សង្គមអន្តរជាតិ​
អន្តរជាតិ
UN លើកឡើង​ពី​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ពិភពលោក​
29, May 2020 , 7:39 pm        
រូបភាព
ស្ត្រីក្នុងកងកម្លាំងរក្សាសន្តិភាព។រូបភាព UN
ស្ត្រីក្នុងកងកម្លាំងរក្សាសន្តិភាព។រូបភាព UN
ដោយ:
អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៩ ខែឧសភា​នេះ ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​កងកម្លាំង​រក្សា​សន្តិភាព ដោយ​លើកឡើង​ពី​តួនាទី​របស់​ស្ត្រី​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព (Women in Peacekeeping, A Key to Peace)​។ ក្នុង​ទិវា​នេះ លោក​អង់​តូ​នី​ញ៉ូ ហ្គូ​តែ​រ៉េ​ស អគ្គលេខា​UN បាន​ថ្លែង​ការដឹងគុណ ផងដែរ​ទៅដល់​ទៅដល់​កង​រក្សា​សន្តិសុខ​ដែលជា​យោធា នគរបាល និង​មន្ត្រី​ស៊ីវិល ចំនួន​៩​ម៉ឺន​៥​ពាន់​នាក់​ដែល​កំពុង​ចុះ​ប្រតិបត្តិការ ក្នុង​បេសកកម្ម​ចំនួន​១៣​នៅ​ជុំវិញ​ពិភពលោក​។


 
​ក្រោម​ប្រធានបទ «​ស្ត្រី​ក្នុង​ការរក្សា​សន្តិភាព ជា​គន្លឹះ​ទៅកាន់​សន្តិភាព​» លោក​ហ្គូ​តែ​រ៉េ​ស ប្រមុខ​UN បាន​លើកឡើងថា ស្ត្រី​ជា​ញឹកញាប់ បាន​ចូលរួម​ច្រើន​ក្នុង​សហគមន៍​ដែល​យើង​បាន​បម្រើ ដោយ​នាំ​ឲ្យ​យើង​អាច​ពង្រឹង​ការការពារ​ដល់​ជន​ស៊ីវិល ផ្សព្វផ្សាយ​ពី​សិទ្ធមនុស្ស និង​ពង្រឹង​ការអនុវត្ត​ប្រតិបត្តិកា​រ​របស់​យើង​។ ទោះជា​ស្ត្រី​បាន​បំពេញ​តួនាទី​សំខាន់​យ៉ាងនេះ​ក្តី លោក​ហ្គូ​តែ​រ៉េ​ស បានកត់សម្គាល់​ផងដែរ​ថា ស្ត្រី​តំណាង​ត្រឹមតែ​៦%​នៃ​មន្ត្រី​យោធា នគរបាល យុ​ត្តិ​ធ​ម៍ និង​អប់រំ​កែតម្រូវ ក្នុង​បេសកកម្ម​តាម​ទីវាល​។​
 
​ក្នុង​ទិវា​នេះ លោក​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ក៏បាន​ជូន​រង្វាន់​ស​សើរ  Military Gender Advocate of the Year Award ដល់​ស្ត្រី​ដែល​បំរើការ​ក្នុង​បេសកកម្ម​រក្សា​សន្តិសុខ​ចំនួន​២​រូប ដោយបាន​ទៅ​លោកស្រី Carla Monteiro de Castro Araujo សញ្ជាតិ​ប្រេ​ស៊ី​ល​ដែល​កំពុង​បម្រើការ​ក្នុង​បេស​សក​កម្ម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​(MINUSCA) និង​លោកស្រី Suman Gawani សញ្ជាតិ​ឥណ្ឌា ដែល​កំពុង​បំពេញ​បេស​សកម្ម​នៅ​ស៊ូដង់​ខាងត្បូង​(UNMISS)​។​


 
​រង្វាន់​ខាងលើនេះ ត្រូវបាន​ប្រគល់ជូន​ដល់​កងកម្លាំង​ថែរក្សា​សន្តិភាព​រូប​ណា ដែល​បំពេញការងារ​ក្នុងការ​ផ្សព្វផ្សាយ​គោលការណ៍​របស់​សេចក្តី​សម្រេចចិត្ត​នៃ​ក្រុមប្រឹក្សាសន្តិសុខ លេខ​១៣២៥ ស្តីពី​ស្ត្រី សន្តិភាព និង​សុវត្ថិភាព​។​
 
«​យើង​ត្រូវធ្វើ​ការងារ​បន្ថែមទៀត​ដើម្បី​ឲ្យ​ស្ត្រី​អាច​តំណាង​ដោយ​ស្មើភាព នៅ​គ្រប់ផ្នែក​ទាំង​អស់នៃ​សន្តិភាព និង​សុវត្ថិភាព​» នេះ​ជាការ​សង្កត់​បន្ថែម​រប​ស់លោក​ហ្គូ​តែ​រ៉េ​ស ក្នុងការ​រំលឹក​ខួប​ទី​២០​ឆ្នាំ​នៃ​ការអនុម័ត​សេចក្តីសម្រេចចិត្ត​នៃ​ក្រុមប្រឹក្សាសន្តិសុខ លេខ​១៣២៥ ស្តីពី​ស្ត្រី សន្តិភាព និង​សុវត្ថិភាព​។​
 
​បេសកកម្ម​រក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៨ ដើម្បី​ពិនិត្យមើល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​បណ្តា​រដ្ឋ​អារ៉ាប់​។​គិត​មកដល់ពេលនេះ មាន​កងកំលាំង​ជាង​១​លាន​នាក់ ធ្លាប់បាន​បម្រើ​ក្នុង​បេសកកម្ម និង​បាត់​បង់ជីវិត​ចំនួន​៣,៩០០​នាក់ ក្នុង​បេសកកម្ម​ចំនួន​៧២​នៅ​ទូទាំង​ពិភពលោក ៕

© រក្សាសិទ្ធិដោយ thmeythmey.com