ជាតិ
ពីនេះ ពីនោះ
ការធ្វើ​ចរាចរ​នៃ​ប្រភេទ​ត្រី​រៀល​អង្កាម និង​ត្រី​រៀល​តុ​ប​នៅក្នុង​ប្រព័ន្ធ​ទន្លេសាប​
30, May 2020 , 2:59 pm        
រូបភាព
​រូបភាព​៖ អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ
​រូបភាព​៖ អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ
ដោយ: ថ្មីៗ
*​ដោយ ចាន់ ប៊ុន​យ៉េត​
​ត្រី​រៀល​អង្កាម (Henicorhynchus lobatus) និង​ត្រី​រៀល​តុ​ប (H. siamensis) គឺជា​ប្រភេទ​ត្រី​ដែលមាន​សក្តានុពល និង​សារៈ​សំខាន់បំផុត​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​អាង​ទន្លេមេគង្គ ហើយ​ត្រី​ប្រភេទ​នេះ​មាន វិសាលភាព​តំបន់​រស់នៅ​ធំ​ទូលាយ និង​​ធ្វើ​ចរាចរណ៍​ក្នុង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​រវាង​តំបន់​នានា​នៅក្នុង​ទន្លេមេគង្គ​។ ប្រភេទ​ត្រី​ទាំងពីរ​នេះ ត្រូវបាន​គេ​យកទៅ​ផលិត​ទៅជា​ប្រភេទ​ត្រី​កែច្នៃ ដូចជា​ប្រហុក ផ្អក ត្រីឆ្អើរ និង​ទឹកត្រី​ជាដើម ដែលជា​ប្រភព​ប្រូតេអ៊ីន ដ៏​សំខាន់​សម្រាប់​សន្តិសុខ​ស្បៀង​ដល់​ប្រជាជន​ជាច្រើន​លាន​នាក់​ដែល​រស់នៅក្នុង​តំបន់​។ ទោះជា​យ៉ាងណាក៏ដោយ ព័ត៌មាន​អំពី​អេកូឡូស៊ី ឧទាហរណ៍ របាយ និង​ការ​បម្លាស់​ទី​តាម​ពេលវេលា​នៃ​ប្រភេទ​ត្រី​ទាំងពីរ​នេះ​នៅមានកម្រិត​នៅឡើយ​។


 
​ថ្មីៗ​នេះ ការសិក្សា​របស់​អ្នកស្រាវជ្រាវ​នៃ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បាន​រកឃើញថា ប្រភេទ​ត្រី​ទាំងពីរ​នេះ​បានបង្ហាញ​វត្តមាន​រួមគ្នា​ក្នុងពេល​តែមួយ  ប៉ុន្តែ​ការប្រមូលផ្តុំ និង​ការផ្លាស់​ទី គឺ​ត្រី​រៀល​តុ​ប​កើតឡើង​មុន​។ ការបង្ហាញ​វត្តមាន​ឡើងវិញ​ប្រចាំឆ្នាំ​នៃ​ប្រភេទ​ត្រី​នីមួយៗ​នេះ (​រយៈពេល​វែង​) ត្រូវបាន​រកឃើញ​នៅ​ភាគ​ខាងជើង​នៃ​បឹង​ទន្លេសាប ចន្លោះ​ពី​ខែតុលា​ដល់​ខែធ្នូ ខណៈពេលដែល​ការបង្ហាញ​វត្តមាន​ឡើងវិញ (​រយៈពេល​ខ្លី​) នៃ​ប្រភេទ​នីមួយៗ ត្រូវបាន​អង្កេត​ឃើញ​នៅ​ទន្លេសាប ចន្លោះ​ពី​ខែធ្នូ​ដល់​ខែកុម្ភៈ​។ លើសពីនេះទៅទៀត ក្រុម​អ្នកស្រាវជ្រាវ​របស់​យើង​បាន​រកឃើញថា បន្ទាប់ពី​ទឹក​បឹង​ទន្លេសាប​ស្រក ត្រី​រៀល​អង្កាម​ចាប់ផ្តើម​ផ្លាស់​ទី​ចេញពី​បឹង​មុន​ត្រី​រៀល​តុ​ប​។ ប៉ុន្តែ​ការផ្លាស់​ទី​ចេញ​នៃ​ត្រី​រៀល​អង្កាម ដែលមាន​ល្បឿន​ប្រហែល ២,៣ គ​.​ម​.​ក្នុង​មួយថ្ងៃ គឺ​យឺត​ជាង​ត្រី​រៀល​តុ​ប ដែលមាន​ល្បឿន​ប្រហែល​៧,៩ គ​.​ម​.​ក្នុង​មួយថ្ងៃ​។ ទោះបីជា​យ៉ាងណា​ក៍ដោយ ពួកវា​ផ្លាស់​ទី​ចេញ​ក្នុង​ល្បឿន​ប្រហាក់ប្រហែលគ្នា ប្រហែល​១៦ គ​.​ម​.​ក្នុង​មួយថ្ងៃ នៅពេលដែល​ពួកវា​បានធ្វើ​ចរាចរ​មកដល់​ទន្លេសាប​។ លំនាំ​ទាំងនេះ​ត្រូវបាន​គេ​រកឃើញថា​អាស្រ័យ​ទៅនឹង​ការប្រែប្រួល​នៃ​កម្រិត​កម្ពស់​ទឹក​នៅ​ទូទាំង​ប្រព័ន្ធ​នៃ​បឹង​ទន្លេសាប ហើយ​លំហូរ​ទឹក គឺជា​កត្តា​ចម្បង​មួយ​ដែលមាន​ឥទ្ធិពល និង​កំណត់​ចំពោះ​បម្រែបម្រួល​តាម​ទីតាំង និង​ពេលវេលា នៃ​ប្រភេទ​ត្រី​រៀល​នៅក្នុង​ប្រព័ន្ធ​បឹង​ទន្លេសាប​។ 
 
​ដូច្នេះ  ភាព​ទៀត​ទាត់​តាម​រដូវ​នៃ​របប​ទឹកទន្លេ មេគង្គ​គួរ​ត្រូវបាន​រក្សា​ឱ្យមាន​លំហូរ​ទៀងទាត់​ដើម្បី​រក្សា​និរន្ត​ភាព​នៃ​បម្រែបម្រួល​ធម្មជាតិ​នៃ​ប្រភេទ​ត្រី​ទាំងនេះ (​ឧទាហរណ៍​៖ ពេលវេលា​នៃ​ការលូតលាស់​ពី​កូន​ញាស់​មកដល់​ពេល​ពេញវ័យ ការប្រមូល​ផ្តុំគ្នា និង​ការផ្លាស់​ទី​)​។ ពេលវេលា​នៃ​ការធ្វើ​ចរាចរណ៍ និង​ល្បឿន​នៃ​ការ​ហែល​នៃ​ប្រភេទ​ត្រី​ទាំងពីរ​នេះ ដែល​បានបង្ហាញ​នៅក្នុង​ការសិក្សា​នេះ វា​អាចជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ការពិចារណា​ដើម្បី​រៀបចំតាក់តែង​បទ​ប្បញ្ញត្តិ ឬ​គោលនយោបាយ​ណាមួយ​ដើម្បី​គ្រប់គ្រង និង​ថែរក្សា ប្រភេទ​ត្រី​ទាំងពីរ​នេះ​អោយបាន​គង់វង្ស​៕
 
 
​ត្រី​រៀល​អង្កាម​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា 
 
 
​ត្រី​រៀល​តុ​ប​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា 

​សម្រាប់​ពត៌មាន​បន្ថែម សួ​ម​ចូល​អាន​នៅក្នុង​គេហទំព័រ​ខាងក្រោម​៖ 
     
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com