ជាតិ
កសិកម្ម ចូលរួមចំណែកជិត៣៩ភាគរយ លើកំណើនសេដ្ឋកិច្ចខេត្តកណ្តាល
× ភ្នំពេញ៖ សេដ្ឋកិច្ចនៃខេត្តកណ្តាល ពឹងផ្អែកលើវិស័យធំៗចំនួន៣ គឺ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និង សេវាកម្ម។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លើកឡើងថា កសិកម្ម ជាវិស័យស្នូលមួយដែលបានរួមចំណែកសេដ្ឋកិច្ចខេត្តកណ្ដាលច្រើនជាងគេ។
ក្នុងសន្និសីទកាសែតស្តីពីវឌ្ឍភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកណ្ដាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែឧសភានេះ លោក គង់ សោភ័ណ្ឌ ថ្លែងថា ខេត្តកណ្ដាល ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ ទទួលបានកំណើនសេដ្ឋកិច្ចពីវិស័យកសិកម្ម ចំនួន៣៨,៧ភាគរយ វិស័យឧស្សាហកម្ម ចំនួន៣៤,២ភាគរយ និង វិស័យសេវាកម្មចំនួន ២៧,១ភាគរយ។ លោក បន្តថា វិស័យកសិកម្មបានចូលរួមចំណែកសេដ្ឋកិច្ចច្រើនជាងគេ។
វិស័យកសិកម្ម មានដំណាំ ដូចជា ពោត អំពៅ និង បន្លែគ្រប់មុខ ជាដើម។ ចំណែក ការងារបង្កបង្កើនផលក្នុងឆ្នាំ២០១៩ លើផ្ទៃដីធ្វើស្រូវរដូវវស្សា និងប្រាំង ជាង៩ម៉ឺនហិកតា ទទួលបានផលជាង៣៤ម៉ឺនតោន កើនឡើង ១,៦២ ភាគរយ។ បរិមាណស្រូវ លើសពីតម្រូវការជាង២,៦ម៉ឺនតោន។ ទាំងនេះ ជាការរបរាប់របស់លោកអភិបាលខេត្តកណ្តាល។
ដើម្បីជួយសម្រួលទីផ្សារ និងបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ អភិបាលខេត្តកណ្ដាល អះអាងថា លោក បានបង្កើតបណ្ដុំអាជីវកម្មបន្លែចំនួន៨៩បណ្ដុំ ដោយមានការចូលរួមពីកសិករជាង២,៧ពាន់គ្រួសារ។ លោក បន្ថែមថា លើសពីនេះ ក្រុមផលិតបន្លែសុវត្ថិភាពចំនួន ៣៣ក្រុម និងសហគមន៍បន្លែសុវត្ថិភាព ៦សហគមន៍ មាន កសិករ៦៣៩គ្រួសារ ចូលរួម៕
Tag:
កសិកម្ម
ខេត្តកណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com