COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Premier League វិលវិញនៅថ្ងៃទី១៧ មិថុនា ផ្តើមដោយជំនួប Man City-Arsenal
× ក្របខណ្ឌ Premier League នឹងចាប់ផ្តើមការប្រកួតលីគឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាលអង់គ្លេស។ ជំនួបរវាងក្រុម Manchester City ទល់ Arsenal និង Aston Villa ជាមួយ Sheffield United ជាការប៉ះគ្នាដំបូងគេបង្អស់ចាប់តាំងពីផ្អាកជិត៣ខែមក ដោយសារ COVID-19។
ការប្រកួតទាំងមូលក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសសម្រាប់រដូវកាលដែលសេសសល់នឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍ពោលគឺចន្លោះពីថ្ងៃទី១៩ ដល់ ២១ ខែមិថុនា។ ក្នុងចំណោមក្រុមទាំង២០ ក្រុមខ្លះនៅសល់៩ប្រកួត និងខ្លះ១០ប្រកួតទៀតដែលសរុបទាំងអស់ចំនួន ៩២ ប្រកួតទៀត។
Man City, Arsenal, Aston Villa និង Sheffield United ដែលសុទ្ធតែនៅសល់១០ប្រកួត នឹងត្រូវប្រកួតមុនគេដើម្បីឲ្យស្មើចំនួនប្រកួតដូចក្រុមដទៃ។
ការត្រឡប់មកវិញនេះ តម្រូវឲ្យរាល់ការប្រកួតទាំងអស់ត្រូវធ្វើឡើងដោយបិទទ្វារកីឡដ្ឋាន ដើម្បីការពារការឆ្លងជំងឺរាតត្បាត COVID-19។ នេះមានន័យថាមានតែការទស្សនាតាមកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ ហើយលោកអ្នកអាចរកមើលតាមការផ្សាយផ្ទាល់ក្នុងប៉ុស្តិ៍ទូរទស្សន៍ Sky Sports, BT Sport, BBC Sport និង Amazon Prime ។
ជាមួយគ្នានេះ Sky Sports នឹងមានការផ្សាយផ្ទាល់ចំនួន ៦៤ ប្រកួត ក្នុងនោះ២៥ប្រកួតនឹងផ្សាយផ្ទាល់ដោយឥតគិតថ្លៃ។
ឆ្លងកាត់ការប្រកួត២៩លើកមុនពេលផ្អាកការប្រកួតបណ្តោះអាសន្នដោយសារ COVID-19 កាលពីថ្ងៃទី១៣ ខែមិនាមក Liverpool ជាក្រុមឈរនៅកំពូលតារាង Premier League ដោយរកបាន៨២ពិន្ទុ តាមពីក្រោយដោយ Man City ដែលរកបាន៥៧ពីន្ទុពីការប្រកួត២៨លើក។ Leicester City នៅលេខរៀងទី៣ មាន៥៣ពិន្ទុ និង Chelsea ឈរលេខ៤មាន៤៨ពិន្ទុ ខណៈ Manchester United, Wolverhampton Wanderers និង Sheffield United នៅលេខរៀងបន្តបន្ទាប់ហើយក៏ជាក្រុមដែលត្រូវប្រជែងយក Top 4 ដើម្បីបានកៅអីលេងក្របខណ្ឌអឺរ៉ុប Champions League រដូវកាលក្រោយផងដែរ៕
Tag:
Premier League
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com