ភ្នំពេញ៖ អ្នកបោះផ្សាយ បណ្ណាគារ និងអ្នកនិពន្ធ បានកត់សម្គាល់ឃើញថា ការលក់សៀវភៅ មានកំណើនឡើងបន្តិច ជាពិសេសការបញ្ជាទិញតាមអនឡាញ នៅក្នុងអំឡុងពេលកម្ពុជា ប្រឈមនឹងវិបត្តិកូវីដ-១៩។ កំណើននៃការបញ្ជាទិញសៀវភៅ ធ្វើឲ្យអ្នកបោះផ្សាយ និងអ្នកនិពន្ធ វាយតម្លៃថា ការអាននៅកម្ពុជា បានកើនឡើង នៅក្នុងសម័យកូវីដ-១៩នេះ។
ជាបន្តសូមអញ្ជើញស្តាប់បទយកការណ៍ ដែលរៀបចំដោយ លោក រ៉ឹម ភារី ដូចតទៅ៖
ពលរដ្ឋជាច្រើនបានស្នាក់នៅផ្ទះ ធ្វើការពីផ្ទះ ក្នុងអំឡុងពេលដែលកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់កាលពីអំឡុងខែកុម្ភៈ និងមីនាកន្លងទៅ។ បើទោះជាពេលនេះ ស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្រាលបន្តិចក្តី ពលរដ្ឋខ្លះក៏នៅបន្តស្នាក់នៅផ្ទះដដែល។ ក្រៅពីធ្វើការងារ ពលរដ្ឋមួយចំនួន បានចំណាយពេលអានសៀវភៅច្រើនជាងមុន។
លោក សេក ប៉ម គ្រូបង្រៀនម្នាក់នៅខេត្តកំពង់ចាម ដែលចូលចិត្តអានសៀវភៅតាំងពីដើមមក អះអាងថា លោកនៅតែបន្តអានសៀវភៅ ព្រោះនេះជាទម្លាប់របស់លោក។ ប៉ុន្តែក្នុងអំឡុងពេលសាលារៀនត្រូវបានបិទទ្វារបណ្តោះអាសន្ននេះ លោកបានបង្កើនការអានច្រើនជាងមុន ដោយសារតែលោកពេលទំនេរច្រើន។
មានសម្បុរសណ្តែកបាយ គ្រូបង្រៀនរូបនេះ បរិយាយយ៉ាងដូច្នេះថា៖ «តាំងពីដើមក ខ្ញុំចូលចិត្តអានសៀវភៅរហូតហើយ ប៉ុន្តែអំឡុងពេលជំងឺកូវីដ ខ្ញុំមានពេលទំនេរច្រើន ខ្ញុំចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រ សៀវភៅបែបទស្សនវិជ្ជា...»។
ក្រៅពីចូលចិត្តអានសៀវភៅ គ្រូជំនាញសីលធម៌ពលរដ្ឋវិជ្ជារូបនេះ បានសហការជាមួយបណ្ណាគារ ដើម្បីលក់សៀវភៅតាមអនឡាញ ដើម្បីជំរុញឲ្យយុវជនបានអានសៀវភៅកាន់តែច្រើន។
លោកប៉ម ថា ការលក់សៀវភៅអនឡាញ បានកើនឡើងបើធៀបមុនកម្ពុជា មានជំងឺកូវីដ-១៩។ លោកបន្តថា៖ «តាមអ្វីដែលលក់សៀវភៅក្នុងអំឡុងពេលហ្នឹង គឺមានគេទិញសៀវភៅយកទៅមើល បន្ទាប់ពីការងារត្រូវបានអាក់ខាន ហើយមានពេលទំនេរច្រើន។ និយាយឲ្យចំអ្នកដែលអានសៀវភៅជាទូទៅ គាត់មាននិស្ស័យចូលចិត្តអានតាំងពីដើមកហើយ ដែលធ្វើឲ្យគាត់ជំរុញការអានជាងមុន ស្របពេលដែលគាត់មានពេលទំនេរ ដើម្បីកែអផ្សុក គាត់ក៏ជាវសៀវភៅយកទៅអានបន្ថែម»។
ចំណែក លោក បួ បញ្ញា ដែលចូលចិត្តអានសៀវភៅជាប្រចាំដែរនោះ អះអាងថា ទោះមានជំងឺកូវីដ១៩ ឬគ្មានជំងឺនេះនៅកម្ពុជាក៏ដោយ តែលោកនៅតែបន្តការអានជានិច្ច។ ជាគ្រូបង្រៀនភាសាបារាំងក្រៅម៉ោង លោក បួ បញ្ញា និយាយថា៖ «ខ្ញុំមានផែនការក្នុងការអាន។ មួយអាទិត្យ ខ្ញុំអានមួយក្បាល ទោះកូវីដឬមិនមានកូវីដក៏ដោយ គ្រាន់តែថ្ងៃខ្លះឡើងដល់១០ថ្ងៃ ដោយសារមានការងារបន្ទាន់មក យើងពន្យាពេល។ តាមការវាយតម្លៃរបស់ខ្ញុំ ជាទូទៅ ខ្ញុំធ្វើបានល្អស្របតាមផែនការ ខ្ញុំធ្វើបានស្ទើរតែ៩០ភាគរយនៅក្នុងឆ្នាំ២០២០ហ្នឹង»។
ទាក់ទងនឹងចរន្តនៃការអានសៀវភៅនេះដែរ លោក គឹម ចាន់ណា ជាអ្នកនិពន្ធ និងជានាយកបោះពុម្ពផ្សាយសៀវភៅ Mind Books បានសង្កេតឃើញថា កំណើននៃការលក់សៀវភៅនៅគ្រឹះស្ថានរបស់លោកមានកើនឡើង បើទោះនៅតាមបណ្ណាគារហាក់ដូចមិនមានមនុស្សច្រើន ព្រោះភ័យខ្លាចជំងឺកូវីដ១៩ ប៉ុន្តែ អ្នកអានជាច្រើន បែរមកកម្ម៉ង់តាមអនឡាញ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមពិតទៅ អ្នកដែលបម្រុងអាន នៅតែអានអ៊ីចឹង! ហើយអ្នកដែលមិនអាន យើងក៏ពិបាកស្មានដែរ។ យ៉ាងហោច សម័យកូវីដ អ្នកដែលទំនេរ អាចបង្កើនខ្លួនឯងមានតែតាមរយៈការអាន បើសិនជាអ្នកអានតាំងពីដើម គេនឹងមានពេលអានកាន់តែច្រើន ព្រោះអី យើងសង្កេតឃើញថា ការលក់របស់យើងក្នុងសម័យកូវីដមិនចុះថយនោះទេ គឺចំនួនសៀវភៅដែលយើងលក់បាន មានចំនួនច្រើនដូចមុនចឹង។ ដូច្នេះ បានន័យថា សម័យកូវីដនេះ មនុស្សនៅតែអាន និងកាន់តែអានច្រើនជាងធម្មតា ព្រោះគេមានពេលទំនេរច្រើន»។
លោកបន្តថា៖ «ប្រទេសយើង ដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់មនុស្សម្នាក់ៗ មានស្ថានភាពលំបាកច្រើន ដូច្នេះ អ្នកអានច្រើនផ្តោតលើសៀវភៅដែលអាចអភិវឌ្ឍន៍ខ្លួន សៀវភៅថា ធ្វើម៉េចឲ្យអាចរកចំណូលបាន។ សៀវភៅប្រភេទហ្នឹង មានសន្ទុះលក់ច្រើនជាងសៀវភៅធម្មតា ច្រើនជាងសៀវភៅបែបទស្សនវិជ្ជា ចិត្តវិទ្យា លក់មិនបានច្រើនដូចសៀវភៅស្តីពីការអភិវឌ្ឍន៍ខ្លួន និងសៀវភៅរកចំណូលផ្នែកហិរញ្ញវត្ថុនោះទេ»។
ចំណែក លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា ក៏លើកឡើងមិនខុសពីលោក គឹម ចាន់ណានោះទេ។ លោក ហុក សុទ្ធិ ដែលធ្វើការងារលើការអាននៅកម្ពុជា បានអះអាងថា លោកសង្កេតឃើញ អំឡុងពេលកូវីដ១៩នេះ ការអានសៀវភៅនៅកម្ពុជាមានការកើនឡើង។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «សៀវភៅយើង ក្រៅពីចែកចាយទៅគ្រប់បណ្ណាល័យជាង៤០០កន្លែង យើងដាក់លក់ដល់ដៃគូអង្គការមួយចំនួន។ យើងដាក់លក់នៅបណ្ណាគារធំៗស្ទើរតែទាំងអស់នៅភ្នំពេញ ឯនៅបាត់ដំបង និងសៀមរាបមានខ្លះដែរ។ ហើយរយៈពេលកូវីដហ្នឹង មានអង្គការដៃគូយើងគាត់បញ្ជាទិញមកច្រើនដែរ សម្រាប់បម្រើលើកម្មវិធីរបស់គាត់។ ខ្ញុំនិយាយនេះ ខ្ញុំនិយាយពីការ Order តាមរយៈអង្គការផ្សេងៗដែលធ្វើការក្នុងវិស័យការអប់រំជាមួយក្រសួងអប់រំដែលជួយដល់កុមារជាពិសេស។ ចំណែក ការទិញពីប្រជាជនទូទៅ មិនសូវមានទៅវិញ ដោយសារគាត់មិនសូវដើរ គាត់មិនសូវហ៊ានចេញពីផ្ទះ។ ស៊ីប៉ាមិនលក់តាមអនឡាញទេ តែមានដៃគូមួយចំនួន ដែលផ្សាយសៀវភៅស៊ីប៉ាតាមអនឡាញ គាត់order ពីយើងបន្តហ្នឹងច្រើនជាងពីមុន»។
អំឡុងពេលកូវីដ១៩នេះ ទាំងលោក ហុក សុទ្ធិ និង លោក គឹម ចាន់ណា បានស្នើឲ្យ សិស្សានុ សិស្ស និងសាធារណជន ចំណាយពេលវេលាទំនេរអានសៀវភៅឲ្យបានច្រើន ព្រោះការអានសៀវភៅ ក្រៅពីទទួលបានចំណេះដឹង វាជាផ្នែកមួយជួយមនុស្សឲ្យបំបាត់ការធុញថប់ ជំនួយខួរក្បាល និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តទៀតផង៕