COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អធិការបតី​អាល្លឺម៉ង់ មឺ​ហ្គែ​ល បដិសេធ​ការអញ្ជើញ​ចូលរួម​ជំនួប G7 ដោយផ្ទាល់​នៅ​អាមេរិក
30, May 2020 , 4:54 pm        
រូបភាព
អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ជជែកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលកន្លងមក។ រូបភាព AFP
អធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល ជជែកជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាពេលកន្លងមក។ រូបភាព AFP
​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល នឹងមិន​ចូលរួម​ជំនួប​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) នៅ​អាមេរិក​ឡើយ​ព្រោះ​បារម្ភ​ពី​ស្ថានភាព​ជំងឺ COVID-19 ។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ បន្ទាប់ពី​មានការ​ផ្សាយ​ពី​ការបដិសេធ​សំណើ​អញ្ជើញ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​មេដឹកនាំ​អាល្លឺម៉ង់​។ ជំនួប​ទល់មុខ​នេះ ត្រូវបាន​លោក ត្រាំ គ្រោង​ធ្វើ​នៅ​សេត​វិមាន និង​និវេសនដ្ឋាន Camp David ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​។

 
​ជំងឺ COVID-19 បង្ខំ​ឲ្យ​អាមេរិក​ដែលជា​ប្រធាន​ប្ដូរ​វេន​ក្រុម​ប្រទេស​ជឿនលឿន​ទាំង​៧ (G7) ប្ដូរ​របៀប​ប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​និវេសនដ្ឋាន Camp David ក្នុង​រដ្ឋ Maryland ទៅជា​ជំនួប​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ សំដៅ​បញ្ចៀស​ការឆ្លង​ទ្រង់ទ្រាយ​ធំ​។  ប៉ុន្តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​សប្ដាហ៍​មុន បែរជា​បង្ហាញ​បំណង​រៀបចំ​ជំនួប G7 ទល់មុខ​ឡើងវិញ ដោយមាន​សេត​វិមាន​ជាទី​ប្រជុំ​ធំ ហើយ​កម្មវិធី​ខ្លះ​ធ្វើ​នៅ Camp David ។​
 
​យ៉ាងណាមិញ មេដឹកនាំ​ប្រទេស​សមាជិក G7 ម្នាក់​ចេញមុខ​មិន​ទៅ​អាមេរិក​ហើយ​។ អធិប​កា​រប​តី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល បាន​បដិសេធ​ការអញ្ជើញ​របស់លោក ត្រាំ ដើម្បី​ចូលរួម​ជំនួប​ទល់មុខ​នៅ​អាមេរិក​ដោយសារ​វិបត្តិ COVID-19 ។ 
 
«​មក​ត្រឹម​ថ្ងៃនេះ ដោយ​ពិចារណ​លើ​ស្ថានភាព​ជំងឺ​ទូទៅ អ្នកស្រី​មិនអាច​យល់ព្រម​ដើម្បី​ចូលរួម​ដោយផ្ទាល់​ឡើយ​ក្នុង​ដំណើរ​ទៅកាន់​វ៉ាស៊ីនតោន​ឡើយ​។​» នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​នៅ​ថ្ងៃទី​៣០ ខែឧសភា​។ វា​ក៏​ដូចគ្នា​នឹង​ព័ត៌មាន​ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន Politico ជុំវិញ​ការបដិសេធ​របស់​អ្នកស្រី មឺ​ហ្គែ​ល ផងដែរ​។ អ្នកនាំពាក្យ​ដដែល​បន្តថា រដ្ឋាភិបាល​អាល្លឺម៉ង់ អរគុណ​អាមេរិក​ចំពោះ​ការអញ្ជើញ​នេះ​។​
 
​ក្នុង​វ័យ​៦៥​ឆ្នាំ អ្នកស្រី មឺ​ហ្គែ​ល ជា​មេដឹកនាំ​ចាស់​ពីរ​ក្នុង​ជួរ​មេដឹកនាំ G7 បន្ទាប់ពី​លោក ត្រាំ ដែលមាន​អាយុ​៧៣​ឆ្នាំ​។ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ក៏មាន​អាយុ​៦៥​ឆ្នាំ​ដែរ ប៉ុន្តែ​ប្អូន​អ្នកស្រី មឺ​ហ្គែ​ល ប៉ុន្មាន​ខែ​។ មេដឹកនាំ​ទាំងបី ស្ថិត​ក្នុងចំណោម​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ងាយ​ប្រឈមមុខ​ការឆ្លង​វីរុស​។ អាមេរិក បារាំង អាល្លឺម៉ង់ ជប៉ុន កាណាដា អ៊ីតាលី និង​អង់គ្លេស ជា​សមាជិក G7 ។​
 
​ខណៈ​អ្នកស្រី មឺ​ហ្គែ​ល ផ្ដល់​ចម្លើយ​ទេ​ជាស្រេច មេដឹកនាំ​ឯទៀត​បានផ្ដល់​សញ្ញា​វិជ្ជមាន​។ នៅ​ថ្ងៃទី​២៩ ខែឧសភា សេត​វិមាន​ប្រកាសថា លោក ត្រាំ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន ឯកភាពគ្នា​ពី​សារសំខាន់​ក្នុងការ​រៀបចំ​ជំនួប​ទល់មុខ​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ វិញ​ធ្លាប់​និយាយថា ជំនួប​ទល់​ណាមួយ ត្រូវ​ផ្ដល់​អាទិភាព​លើ​បញ្ហា​សុខភាព ខណៈ​វិមាន Elysée ប្រកាសថា លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏​អាច​ទៅ​អាមេរិក​ដែរ បើ​លក្ខខណ្ឌ​សុខភាព​អនុញ្ញាត​៕
 
 
 
 
 

Tag:
 អាល្លឺម៉ង់​
  អាមេរិក​
  G7
© រក្សាសិទ្ធិដោយ thmeythmey.com