កីឡាជាតិ
អន្តរជាតិ
RICE វិធីសាស្ត្រ​ព្យាបាល​ការ​ថ្លោះ គ្រិច ហើម​សម្រាប់​អ្នកលេង​កីឡា​អាជីព និង​ទូទៅ​
30, May 2020 , 7:59 pm        
រូបភាព
​នៅក្នុង​កីឡា​គ្រប់​ប្រភេទ កីឡាករ កីឡាការិនី​តែងតែ​ជួបប្រទះ​របួសស្រាល ឬ​ធ្ងន់ ទោះជា​ក្នុងអំឡុងពេល ឬ​ក្រោយ​ការហ្វឹកហាត់ និង​ប្រកួត​ក៏ដោយ​។ មិន​ថា​កីឡាករ​អាជីព​នោះទេ សូម្បីតែ​អ្នកលេង​កីឡា​ដើម្បី​សុខភាព​ក៏​នឹង​ជួប​បញ្ហា​របួស​ដូចគ្នា​ដែរ​។​


​សម្រាប់​អ្នកលេង​កីឡា​ភាគច្រើន មិន​ថា​បាល់ទះ បាល់ទាត់ និង​វាយ​សី​ជាដើម​នោះទេ តែងតែ​រងរបួស​ត្រង់​កជើង ឬ​ត្រង់​កន្លែង​ផ្សេងទៀត​។ អាការ​បែបនេះ គ្រូពេទ្យ​នឹង​ផ្តល់យោបល់​ឲ្យ​ប្រើ​វិធីសាស្ត្រ ដោយ​ឲ្យ​អ្នករងរបួស​សម្រាក ស្អំ​ទឹកកក រុំ​ឬ​រឹត​ឲ្យ​តឹង​ល្មម និង​កល់​ឲ្យ​ខ្ពស់​ត្រង់​កន្លែង​ដែល​ឈឺ​នៅពេល​សម្រាក​។ 
 
​វិធី​ព្យាបាល​ក្នុងដំណាក់កាល​ដំបូង​នេះ​គេ​ឲ្យ​ឈ្មោះថា RICE​។ វិធីសាស្ត្រ RICE គឺជា​បច្ចេកទេស​ថែទាំ​ខ្លួនឯង​សាមញ្ញៗ​ដែល​ជួយ​កាត់បន្ថយ​ការ​ហើម បំបាត់​ការឈឺចាប់ និង​បង្កើនល្បឿន​ព្យាបាល​ឲ្យ​ឆាប់​ជា​ផងដែរ​។ 
 
RICE មកពី​ពាក្យ​ផ្សំ ហើយ​តួអក្សរ​នីមួយៗ​មាន​ពាក្យ​ពេញ​របស់​វា​ដូចខាងក្រោម​៖
R = Rest = សម្រាក​
I = Ice​ = ទឹកកក (​ស្អំ​)
C = Compression = រឹត (​រុំ រឹត​កន្លែង​ហើម​តឹង​ល្មម​)
E = Elevation​ = លើក​អោយ​ខ្ពស់ (​កល់ លើក​កន្លែង​ដែល​ឈឺ​ឲ្យ​ខ្ពស់​នៅពេល​សម្រាក​)

  
 
​អ្នក​អាច​ព្យាបាល​របួសស្រាល​ដោយ​ប្រើ​វិធីសាស្ត្រ RICE នេះ​នៅផ្ទះ​ខ្លួនឯងបាន ប្រសិនបើ​អ្នករងរបួស​ត្រង់​ជង្គង់ កជើង កែងជើង ឬ​កដៃ​បន្ទាប់ពី​លេង​កីឡា​រួច​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​ការឈឺចាប់ ឬ​ហើម​កាន់តែ​ធ្ងន់ធ្ងរ​សូម​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់​។ វិធីសាស្ត្រ​ព្យាបាល​នេះ ត្រូវបាន​កីឡាករ​អាជីព​ទូទាំង​ពិភពលោក​អនុវត្ត​មកទល់​សព្វថ្ងៃ​៕
 







 

 

Tag:
 RICE
  Sport
© រក្សាសិទ្ធិដោយ thmeythmey.com