ជាតិ
សង្គមជាតិ
ទ័ពមួកខៀវកម្ពុជាម្នាក់បានស្លាប់ដោយសារ Covid-19 ខណៈ២នាក់សះស្បើយ
× ភ្នំពេញ៖កងរក្សាសន្តិភាពមួកខៀវកម្ពុជា ម្នាក់បានបាត់បង់ជីវិត ដោយសារកូវីដ-១៩ នៅក្នុងប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភា។ នេះបើតាម លោក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅព្រឹកថ្ងៃទី ៣០ ឧសភានេះ។
អ្នកនាំពាក្យដដែលបញ្ជាក់ដូច្នេះ៖«នៅព្រឹកថ្ងៃទី២៩ លោក ស សាវី បានធ្លាក់ខ្លួនក្នុងអាការឈឺធ្ងន់ធ្ងរ ហើយបានទទួលពលី វេលាម៉ោងជាង៤ ទៀបភ្លឺ នៅប្រទេសម៉ាលី(ក្រោយយើង៧ម៉ោង»។
កងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី ចំនួន៧នាក់ ក្នុងនោះមានស្រី១នាក់ បានឆ្លងជំងឺកូវីដ-១៩។ ក្នុងចំណោមនោះ មាន១នាក់ បានបាត់បង់ជីវិត គឺឧត្តមសេនីយ៍ទោ ស សាវី វ័យ៦៣ឆ្នាំ, ២នាក់បានសះស្បើយ និង៤នាក់ទៀតមានស្ថានភាពល្អឡើងវិញហើយ នៅរង់ចាំលទ្ធផលតេស្តចាំថ្មី។ នេះបើតាមលោក ផល សាម៉ន ដដែល ដោយបានឲ្យដឹងថា កងទ័ពមួកខៀវកម្ពុជា នៅប្រទេសម៉ាលី មានចំនួន ២៩៨នាក់ ចែកចេញជា២កងពល គឺកងវិស្វកម្មចំនួន១៥៤នាក់ និងកងកម្ទេចគ្រឿងផ្ទុះ មានចំនួន១៤៤នាក់។
លោក ស សាវី បានទៅបំពេញបេសកកម្ម នៅប្រទេសម៉ាលី ២លើករួចមកហើយ គឺនៅក្នុង២០១៦ និងនៅឆ្នាំ២០១៩។ តាមពិតទៅ លោក បានបំពេញបេសកកម្មរួចរាល់ហើយ ក៏ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ លោក ស សាវី ត្រូវបន្តស្នាក់នៅប្រទេសម៉ាលីសិន។ តែលោកត្រូវបានរកឃើញថាជំងឺកូវីដ-១៩ នៅអំឡុងចុងខែមេសា ហើយលោកបានបាត់បង់ជីវិតនៅថ្ងៃទី២៩ ឧសភា។ អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ មុននឹងសម្តែងការសោកស្តាយចំពោះការបាត់បង់យុទ្ធមិត្ត ដែលទៅបេសកកម្មនៅក្រៅប្រទេស ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនាពេលនេះ។
បច្ចុប្បន្ន កងកម្លាំងរក្សាសន្តិភាពកម្ពុជា ជាង៨០០នាក់ កំពុងបំពេញបេសកម្មនៅប្រទេសចំនួន៨ គឺស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៦ពាន់នាក់ហើយ ទៅបំពេញបេសកកម្មក្នុងប្រទេសទាំង៨នេះ ក្រោមឆត្រអង្គការសហប្រជាជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com