ជាតិ
សង្គមជាតិ
​ថ្នាក់រៀន​ដែល​មាន​សិស្សប្រុស និង​សិស្ស​ស្រី គោរព​​វិន័យបានល្អ ជាងរៀន​ដាច់ដោយឡែក
30, Dec 2020 , 10:59 pm        
រូបភាព
ទិដ្ឋភាព​ក្នុងថ្នាក់រៀនមួយដែលមាន​សិស្សស្រី និងសិស្សប្រុសរៀនជាមួយគ្នា។ ថតដោយ សែម វណ្ណា
ទិដ្ឋភាព​ក្នុងថ្នាក់រៀនមួយដែលមាន​សិស្សស្រី និងសិស្សប្រុសរៀនជាមួយគ្នា។ ថតដោយ សែម វណ្ណា
​ទស្សនា​វ​ដ្តី សាស្ត្រាចារ្យ​ឆ្នាំ​ទី​៥ លេខ​៨ ឆ្នាំ​១៩៦២ ក្នុង​ខ្ទង់ «​ចិត្ត​-​គរុកោសល្យ​» របស់ខ្លួន បាន​សរសេរ​ពី​ប្រសិទ្ធភាព​នៃ​ការដាក់​ឲ្យ​សិស្ស​ប្រុស និង​សិស្សស្រី រៀន​ក្នុង​ថ្នាក់​ជាមួយគ្នា ដោយ​លើកឡើងថា វិន័យ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​ពីគ្នា​។ ហេតុអ្វី​? ចម្លើយ​នោះ​គឺថា មកពី​មាន​តុល្យភាព​រវាង​ការលូតលាស់​ភេទ​ស្រី និង​ភេទ​ប្រុស​។



​ស្មេរ​នៃ​សមាគម​សាស្ត្រាចារ្យ បានកត់សម្គាល់​ឃើញថា ក្នុង​ថ្នាក់រៀន​ដែល​មានតែ​សិស្ស​ប្រុស ការ​លេងសើច​ពោរពេញ​ទៅដោយ​ពាក្យ​ខិលខូច កាយវិការ​លោត​ឆ្ដោ​ប្រមាល់ អាកប្បកិរិយា​រឹងរូស គ្មាន​អធ្យាស្រ័យ​។ ចំណែកឯ​ថ្នាក់រៀន មានតែ​ស្រី​វិញ គេ​ប្រទះ​ញឹកញាប់​នូវ​ការ​ខ្សឹបខ្សៀវ លាក់ពុត លាក់​គំនិត នូវ​ឫកពា​ម្ញិ​ក​ម្ញ៉​ក់ នូវ​ទឹកមុខ​នៅ​កញ្ចប់កញ្ចូវ នូវ​ការ​សម្រក់​ទឹកភ្នែក​ចំពោះមុខ​គ្រូ​។​

«​តាម​ទំនៀមទម្លាប់ ខ្មែរ​យើង​តែ​ចេញ​ក្រៅ​គ្រួសារ​កាលណា គេ​ចូលចិត្ត​បំបែក​ប្រុស​ដោយឡែក ស្រី​ដោយឡែក តាំងពី​អង្គុយ​ស្តាប់ធម៌​ទេសនា ចូល​រង​ទទួលទាន​បាយ​ឡើងទៅ​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទ​ស្ស​នាវ​ដ្តី គ្រូបង្រៀន កាលពី​ជិត​៦០​ឆ្នាំមុន​។​

​ប៉ុន្តែ​ជាមួយគ្នានេះ អត្ថបទ «​ចិត្ត​-​គរុកោសល្យ​» ដដែល បាន​លើកឡើងថា គរុកោសល្យ​ទំនើប មិន​និយម​បំបែក​ភេទ​យ៉ាងនេះ​ទេ​ក្នុងការ​អប់រំ​យុវជន​។ នៅពេល​រៀន​ក្នុង​វិទ្យាល័យ​-​អនុវិទ្យាល័យ ការលូតលាស់​សព៌ាង្គកាយ​កំពុងតែ​ពេញ​សន្ទុះ​ក្នុង​យុវជន ដែល​យើង​ហៅថា «​ឡើងខ្លួន​»​។ កាលណា​បើ​ឃើញ​គ្នា ព្រឹកល្ងាច ការទាក់ទង​រវាង​សិស្ស​ប្រុស និង​ស្រី មាន​លក្ខណៈ​ធម្មតា ស្មោះត្រង់​គួរសម​។​

​បើ​ចេះតែ​បង្អត់​មិន​ឲ្យ​ទាក់ទង​គ្នា ឬ​បិទបាំង​ច្រើនពេក យុវជន​រឹតតែ​ឆ្ងល់ និង​សង្ស័យ ហើយ​មាន​និន្នាការ​ចង់​។ បាតុភាព​ចេញមក គឺ​ជួនកាល ខ្មាសអៀន​ច្រើន គេច​មុខ​ពីគ្នា ថា​ជួនកាល​ជ្រើម​ពេក ឬ​ស្រើបស្រាល​រក​ជួបគ្នា​ដោយ​លួចលាក់​ទៅវិញ​។​

«​មិត្ត​យើង​ជា​សាស្ត្រាចារ្យ ប្រហែលជា​ធ្លាប់​ប្រទះ​នៅក្នុង​ថ្នាក់​ដែលមាន​តែ​សិស្ស​ប្រុសៗ គ្រាន់តែ​ថា និយាយ​អ្វីមួយ​ប៉ះពាល់​ទៅលើ​រូប​កាយ​ស្ត្រី ក៏​ស្រាប់តែ​ហ៊ោកញ្ជ្រៀវ​ឥត​សម​ហេតុផល​។ ពេល​ទៅ​សិស្ស​នារី​ប្រកួត​កីឡា គេ​សម្គាល់​ឃើញថា សិស្ស​ប្រុស​ដែល​ធ្លា​ប់រៀន​ជាមួយ​ស្រីៗ មានប្រតិកម្ម​ធម្មតា ជួយ​ទះដៃ លើកទឹកចិត្ត ប៉ុន្តែ​សិស្ស​ប្រុសៗ​ខ្លះ ដែល​មកពី​សាលា​គ្មាន​ស្រីៗ រៀន​ជាមួយ គិតតែ​គយគន់​រាងកាយ​គេ ហើយ​មាន​ពាក្យសំដី​ពុំ​សមរម្យ​»​។ នេះ​ជាការ​ការលើកឡើង​ក្នុង​សំណេរ​។​


​ក្របមុខនៃ​ទស្សនា​វ​ដ្តី សាស្ត្រាចារ្យ​ឆ្នាំ​ទី​៥ លេខ​៨ ឆ្នាំ​១៩៦២

ចាប់ពី​អាយុ​១៧ ទៅ​២០​ឆ្នាំ ការស្និទ្ធស្នាល​គ្នា​អាច​វិ​វត្ត​ទៅរក​មនោសញ្ចេតនា​ជ្រៅ​។ ចំនួន​តិច​ទេ​ដែល​មិត្តភាព​ក្លាយទៅជា​ការ​ប្រតិព័ទ្ធ ប៉ុន្តែ​ការ​ប្រតិព័ទ្ធ​រវាង​យុវជន​ដែល​ស្គាល់គ្នា​ពី​ដើម​មក មាន​គ្រោះថ្នាក់​តិចជាង​។ ករណីនេះ អ្នក​អប់រំ ត្រូវ​ចេះ​រក​វិធី​អប់រំ និង​ព្រមាន​ឲ្យ​បាន​ត្រឹមត្រូវ លើ​ការដាក់​កម្រិត​ព្រំដែន​នៃ​ភាពស្និទ្ធស្នាល​។ «​កុំ​ឲ្យ​គ្រាន់តែ​ចាប់​សំបុត្រ បាន​មួយ បង្អើល​គ្រូ និង​សិស្ស​មួយ​សាលា ព្រមទាំង​គ្រួសារ​សាមីខ្លួន​ទាំងពីរ រហូតដល់​នាំ​ឲ្យ​គ្នា​អាម៉ាសមុខ​»​។


ទិដ្ឋភាព​បង្រៀន​នៅ​ក្នុង​ថ្នាក់រៀនមួយ។ ថតដោយ សែម វណ្ណា

«​បើ​ឪពុកម្តាយ​សិស្ស​ណា​ចង់​អប់រំ​បុត្រី​លោក​ឲ្យ​ផុតពី​ភេទបុរស នោះ​ទុក​ឲ្យ​លោក​យក​បុត្រី​លោក​ទៅ​ផ្ញើ​ឯ​សាលា​យាយជី​តែម្តងទៅ​! »​។

​ទាំងនេះ​ជា​ខ្លឹមសារ​នៃ​សំណេរ «​ចិត្ត​-​គរុកោសល្យ​» ដែល​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​សាស្ត្រាចារ្យ កាលពី​ឆ្នាំ​១៩៦២​។ សារព័ត៌មាន​ថ្មីៗ យល់ឃើញថា ទោះបីជា​សង្គម​មានការ​ផ្លាស់ប្តូរ ផ្នត់គំនិត​មានការ​ប្រែប្រួល​ទៅតាម​ការវិវត្ត​បច្ចេកវិទ្យា​ក៏ដោយ ប៉ុន្តែ​ការដាក់​សិស្ស​ប្រុស និង​សិស្សស្រី​ឲ្យ​នៅ​រៀន​ជាមួយគ្នា​នៅតែ​ជា​ជម្រើស​ដ៏​ល្អប្រសើរ​៕






© រក្សាសិទ្ធិដោយ thmeythmey.com