COVID-19
អន្តរជាតិ
អ្នក​ល្មើស​បញ្ជា​បិទ​ប្រទេស​ធ្ងន់ធ្ងរ​នៅ​ឥណ្ឌូណេស៊ី អាច​ត្រូវ​បង្ហោះ​រូបថត​ឲ្យ​ស្អុយឈ្មោះ​ជា​សាធារណៈ​
29, May 2020 , 10:19 pm        
រូបភាព
រូបកុមារីឥណ្ឌូណេស៊ីបំពានបញ្ជាបិទប្រទេស ពាក់ស្លាកសរសេរថា «ខ្ញុំសន្យាពាក់ម៉ាស់» ក្នុងខេត្ត Bengkulu (AFP)
រូបកុមារីឥណ្ឌូណេស៊ីបំពានបញ្ជាបិទប្រទេស ពាក់ស្លាកសរសេរថា «ខ្ញុំសន្យាពាក់ម៉ាស់» ក្នុងខេត្ត Bengkulu (AFP)
ដោយ:
​អាជ្ញាធរ​ឥណ្ឌូណេស៊ី ដាក់ចេញ​វិធីសាស្ត្រ​សម្អុយ​ឈ្មោះ​សាធារណៈ ជា​ទោសទណ្ឌ​ថ្មី​សម្រាប់​អ្នក​បំពាន់​ចំណាត់ការ​គម្លាត​សុវត្ថិភាព​ទប់ស្កាត់ COVID-19 ។ តែ​ចំណាត់ការ​ពុំ​ត្រូវអនុវត្ត​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី​ឡើយ​។

 
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ផ្ដើម​ពង្រាយ​កងទ័ព​ជិត​៣៤​ម៉ឺន​នាក់​នៅ​ខេត្ត​ជាង​២០​នៃ​ខេត្ត​សរុប​ទាំង​៣៤​របស់ខ្លួន​។ គោលដៅ​គឺ​ដើម្បី​តាមដាន​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​ដែល​ដាក់​ទប់ស្កាត់​ការឆ្លង​រាលដាល COVID-19 ដូចជា ការពាក់​ម៉ាស់​នៅ​ទីសាធារណៈ និង​រក្សា​គម្លាត​ពីគ្នា​ត្រឹមត្រូវ​តាម​អនុសាសន៍​អ្នកជំនាញ​សុខាភិបាល​ជាដើម​។ 
 
​ក៏ប៉ុន្តែ​សម្រាប់​មេដឹកនាំ​ខេត្ត​ខ្លះ​របស់​ឥណ្ឌូណេស៊ី បន្ថែម​ពី​វិធានការ​ថ្នាក់ជាតិ​ទាំងនេះ ពួកគេ​បាន​ផ្ដួចផ្ដើម​ចំណាត់ការ​ផ្ទាល់ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ហើយ​ពួកគេ​ជ្រើស​យក​វិធាន​សម្អុយ​ឈ្មោះ​ជា​សាធារណៈ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីប៉ូលិស​ក្នុង​ខេត្ត Bengkulu ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រមូលផ្ដុំ​ប៉ូលិស​មួយក្រុម​ដែលមាន​សមាជិក​៤០​នាក់ ដែលមាន​កា​ត្វ​កិច្ច​តាម​ចាប់​អ្នក​ល្មើស​បញ្ជា​បិទ​ប្រទេស ហើយ​បង្ខំ​ពួកគេ​ពាក់​ស្លាក​ដោយ​សន្យាថា​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ពី​អ្នកដទៃ ចាប់ពីពេលនេះ​តទៅ​។ បើតាម​មន្ត្រី​ម្នាក់ ក្នុងករណី​ល្មើស​ធ្ងន់ធ្ងរ រូបភាព​ពួកគេ នឹងត្រូវ​បង្ហោះ​ឡើង​បណ្ដាញ​សង្គម​ដើម្បី​ឲ្យ​ពួកគេ​រាងចាល​។ 
 
«​មនុស្ស​ក្នុង​ខេត្ត Bengkulu នៅតែ​ពុំទាន់​យល់​ពី​សារសំខាន់​នៃ​ការគោរព​តាម​វិធាន​សុខាភិបាល​ទាំងនេះ ជាពិសេស​នៅពេល​តម្រូវ​ឲ្យ​ពួកគេ​ពាក់​ម៉ាស់ និង​ឈប់​ប្រមូលផ្ដុំ​គ្នាច្រើន​ទៀត​»​។ ប្រធាន​ទីភ្នាក់ងារ​បញ្ជា​សាធារណៈ​របស់​ខេត្ត Bengkulu ឈ្មោះថា Martinah ប្រាប់ AFP បែបនេះ​។ លោក​បន្តទៀតថា ការគោរព​បែបនេះ​គឺ​ដើម្បី​សុខទុក្ខ​ពួកគេ​និង​គ្រួសារ​ពួកគេ​។ 
 
​ដោយឡែក រដ្ឋធានី ហ្សា​ការ​តា វិញ ក្នុង​ខែ​នេះ បានប្រកាស​ច្បាប់​ថ្មី​មួយ​ដាក់ទោស​អ្នក​ល្មើស​គម្លាត​សុវត្ថិភាព ដោយ​បង្ខំ​ឲ្យ​ពួកគេ​លាង​បង្គន់​សាធារណៈ ខណៈ​ត្រូវ​ពាក់​អាវកាក់​សរសេរថា ជន​បំពាន់​ច្បាប់​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៩ ខែឧសភា ប្រទេស ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង COVID-19 សរុប ២៤០០០​ករណី និង​អ្នកស្លាប់ ១៤៩៦​នាក់ ក៏ប៉ុន្តែ​ប្រទេស​ដែលមាន​ប្រជាជន​សរុប​ជាង​២៦០​លាន​នាក់​នេះ មាន​អត្រា​ធ្វើតេស្ត​រក COVID-19 ទាប​បំផុត​មួយ​លើ​ពិភពលោក​។ អ្នកស្រាវជ្រាវ ប៉ាន់​ស្មានថា តួលេខ​ស្លាប់​ពិតប្រាកដ​អាច​លើស​២​ឬ​៣​ដង បើ​ធៀប​នឹង​តួលេខ​ផ្លូវការ​៕ 
 
 

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
  បញ្ជា​បិទ​ប្រទេស​
  គម្លាត​សុវត្ថិភាព​
© រក្សាសិទ្ធិដោយ thmeythmey.com