនសប្តាហ៍ក្នុងប្រទេស។ វិបត្តិនយោបាយនេះ បានបិទបញ្ចប់ដោយលោក Muhyiddin ដែលបានបង្កើតបក្ស Bersatu ជាមួយលោក មហាធៀ ត្រូវតែងតាំងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី។
លោក Muhyiddin ដឹកនាំសម្ព័ន្ធភាពនយោបាយថ្មីមួយដែលគាំទ្រដោយបក្សអង្គការជាតិម៉ាឡេរួមរួប (UMNO)។ នេះគឺជាបក្សដែលធ្លាប់ដឹកនាំដោយលោក ណាជីប រ៉ាហ្សាក់ ដែលកំពុងជំនុំជម្រះរឿងក្តីពុករលួយលួចលុយជាតិ អំឡុងអាណត្តិនាយកដ្ឋមន្ត្រីលោក។
កាលពីថ្ងៃទី១៨ ខែឧសភា លោក មហាធៀ ចង់ឲ្យបោះឆ្នោតដកសេចក្តីទុកចិត្តពីលោកនាយករដ្ឋមន្ត្រី Muhyiddin ក៏ប៉ុន្តែអង្គប្រជុំសភាត្រូវរឹតត្បិតសម្រាប់តែការមានបន្ទូលរបស់ស្តេចម៉ាឡេស៊ី Abdullahប៉ុណ្ណោះ។ ការណ៍នេះ បានធ្វើឲ្យលោកមហាធៀផ្ទុះកំហឹងជាខ្លាំង ហើយបានអះអាងថាលទ្ធិប្រជាធិបតេយ្យគឺស្លាប់ហើយក្នុងប្រទេសម៉ាឡេស៊ី៕