COVID-19
ជាតិ
សង្គមជាតិ
ធនាគារពិភពលោក​៖ កូ​វីដ​១៩ អាចធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា កើនឡើង​ពី​៣​ទៅ​១១​ភាគរយ​ទៀត​
29, May 2020 , 4:23 pm        
រូបភាព
តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ ធនាគារពិភពលោក ព្យាករ​ថា ឥទ្ធិពល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ អាច​នឹងធ្វើ​ឲ្យ​ភាពក្រីក្រ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ កើនឡើង​ពី ៣ ទៅ ១១​ភាគរយ​បន្ថែមទៀត ជាពិសេស​ក្នុងចំណោម​គ្រួសារ ដែល​ធ្វើការ​ក្នុង​វិស័យ​សំខាន់ៗ ដូចជា ទេសចរណ៍ សំណង់ ពាណិជ្ជកម្ម និង ឧស្សាហកម្ម​កាត់ដេរ ជាដើម បើ​ពួកគេ បាត់បង់​ចំណូល​៥០​ភាគរយ សម្រាប់​រយៈពេល​៦​ខែ​ជាប់​គ្នា​។



​លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា មិន​ហ៊ាន​អះអាង​ឡើយ​ថា ការ​ព្យាករ​របស់​ធនាគារពិភពលោក ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ ដ្បិត​លោក មិនបាន​ដឹងថា ធនាគារពិភពលោក ពឹង​ផ្អែកលើ​វិធីសាស្ត្រ​អ្វី ក្នុងការ​វាយតម្លៃ​ឬ​ការ​ព្យាករ​នេះ​។ យ៉ាងណា លោក និយាយថា លោក ពិបាក​នឹង​ជឿ ដែលថា ភាពក្រីក្រ​នៅ​កម្ពុជា អាច​កើន​ឡើងដល់​១១​ភាគរយ​បន្ថែមទៀត បើទោះបី​កម្ពុជា រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ក្តី​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច ថ្លែងថា ក្រុមការងារ​របស់លោក និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ កំពុង​សិក្សា​និង​ចុះ​ស្រង់​ស្ថិតិប្រជាជន​ក្រីក្រ​និង​ខ្វះខាត ដើម្បី​ឧបត្ថម្ភ​ថវិកា ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។ លោក ប្រាប់ថា បច្ចុប្បន្ន អត្រា​ក្រីក្រ​នៅ​កម្ពុជា មាន​ប្រមាណ​១០​ភាគរយ បើ​គិត​ជា​គ្រួសារ មាន​ជាង​៥៤​ម៉ឺន​គ្រួសារ ហើយ​បើ​គិត​ជា​ចំនួន​មនុស្ស មាន​ជាង​២,៤​លាន​នាក់​។       
 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ធនាគារពិភពលោក លើកឡើងថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ កំពុង​បង្ក​ការប៉ះទង្គិច​យ៉ាងដំណំ​ទៅលើ​វិស័យ​សំខាន់ៗ សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ដូចជា វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​នាំចេញ និង និង វិស័យ​សំណង់ ជាដើម ដែល​តំណាង​ឲ្យ​ជាង​៧០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ការងារ​ប្រមាណ​៤០​ភាគរយ នៃ​ការងារ​សរុប ក្នុងប្រទេស​កម្ពុជា​។  
 
​ដោយសារ​មូលហេតុ​នេះ ក្នុង​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបាន​រំពឹងទុក​ថា «​នឹងមាន​ល្បឿន​យឺត​បំផុត​មិនដែល​ធ្លាប់​ជួបប្រទះ​តាំងពី​ឆ្នាំ​១៩៩៤​មក​» ដោយ​វា​នឹង​ថមថយ​មកដល់​រវាង -១​ភាគយ និង -២,៩ ភាគរយ​។ នេះ​ជាការ​ទាញ​សេចក្តីសន្និដ្ឋាន​របស់​ធ​នាគារ​ពិភពលោក​។   
 
​ធនាគារពិភពលោក បន្តថា ការប៉ះពាល់​វិស័យ​ទាំងនេះ បាន​ប៉ះទង្គិច​យ៉ាងខ្លាំង​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ធ្វើ​ឲ្យ​ការងារ​របស់​មនុស្ស​យ៉ាងហោចណាស់ «​ជាង​១,៧​លាន​នាក់​» ស្ថិតក្នុង​ហានិភ័យ​។      
 
​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​វិធានការ​ជាច្រើន ជាមួយនឹង​ការត្រៀម​ថវិកា​ពី​៨​រយ​លាន​ដុល្លារ ទៅ​២​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​នានា ដែល​កើតឡើង​ដោយសារ​ជំងឺ​កូ​វីដ​១៩​។ 
 
​នៅ​កម្ពុជា ស្ថានភាព​ជំងឺ​កូ​វីដ​១៩ ត្រូវគេ​វាយតម្លៃថា បាន​ធូរស្រាល​វិញ ក្រោយ​អ្នកជំងឺ​កូ​វីដ​១៩ ១២២​នាក់ បាន​ជាសះស្បើយ ខណៈ​នៅសល់តែ​២​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​៕ 
 

Tag:
 COVID-19
  WB
  ភាពក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com