ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក​អនុម័ត​ថវិកា​១៥​លាន​ដុល្លារ សម្រាប់​គម្រោង​បណ្តុះបណ្តាល​គ្រូពេទ្យ​កម្ពុ​ជាមុន​ចូលធ្វើការ
30, May 2020 , 2:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
រូបភាពពីទំព័រហ្វេសប៊ុកសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រុមប្រឹក្សាភិបាល​នាយក​ប្រតិបត្តិ នៃ​ធនាគា​ពិភពលោក បានអនុម័ត​កញ្ចប់​ថ​វិកា​ចំនួន​១៥​លាន​ដុល្លារ​អាមេរិក​ដែលជា​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​(IDA) ដល់​គម្រោង​ពង្រឹង​ប្រព័ន្ធ​បណ្តុះបណ្តាល​គ្រូពេទ្យ មុនពេល​ចូល​បម្រើ​ការងារ (Cambodia Strengthening Pre-Service Education System for Health Professionals Project)​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​។ តាម​ប្រកាស​ព័ត៌មាន​ដដែល កញ្ចប់​ថវិកា​នេះ គឺ​នឹង​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ការ​បំប៉ន​ជំនាញ​ដល់​គ្រូពេទ្យ​មុន​ចូល​បម្រើ​ការងារ ដើម្បី​ឈានទៅ​កែលម្អ​គុណភាព​សេវា​ថែទាំ​សុខភាព ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរឡើង​។ 

 
​ប្រទេស​កម្ពុជា នៅ​ជួប​ការខ្វះខាត​គ្រូពេទ្យ​ជំនាញ​មានគុណ​វុឌ្ឍិ​ច្រើន ពិសេស​ក្នុង​ផ្នែក​សាធារណៈ​។ បើ​គិត​ជា​ចំនួន​វិញ មាន​វេជ្ជបណ្ឌិត​ចំនួន ១,៤​នាក់ និង​គិលានុបដ្ឋាយិកា និង​ឆ្មប​៩,៥​នាក់​តែប៉ុណ្ណោះ សម្រាប់​មនុស្ស ១០ ០០០​នាក់​។ លេខ​នេះ គឺ​នៅ​ទាប​មែនទែន បើ​ធៀប​ទៅនឹង​អត្រា​មាន​វេជ្ជបណ្ឌិត ៩​នាក់ និង​គិលានុបដ្ឋាយិកា ១៩​នាក់ សម្រាប់​មនុស្ស ១០ ០០០​នាក់ នៅក្នុង​ចំណោម​បណ្តា​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​កម្រិត​ទាប ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។   សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​បានបញ្ជាក់​ដូច្នេះ​។​
 
​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភព​បាន​ឲ្យ​ដឹង​ទៀតថា នៅ​កម្ពុជា វេជ្ជបណ្ឌិត​ច្រើនតែ​ធ្វើការ​នៅតាម​អគារ​ព្យាបាល​ជំងឺ​កម្រិត​ទី​ពីរ (​មធ្យម​) និង​កម្រិត​ទី​បី (​ខ្ពស់​)​។ រីឯ​អាគារ​ថែទាំ​កម្រិត​បឋម​វិញ មាន​បុគ្គលិក​សុទ្ធសឹងតែ​ជា​គិលានុបដ្ឋាយិកា​និង​ឆ្មប ជា​អ្នក​មើលថែទាំ​ជំងឺ​។ ចំណែក​វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ មាន​៦៣​ភាគរយ គឺ​បម្រើ​ការងារ​នៅតាម​មន្ទីរពេទ្យ​ខេត្ត ខណៈដែល​វេជ្ជបណ្ឌិត​ឯកទេស​ច្រើន​លើសលប់ គឺ​ដល់​ទៅ​៧៩​ភាគរយ ត្រូវបាន​គេ​ដាក់ពង្រាយ​នៅតាម​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​។  
 
​បើតាម​ធនាគារពិភពលោក ដើម្បី​ជួយ​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ គម្រោង​នឹង​ជួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​ក្រសួងសុខាភិបាល ក្នុងការ​ពង្រឹង​អភិបាលកិច្ច​ការអប់រំ​វិជ្ជាជីវៈ​ពេទ្យ ក្នុងនោះ​មានការ​ពង្រឹង​បទ​ប្បញ្ញត្តិ និង​ការធ្វើ​ស្តង់ដា​នីយកម្ម​សម្រាប់​ការអប់រំ​បណ្តុះបណ្តាល​គ្រូពេទ្យ​, ការប្រលង​សមត្ថភាព​ពេទ្យ​បញ្ចប់​ការសិក្សា​ថ្នាក់ជាតិ​, និង​ការ​ផ្តល់ជំនួយ​បច្ចេកទេស និង​ការដោះដូរ​ចំណេះដឹង​បទពិសោធន៍ ស្តីពី​ការអប់រំ​គ្រូពេទ្យ​ជំនាញ​។   
 
​គម្រោង​នេះ ក៏​នឹង​ជួយ​ដែរ​ដល់​ការអភិវឌ្ឍ និង​ការអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​តំបន់ នៅក្នុង​កម្មវិធី​គ្រូពេទ្យ​ជំនាញ​ចំនួន​៦ គឺ​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​, ផ្នែក​ទន្តសាស្ត្រ​, ផ្នែក​ឱសថ​សាស្ត្រ​, ផ្នែក​ថែទាំ​ង​ជំងឺ​, ផ្នែក​សម្រាលកូន​, និង​ផ្នែក​មន្ទីរពិសោធន៍​។ កម្មវិធី​ទាំងនេះ ត្រូវបាន​កំណត់​ជា​អាទិភាព​នៅក្នុង​យុទ្ធសាស្ត្រ​ផែនការ​ជាតិ ដែល​ត្រូវបាន​រៀបចំឡើង​កាលពីពេល​ថ្មីៗ​នេះ សម្រាប់​ការអប់រំ​បណ្តុះបណ្តាល​មុន​ចូល​បម្រើ​ការងារ នៅក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០២០-២០២៥​។  រាល់​ទិដ្ឋភាព​យេនឌ័រ និង​ទិដ្ឋភាព​បរិ​យាប​ន្ន​សង្គម នឹង​ត្រូវបាន​បញ្ជ្រាប​ចូល ទៅក្នុង​ការ​អ​ភ​វិ​ឌ្ឍ​រៀបចំ និង​ក្នុងការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ផ្អែកលើ​សមត្ថភាព​ទាំងនេះ នាពេលខាងមុខ​។ 
 
​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​៖«​ការវិនិយោគ​ទៅលើ​ការកសាង​សមត្ថភាព សម្រាប់​គ្រូពេទ្យ​ជំនាញ តាមរយៈ​ការ​បំប៉ន​ពួកគេ​ឱ្យ​ទទួលបាន​ចំណេះដឹង និង​ជំនាញ​កាន់តែ​ប្រសើរ ដើម្បី​ផ្តល់​សេវា​ក្នុងស្ថានភាព​មាន​គ្រោះ​បន្ទាន់ ដូចជា​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ និង​ការពង្រឹង​អភិបាលកិច្ច​វិស័យ​សុខាភិបាល គឺមាន​សារៈសំខាន់​ខ្លាំងណាស់ សម្រាប់​ប្រព័ន្ធ​ផ្តល់​សេវា​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​»​។  លោកស្រី​ពោល​បន្តទៀតថា​៖ «​ធនាគារពិភពលោក ប្តេជ្ញាចិត្ត​ជួយ​គាំទ្រ​កម្ពុជា ក្នុង​កិច្ចខិតខំ​កែលម្អ​សេវា​ថែទាំ​សុខភាព សម្រាប់​ប្រជាជន​កម្ពុជា ពិសេស​សម្រាប់​ជនក្រីក្រ និង​ក្រុម​ជន​ងាយ​រងគ្រោះ​បំផុត​»៕   
 
 

Tag:
 សុខាភិបាល​
 ​គ្រូពេទ្យ​
  ​ជំនួយ​
 ​ ធនាគារពិភពលោក​
  World bank
© រក្សាសិទ្ធិដោយ thmeythmey.com