COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ បញ្ចប់​ទំនាក់ទំនងរ​វាង​អាមេរិក​និង WHO ដែល​លោក​ចោទថា ជា​អាយ៉ង​ចិន​
30, May 2020 , 12:30 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: ថ្មីៗ
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៩ ខែមិថុនា បានប្រកាស​បញ្ចប់​ទំនាក់​ទំនង​រវាង​អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក (WHO) ដែល​នេះ​ស្មើនឹង​ការដក​អាមេរិក​ចេញពី​អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​។ ពី​សេត​វិមាន លោក ត្រាំ នៅតែ​ប្រកាន់​ជំហរ​ថា WHO ជា​អាយ៉ង​របស់​ចិន​។ ចំណែក​ទឹកប្រាក់​ដែល​អាមេរិក​ត្រូវ​ផ្ដល់​ឲ្យ​អង្គការ​នេះ លោក ត្រាំ បញ្ជាក់ថា នឹងត្រូវ​បង្វែរ​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេង​ដែលមាន​ប្រយោជន៍​វិញ​។​

 
​មិនមែន​គំរាម​ដើរចេញ​តែ​មាត់ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពិតជា​ធ្វើតាម​សម្ដី​មែន ដោយបាន​បញ្ចប់​ចំណងទាក់ទង​រវាង​អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក (WHO) ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​សួន Rose Garden នៃ​សេត​វិមាន លោក ត្រាំ អះអាងថា WHO បរាជ័យ​ក្នុងការ​ធ្វើកំណែទម្រង់​តាម​ការចង់បាន​របស់​លោក​ដែលមាន​ក្នុង​សំបុត្រ​ថ្ងៃទី​១៨ ខែឧសភា ហើយ​លោក​ក៏​ភ្ជាប់ WHO ទៅនឹង​ចិន​ពាក់ព័ន្ធ​ជំងឺ COVID-19 ទៀត​។​
 
​លោក ត្រាំ និយាយថា ចិន​មិន​អើពើ​កា​ត្វ​កិច្ច​របស់ខ្លួន​ដែល​ត្រូវ​រាយការណ៍​ទៅកាន់ WHO ពី​ជំងឺ COVID-19 ហើយ​ថែមទាំង​ដាក់​សម្ពាធ​លើ​អង្គការ​នេះ​ឲ្យ​បន្លំ​ព័ត៌មាន​ទៅកាន់​ពិភពលោក​ពេល​រកឃើញ​វីរុស​លើកដំបូង​ផងដែរ​។ លោក ត្រាំ ក៏​ឆ្លៀត​លើក​ពី​ការ​លម្អៀង​របស់​អង្គការ​នេះ​ទៅកាន់​ចិន ទោះ​ចិន​ផ្ដល់​លុយ​តិចជាង​អាមេរិក​ក្ដី​។​
 
«​ចិន​បាន​គ្រប់គ្រង​ពេញលេញ​លើ WHO ទោះ​ចេញ​លុយ​៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ធៀប​នឹង​អាមេរិក​ចំណាយ​ដល់​ទៅ​ប្រមាណ​៤៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ យើង​បាន​ដាក់ចេញ​ការធ្វើកំណែទម្រង់​ដែល​អង្គការ​នេះ​ត្រូវ​ធ្វើតាម និង​បាន​ទាក់ទង​ដោយផ្ទាល់​ថែមទៀត តែ​ពួកគេ​បដិសេធ​ធ្វើ​សកម្មភាព​។​» នេះ​ជាការ​លើកឡើង​របស់លោក ត្រាំ ក្នុង​សន្និសីទ​ថ្ងៃទី​២៩ ខែឧសភា ដោយ​សំដៅ​សំបុត្រ​ដែល​លោក​ផ្ញើ​ឲ្យ​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ។​
 
​ដោយសារ​មូលហេតុ​នេះ ទើប​លោក ត្រាំ សម្រេចចិត្ត​ផ្ដាច់ទំនាក់ទំនង​អាមេរិក និង WHO ហើយ​ផ្ទេរ​ថវិកា​ដែល​អាមេរិក​ត្រូវ​បង់​នោះ​ទៅ​ឲ្យ​វិស័យ​សុខភាព​សាធារណៈ​ដែល​ត្រូវការ​បន្ទាន់​វិញ​។ ការផ្ដាច់​វិភាគទាន នឹង​ផ្ដល់​ផលប៉ះពាល់​ខ្លាំង​ដល់ WHO ដែល​ត្រូវ​ការប្រាក់​ជួយ​ប្រទេស​ក្រីក្រ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ COVID-19 និង​វិបត្តិ​សុខាភិបាល​ដទៃទៀត​។ 
 
​ចាប់តាំងពី​ចូលកាន់​តំណែង​ប្រធានាធិបតី​រហូតដល់​ពេល​ជិត​ចប់​អាណត្តិ​នេះ លោក ត្រាំ បាន​ដក​អាមេរិក​ចេញពី​ស្ថាប័ន​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ជាច្រើន​ដូចជា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ យូណេស្កូ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​៕
 
 

Tag:
 អាមេរិក​
  WHO
  COVID-19
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com