សង្គមអន្តរជាតិ​
អន្តរជាតិ
សាកលវិទ្យាល័យ​មួយ​នៅ​អាមេរិក ផ្តល់​បណ្ឌិត​កិត្តិយស​ដល់​សុនខ​ឈ្មោះ Moose
30, May 2020 , 8:59 am        
រូបភាព
ដោយ: ធីតា
​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​សត្វ​នៃ​សាកលវិទ្យាល័យ Virginia Tech នៅ​សហរដ្ឋអាមេរិក បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​របស់ខ្លួន​ប្រចាំឆ្នាំ​២០២០​តាម​អន​ឡាញ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ សុនខ​មួយ​ក្បាល​ស្ថិត​ក្នុងចំណោម​ជ័យលាភី​ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​។​

 
Moose អាយុ​៨​ឆ្នាំ ត្រូវបាន​ចាត់ទុកជា​សុនខ​មួយ​ក្បាល​ដែល​បានរួម​ចំណែក​ក្នុងការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល Cook Counseling Center​។ មាន​វត្ត​មាននៅ​សាកលវិទ្យាល័យ Virginia Tech ចាប់តាំងពី​ឆ្នាំ​២០១៤​មក Moose ស្ថិតក្នុង​ចំណោម​សត្វ​៤​ក្បាល ដែល​តួនាទី​ជា​ទូ​តនៃ​សុខភាព​ផ្លូវចិត្ត​ប្រចាំ​សាលា​។​
 
​ជាមួយនឹង​ការចូលរួម​ក្នុងការ​ប្រកួត​បាល់ទាត់ ព្រឹត្តិការណ៍​កម្សាន្ត រួមទាំង​ការតម្រង់ទិស​និស្សិត​ថ្មី Moose ក៏បាន​ជួយ​ដល់​និស្សិត​ក្នុងការ​ទប់ទល់​ភាព​តប់ប្រមល់ តានតឹង កំហឹង និង​វិបត្តិ​ផ្លូវចិត្ត​ផ្សេងៗ​។ បើតាម​លោក Trent Davis ដែលជា​ម្ចាស់ និង​ជាទី​ប្រឹក្សា​ដែលមាន​អាជ្ញា​បណ្ណ សុនខ​មួយ​ក្បាល​នេះ បាន​ជួយ​ដល់​និស្សិត​រាប់ពាន់នាក់ និង​ចូលរួម​ក្នុង​កម្មវិធី​ប្រឹក្សា​យោបល់​ជាង​៧៥០០​លើក​។​
 
​លោក Davis ដែល​បម្រើការ​នៅ Cook Counseling Center អស់​រយៈពេល​១០​ឆ្នាំ​មកហើយ​នោះ បាន​ផ្តួច​ផ្តល់​កម្មវិធី​វេជ្ជសាស្ត្រ​សត្វ ដើម្បី​ជួយ​ដល់​និស្សិត​ដោះស្រាយ​បញ្ហា​តានតឹង​ផ្លូវចិត្ត​។ លោក​បាន​ប្រាប់ CNN ថា​៖ «​មនុស្ស​ខ្លះ​មិនមាន​បទពិសោធន៍​ដោះស្រាយ​បញ្ហា​ជាមួយ​មនុស្ស​ផ្សេង​ឡើយ ប៉ុន្តែ​ពេលខ្លះ​អាចទៅរួច​ជាមួយ​សត្វ​។ Moose ពិតជា​បានផ្តល់​ការប្រឹក្សា​ដ៏​មាន​សុវត្ថិភាព​»​។​
 
​បច្ចុប្បន្ន សុនខ​៤​ក្បាល ត្រូវបាន​ចាត់ទុកជា​ភ្នាក់ងារ​ព្យាបាល​ដ៏​សក្តិ​សិទ្ធ និង​ជាទី​ស្រឡាញ់​របស់​និស្សិត​នៅ Virginia Tech ប៉ុន្តែ Moose មាន​លក្ខណៈពិសេស​លើសគេ ដោយ​បន្ថែម​ពីលើ​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល​ទើប​ទទួលបាន សុនខ​រូបនេះ ក៏បាន​ទទួលពាន Virginia Verinary Medical Associations’s Animal Hero Award កាលពី​ឆ្នាំ​២០១៩ ផងដែរ​៕
 

  

Tag:
 សុនខ​
  បណ្ឌិត​កិត្តិយស
© រក្សាសិទ្ធិដោយ thmeythmey.com