ចលនាបាតុកម្មទាមទារយុត្តិធម៌ជូនបុរសអាមេរិកដើមកំណើតអាហ្វ្រិកនៅក្រុង Minneapolis ដែល បានស្លាប់បាត់បង់កាលជីវិតដោយសារទង្វើអមនុស្សធម៌របស់មន្ត្រីប៉ូលិសស្បែកសកាលពីដើមសប្តាហ៍កន្លងទៅ កំពុងប្រែក្លាយកុបកម្មហិង្សា និងបង្ខំឲ្យមានការប្រើប្រាស់កម្លាំងបាយបំបែកបាតុករយ៉ាងចាស់ដៃពីសំណាក់អាជ្ញាធរផង។ ការប្រមូលផ្តុំកម្លាំងទ្រង់ទ្រាយធំរបស់ពលរដ្ឋប្រឆាំងតវ៉ានឹងអាជ្ញាធរ និងទាមទារកែទម្រង់ប្រព័ន្ធដឹកនាំដែលនៅជាប់កម្អែល«រើសអើងពូជសាសន៍ពណ៌សម្បុរស្បែក» ជាពិសេស ប្រជាជនស្បែកខ្មៅ នៅតែបន្តផុសផុលឡើង ហើយករណីនេះក៏បានអង្រួនអារម្មណ៍ ប្រជាជនទូទាំង ពិភពលោក ឲ្យងាកមកចាប់អារម្មណ៍លើការរើឡើងនៃ«ដំបៅចាស់» ដែលពិបាកព្យាបាលឲ្យជាដាច់ពីសង្គមនៃប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិកដែរ។ តើបញ្ហាដ៏ចម្រូងចម្រាសមួយនេះមានសាវតាបែបណា?
ចលនាបាតុកម្មប្រែក្លាយជាកុបកម្មដោយមានការប៉ះទង្គិចគ្នាន់តែខ្លាំងឡើងរវាងក្រុមបាតុករទាមទារយុតិ្តធម៌ដល់បុរសស្បែកខ្មៅម្នាក់ នៅយប់ថ្ងៃសៅរ៍ថ្ងៃ ៣០ខែឧសភា នៅតាមបណ្តាទីក្រុងធំជាពិសេសនៅក្រុង Minneapolis នៃរដ្ឋមីនីសូតាដែលជាទីតាំងដែលករណីរើសអើងពូជសាសន៍ពណ៌សម្បុរស្បែកថ្មីបំផុត មួយក្នុងប្រវត្តិសាស្ត្រអាមេរិកបានកើតឡើងកាលពីដើមសប្តាហ៍កន្លងទៅ។
ករណីបែបនេះនៅតែកើតឡើងបាន បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា រដ្ឋបាលលោក នឹងប្រើប្រាស់ កម្លាំងបញ្ឈប់រាល់ចលនាហិង្សាដែលបង្កភាពចលាចល និងបំផ្លាញសណ្តាប់ធ្នាប់សាធារណៈក៏ដោយ។
«យើងមិនអាច និងមិនត្រូវអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជនមួយក្តាប់តូចនេះបំផ្លាញទីក្រុង និងកម្ទេចសហគមន៍របស់យើងទេ»។ លោក ត្រាំ ថ្លែងបែបនេះ ដោយឆ្លៀតបន្ទោសក្រុមនយោបាយឆ្វេងនិយមជ្រុលថាជាអ្នកដែលបង្កឲ្យហិង្សានិងភាពចលចលនេះកើតឡើងដែរ។
«រដ្ឋបាលខ្ញុំនឹងបញ្ឈប់បាតុកម្មហិង្សា។ យើងក៏នឹងបញ្ឈប់ភ្លាមៗតែម្តង»។ ត្រាំ សង្កត់ធ្ងន់ដូច្នេះ បើតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងធំៗដែលគេសង្កេតឃើញថាមានចលនាបាតុកម្មលាយឡំនឹងអំពើហិង្សាទាមទារការបញ្ឈប់ការរើសអើងពូជសាសន៍និងទទួលខុសត្រូវចំពោះទង្វើព្រៃផ្សៃរបស់អាជ្ញាធរប៉ូលិសលើជនស្លូតត្រង់ដើមកំណើតអាហ្វ្រិកកើតឡើងមានដូចជា ទីក្រុង Los Angeles, Atlanta និងទីក្រុង Philadelphia។ ដោយសារមាន ការប្រើប្រាស់ហិង្សានៅទីក្រុង Los Angeles គេឃើញអាជា្ញធរបានប្រកាសដាក់បម្រាមគោចរដែល រឹតត្បិតការធ្វើដំណើរ ពីម៉ោង ប្រាំបីយប់ថ្ងៃសៅរ៍ រហូតដល់ម៉ោងប្រាំ កន្លះព្រឹកថ្ងៃអាទិត្យ ខណៈដែលក្រុង Atlanta ដាក់កំហិតពីម៉ោង ប្រាំបួន យប់រហូតដល់ថ្ងៃរះ។
ចំណែកនៅរដ្ឋមីនីសូតាដែលជាកន្លែងរឿងហេតុចាប់ផ្តើមនោះ អភិបាលរដ្ឋលោក Tim Walz បានបញ្ជាឲ្យពង្រាយកងឆ្មាំការពារជាតិបន្ថែមពីថ្ងៃសៅរ៍ ដោយសារចលនាបាតុកម្មនេះឈានដល់ថ្ងៃទីប្រាំ ហើយអភិបាល រដ្ឋរូបនេះឆ្លៀតព្រមានកម្ទេចក្រុមបង្កចសន្តិសុខថែមទៀត ដ្បិតថា ចលនាហិង្សា ផ្ទុះខ្លាំងឡើង នៅទីនោះចាប់តាំងពីយប់ថ្ងៃសុក្រម្ល៉េះ។
តាមពិតទៅដើមហេតុដែលដុតកំហឹងប្រជាជនឲ្យចូលរួមចលនាបាតុកម្មទ្រង់ទ្រាយធំប្រឆាំងសមត្ថកិច្ចអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងរងគ្រោះដោយសារមេរោគរាតត្បាតកូរ៉ូណានេះគឺ ផ្តើមចេញពីករណីស្លាប់ដ៏អយុត្តិធម៌មួយរបស់បុរសអាមេរិកអភ័ព្វម្នាក់ឈ្មោះ ចច ហ្វ្លយ (George Floyd) ដែលមានដើមកំណើតអាហ្វ្រិកកាលពីថ្ងៃ ២៥ ខែឧសភា។
ហេតុអ្វីការស្លាប់របស់ ចច ហ្វ្លយ បញ្ឆេះកំហឹងប្រជាជនអាមេរិកនិងអង្រួនអារម្មណ៍មនុស្ស ពាសពេញពិភពលោក?
ស្ថិតក្នុងវ័យ ៤៦ឆ្នាំ ចច ហ្ល្វយ បានប្តូរលំនៅពីទីក្រុង Houston នៃរដ្ឋតិចសាស មករស់នៅក្រុង Minneapolis នៃរដ្ឋមីនីសូតារយៈពេលប្រហែលពីរទៅបីឆ្នាំប៉ុណ្ណោះ មុនមានរឿងហេតុកើតឡើង។
ពេលរស់នៅទីកន្លែងថ្មី បុរសរូបនេះប្រកបការងារជាជាសន្តិសុខ។ ប៉ុន្តែលោកមានវាសនាមិនខុសពីប្រជាជនអាមេរិកជាង ៤០ លាននាក់ផ្សេងទៀតទេ ដោយបានបាត់បង់ការងារ និងប្រាក់ចំណូល ព្រោះតែមេរោគរាតត្បាតកូវីដ ១៩កន្លងមក។
ត្រឡប់មកសាច់រឿងសំខាន់ដែលបណ្តាលឲ្យហ្វ្លយស្លាប់បាត់បង់ជីវិតវិញម្តង។ ដើមហេតុចម្បងគឺ ផ្តើមចេញពីលុយក្រដាស ២០ ដុល្លារមួយសន្លឹកដែល ហ្វ្លយប្រើប្រាស់ដើម្បីទិញបារីនៅហាង មួយកាលពីល្ងាចថ្ងៃចន្ទ។ បុគ្គលិកនៅក្នុងហាងបានរាយការណ៍ និងសុំអន្តរាគមន៍ប៉ូលិស ដោយសង្ស័យថា ហ្វ្លយ ប្រើប្រាស់លុយក្លែងក្លាយ។
បើតាមសម្តីរបស់បុគ្គលិកដែលបាននិយាយក្នុងពេលទំនាក់ទំនងទៅកាន់លេខ ៩១១ ដើម្បីសុំអន្តរាគមន៍ ពីសមត្ថកិច្ច បុគ្គលិកហាងបានទាមទារ យកបារីមកវិញដោយឲ្យលុយដែលខ្លួន សង្ស័យថា ក្លែងក្លាយ ត្រឡប់ទៅវិញ ប៉ុន្តែហ្វ្លយបដិសេធ។ បុគ្គលិកខាងលើថែមទៀតបន្ថែមទៀតថា៖ ហ្វ្លយហាក់ ស្ថិត«ក្នុងស្ថានភាពស្រវឹង និងបាត់ម្ចាស់ការ» ថែមទៀតផង។
បន្តិចក្រោយមក ប៉ូលិសពីរនាក់មកដល់ហាងដើម្បីអន្តរាគមន៍ ដោយប៉ុនប៉ងចាប់ហ្វ្លយដាក់ខ្នោះដៃ ប៉ុន្តែហ្វ្លយព្យាយាមរើបម្រះមិនឲ្យប៉ូលិសដាក់ខ្នោះដៃខ្លួនឡើយ។ យ៉ាងណាក៏ដោយ ប៉ូលិសនៅអាច
ដាក់ខ្នោះហ្វ្លយបាន ហើយអះអាងថា ការចាប់ខ្លួនធ្វើឡើងដោយសារហ្វ្លយប្រើប្រាស់លុយក្លែងក្លាយ។
បន្ទាប់មកទៀត ប៉ូលិសព្យាយាមរុញបុរសស្បែកខ្មៅក្នុងឡាន ប៉ុន្តែហ្វ្លយដួលទ្រោប នឹងដីដោយ ប្រាប់បូលីសថា ខ្លួនកើតជំងឺភ័យខ្លាចទីកន្លែងដែលចង្អៀតបិទជិត។ បន្តិចក្រោយមក មន្ត្រីប៉ូលិសម្នាក់ទៀតដែលជាជនល្មើសដែលបង្កឲ្យហ្វ្លយស្លាប់ Darek Chauvin អមជាមួយមន្ត្រីប៉ូលិសផ្សេងទៀត មកដល់ដើម្បីជួយអន្តរាគមន៍។ ប៉ូលិសទាំងនោះព្យាយាមចាប់ហ្វ្លយដែលដៃជាប់ខ្នោះបញ្ចូលក្នុងឡាន រហូតធ្វើឲ្យ បុរសនេះធ្លាក់ពោបទៅលើដីជាថ្មីទៀត ដែលពេលនោះហើយដែលហេតុការណ៍ ដ៏អាក្រក់នេះ ចាប់ផ្តើមឡើង។
យោងតាមខ្សែអាត់វីដេអូដែលថតនិងចែកចាយពាសពេញបណ្តាញសង្គមដោយ សាក្សីជាច្រើននាក់ នៅកន្លែងកើតហេតុផ្ទាល់ មន្ត្រីប៉ូលិស ស្បែកស Chauvin ដាក់ជង្គង់ឆ្វេងពីលើក្បាល និងក របស់ហ្វ្លយដែលធ្វើឲ្យហ្វ្លយដកដង្ហើមមិនរួច។
«ខ្ញុំមិនអាចដកដង្ហើមបានឡើយ»។ ហ្វ្លួយប្រាប់ទៅកាន់ប៉ូលិស Chauvin ម្តងហើយម្តងទៀត ដោយអមជាមួយពាក្យទទូចអង្វរករជាបន្តបន្ទាប់ឲ្យប៉ូលិសរូបនេះដកជង្គង់ចេញ។ យ៉ាងណាមិញ ពាក្យអង្វរងោចៗសុំតែរស់របស់ស្បែកខ្មៅដែលដៃកំពុងជាប់ខ្នោះឡើយនេះ មិនបានទាក់ទាញក្តីអាណិត ឬសណ្តោសប្រណីណាមួយពីមន្ត្រីប៉ូលិសខាងលើឡើយ។ ប្រាំបីនាទី និង ៤៦ វិនាទីគត់ ដែល Chauvin ផ្អឹបជង្គង់ខ្លួនលើករបស់ហ្វ្លយ ហើយវាលើសពីល្មមដែលធ្វើឲ្យមនុស្សម្នាក់ដាច់ដង្ហើមបាន។
ក្រោយលែងដឹងខ្លួនបាត់មាត់បាត់ក ហ្វ្លុយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ប៉ុន្តែ មួយម៉ោងក្រោយមក ខាងពេទ្យបានប្រកាសថា បុរសរូបនេះស្លាប់បាត់ទៅហើយ។
ដោយឡែក ថ្លែងប្រាប់សារព័ត៌មានអាមេរិក CNBC ម្ចាស់ហាងខាងលើឈ្មោះ Mike Abumayyaleh ដែលស្គាល់ហ្វ្លយ បាន ពិព៌ណនាថាបុរសដើមកំណើតអាហ្វ្រិកនេះជាអតិថិជនម្នាក់ដែលរស់រាយរាក់ទាក់ និងសុភាពរាបមិនធ្លាប់បង្កបញ្ហាអ្វីឡើយកន្លងមក។ ប៉ុន្តែជាអកុសលថ្ងៃដែលកើតហេតុ ម្ចាស់ហាងខាងលើ មិនបានមកបំពេញការងារដូចសព្វមួយដងឡើយ ដូច្នេះហើយបានរឿងហេតុកើតឡើងធ្ងន់ធ្ងររហូតមានការលូកដៃពីសមត្ថកិច្ចបែបនេះ។
មិត្តភក្តិជិតស្និទ្ធបំផុតម្នាក់របស់ ហ្វ្លយ លោក Christopher Harris បានថ្លែងប្រាប់សារព័ត៌មាន BBC ថា មួយយប់មុនថ្ងៃស្លាប់ លោកបានប្រាប់មិត្តសម្លាញ់ខ្លួនឲ្យទាក់ទងភ្នាក់ងារផ្តល់ការងារបណ្តោះអាសន្ន ដើម្បីអាចរកមានចំណូលសម្រាប់ផ្គត់ផ្គង់ជីវិតរស់នៅប្រចាំថ្ងៃ។ សម្រាប់ Harris ការបោកប្រាស់ ឬប្រើលុយក្លែងក្លាយជារឿងមិនអាចកើតឡើងទៅរួចទេសម្រាប់មនុស្សដូចហ្វ្លួយ។
«ដើមហេតុដែលធ្វើឲ្យមិត្តខ្ញុំស្លាប់គឺឥតហេតុផលបន្តិចសោះ។ គ្នាបានទទូចសុំតែរស់ និងសុំអង្វរករឲ្យបានបន្តជីវិតរស់នៅប៉ុណ្ណោះ»។ លោក Harris ថ្លែងបែបនេះដោយបន្ថែមថា ប្រព័ន្ធ សង្គមអាមេរិកមិនបានបង្កើតឡើងសម្រាប់ប្រជាជនស្បែកខ្មៅឡើយ ហើយការពឹងផ្អែកលើច្បាប់ដើម្បីបានយុត្តិធម៌នោះពិបាកកើតឡើងណាស់។
តាមពិតទៅ បុរសអាមេរិកដើមកំណើតអាហ្វ្រិកវ័យ ៤៦ឆ្នាំ ចច ហ្វ្លយ មិនខុសពីប្រជាជនអាមេរិកដើម កំណើតអាហ្វ្រិកផ្សេងទៀតទេដូចជានៅក្នុងករណីដែលកើតឡើងនៅ Ferguson និង នៅ Baltimore
សុទ្ធតែក្លាយជាជនរងគ្រោះដោយសារកម្អែលនៃការរើសអើងពូជសាសន៍ ដែលដក់ជាប់ក្នុងស្ថាប័នដឹកនាំជាពិសេសប្រព័ន្ធអនុវត្តច្បាប់មកដល់បច្ចុប្បន្ន។
កាសែត
Washington Post ចុះផ្សាយវិចារណាកថា មួយកាលពីឆ្នាំ ២០១៨ ដោយមាន ទិន្នន័យមួយចំនួនដែលបង្ហាញឲ្យឃើញច្បាស់ ពីការរើសអើងសម្បុរស្បែកក្នុងប្រព័ន្ធយុត្តិធម៌ ខ្លាំងជាងគេដែល កើតមាន ឡើងតាំងពីដំណើរនៃការចាប់ចងដល់ការកាត់ទោសនិងដាក់ពន្ធធនាគារផង។ ក្នុងនោះគេរកឃើញថា ប្រជាជ នស្បែកខ្មៅច្រើនជាងប្រជាជនស្បែកសរហូតដល់ ពីរដងដែលត្រូវប៉ូលិស ចាប់អូស ទាញចេញពីរថយន្ត ពេលឈប់ភ្លើងស្តុបក្រោមហេតុផលល្មើសច្បាប់ចរាចរណ៍។ រឿងមួយទៀតគឺ ករណី ចោទប្រកាន់តាមផ្លូវ ច្បាប់ពាក់ព័ន្ធគ្រឿងញៀន។ ប្រជាជនអាមេរិកដើមកំណើត អាហ្វ្រិកប្រឈមខ្លាំងនឹង ការចាប់ខ្លួន និង ត្រូវរងការចោទប្រកាន់ទាក់ទិនបទល្មើសគ្រឿងញៀន ថ្វីបើ បរិមាណ គ្រឿងញៀនដែល ប្រើប្រាស់រវាងប្រជាជន ស្បែក ខ្មៅនិងស្បែកសមិនខុសគ្នាប៉ុន្មានក៏ដោយ។ ចុងក្រោយគឺ រយៈពេលនៃ ការជាប់ទោស។ គេរកឃើញថា ប្រជាជនស្បែកខ្មៅប្រឈមនឹងការ ជាប់ទោស ដែលមានរយៈ ពេលយូរលើស ប្រជាជនស្បែកស ២០ភាគរយ ទោះជាពួកគេត្រូវបានកាត់ទោស ក្រោមបទល្មើស ដូចគ្នាក្តី។
ស្លេះរឿងរើសអើងពូជសាសន៍ក្នុងវិស័យយុត្តិធម៌អាមេរិកត្រឹមនេះចុះ ក្រោយករណីស្លាប់ដ៏អយុត្តិធម៌របស់បុរសដើមកំណើតអាហ្វ្រិកនេះ មន្ត្រីប៉ូលិសដែលជាជនបង្កត្រូវបានចាប់ខ្លួន និងរងបទចោទ «ឃាតកម្ម»។ ថ្វីបើជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងរងទោសទណ្ឌក៏ដោយចុះ វាមិនគ្រប់គ្រាន់ល្មមអាចរំងាប់កំហឹងរបស់ប្រជាជនទូទៅបានឡើយ។
ដរាបណាគ្មានការកែទម្រង់ស៊ីជម្រៅ និងលុបបំបាត់ករណីរើសអើងឬធ្វើទុក្ខបុកម្នេញមនុស្សផ្អែកលើពូជសាសន៍ទេ រឿងដដែលនេះនឹងបន្តកើតឡើងនៅពេលខាងមុខ។ ដូច្នេះហើយ ទើបប្រជាជន ជាច្រើនចាប់ផ្តើមចូលរួមចលនាទាមទារ ស្វែងរកយុត្តិធម៌សម្រាប់ ហ្វ្លយ និង ជនរងគ្រោះផ្សេងទៀត ក៏ដូចជា ទប់ស្កាត់កុំឲ្យបញ្ហាអយុត្តិធម៌បែប នេះកើតឡើងលើមនុស្សដទៃជាពិសេសជនដែល ងាយរងគ្រោះដូចជាប្រជាជនស្បែកខ្មៅដើមកំណើតអាហ្វ្រិកទាំងនោះផង៕