COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ ប្រកាស​លើក​ពេល​កិច្ចប្រជុំ G7 ដែល​គ្រោង​ធ្វើ​ខែក្រោយ​
31, May 2020 , 10:47 am        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ និយាយទៅកាន់អ្នកសារព័ត៌មានលើយន្តហោះ Air Force One ។ រូបភាព AFP
ប្រធានាធិបតី ដូណាល់ ត្រាំ និយាយទៅកាន់អ្នកសារព័ត៌មានលើយន្តហោះ Air Force One ។ រូបភាព AFP
​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) ដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនា​ខាងមុខ ត្រូវ​លើក​ពេល​បន្តទៀត​។ ជាមួយគ្នានេះ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ចង់​ហៅ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​មួយចំនួនទៀត​ឲ្យ​ចូលរួម​ក្នុងនេះ​នៅ​ថ្ងៃ​ខាងមុខ​ផងដែរ ដោយ​អះអាងថា ទម្រង់​របស់ G7 បច្ចុប្បន្ននេះ បាន​ហួស​សម័យ​ហើយ​។

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​លើក​ពេល​កិច្ចប្រជុំ​មេដឹកនាំ​ក្រុម​ប្រទេស G7 ដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនា​ទៅកាន់​កញ្ញា​អំឡុង​ជំនួប​មហាសន្និបាត​អង្គការ​ស​ប្រជាជាតិ ឬ​កាលបរិច្ឆេទ​ក្រោយៗ​ទៀត​។ ពីដំបូង កិច្ចប្រជុំ​នៅ​ខែក្រោយ​នេះ គ្រោង​ធ្វើតាម​ប្រព័ន្ធ​អន​ឡាញ តែ​ក្រោយមក លោក ត្រាំ ក៏​ចង់​រៀបចំ​ជំនួប​ទល់មុខ​វិញ​នៅ​សេត​វិ​មា​ផ្ទាល់ បើទោះជា​ជំងឺ COVID-19 កំពុង​រាលដាល​ខ្លាំង​នៅ​អាមេរិក​ក្ដី​។​
 
​ប្រាប់​អ្នកសារព័ត៌មាន​លើ​យន្តហោះ Air Force One ក្នុង​ដំណើរ​ពី​រដ្ឋ​ផ្លរីដា​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន លោក ត្រាំ និយាយថា កិច្ចប្រជុំ G7 ដែលមាន​សមាជិក​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជាងគេ​លើ​លោក គឺមាន​ហួស​សម័យ​ហើយ​សម្រាប់​ទម្រង់​សព្វថ្ងៃ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ត្រាំ និយាយថា​៖ «​ខ្ញុំ​លើក​កិច្ចប្រជុំ ព្រោះ​ខ្ញុំ​មិនមាន​អារម្មណ៍​ថា G7 តំណាង​ឲ្យ​អ្វីដែល​កំពុង​កើតឡើង​ឡើយ​។​»
 
​បច្ចុប្បន្ន សមាជិក G7 មាន​អាមេរិក បារាំង ជប៉ុន អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និង​កាណាដា​។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​អះអាងថា លោក​ចង់​អញ្ជើញ​ប្រទេស​មួយចំនួនទៀត​ឲ្យ​ចូលរួម​ក្នុងជំនួប​នេះ​ដូចជា​អូស្ត្រាលី ឥណ្ឌា និង​កូរ៉េខាងត្បូង​ជាដើម​។ កន្លងទៅ លោក ត្រាំ ក៏មាន​ចេតនា​ចង់​ហៅ​រុស្ស៊ី​ឲ្យ​ចូលប្រជុំ G7 ខណៈ​រុស្ស៊ី​ជា​សមាជិក​ចាស់​មួយ ដែល​ត្រូវបាន​បណ្ដេញចេញ​ក្រោយ​ការភ្ជាប់​តំបន់​គ្រី​មេ​ពី​អ៊ុយ​ក្រែ​ន​។ លោក ត្រាំ ចាត់ទុក​រុស្ស៊ី​ជា​តួអង្គ​មិនអាច​ខ្វះ​សម្រាប់​កិច្ចការ​ពិភពលោក​។​
 
​យ៉ាងណាមិញ លោក ត្រាំ មិន​និយាយ​ឲ្យ​បាន​ច្បាស់​ថា លោក​គ្រាន់តែ​ចង់​អញ្ជើញ​ប្រទេស​ទាំងនោះ​ឲ្យ​ចូលរួម​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សព្វថ្ងៃ​មាន​ជំងឺ COVID-19 ជាដើម ឬក៏​ជាការ​ពង្រីក​សមាជិកភាព G7 ឲ្យ​កាន់តែច្រើន​។ អ្នកស្រី Alyssa Farah អ្នកនាំពាក្យ​សេត​វិមាន​ម្នាក់ អះអាងថា ជំនួប​នៅពេល​ខាងមុខ នឹងមាន​សម្ព័ន្ធមិត្ត​អាមេរិក​ចូលរួម ដោយ​ផ្ដោត​សំខាន់​លើ​ប្រធានបទ​ចិន​តែម្ដង​។ 
 
​កន្លងទៅ លោក ត្រាំ បាន​រិះគន់​ចិន​មិន​សំចៃមាត់​ឡើយ​ទាក់ទង​ការគ្រប់គ្រង​ជំងឺ COVID-19 នៅ​ដំណាក់កាល​ដំបូង​រហូត​បណ្ដាល​ឲ្យ​ជំងឺ​នេះ​រាតត្បាត​ពេញ​ពិភពលោក​។ ជាមួយនឹង​ការប្រមូល​សម្ព័ន្ធមិត្តរ​បស់​ខ្លួន អាមេរិក​ទំនង​ចង់រក​ជំហរ​រួមគ្នា​ដើម្បី​តទល់​នឹង​ចិន​៕ 
 
 

Tag:
 អាមេរិក​
  G7
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com