COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឡាវ អនុញ្ញាត​ឲ្យ​បើក​ផ្សារ​រាត្រី​និង​ភោជនីយដ្ឋាន​ឡើងវិញ ខណៈ​ក្លិប​កម្សាន្ត​ផ្សេងៗ​បន្ត​បិទ​
31, May 2020 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ នៅ​ថ្ងៃ​៣០ ឧសភា បានចេញ​បទបញ្ជា​ថ្មី​មួយ​ដោយបាន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​មួយចំនួន​នៅក្នុង​ប្រទេស​អាច​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក ឬ​បិទ ដោយសារតែ​វិបត្តិ​នៃ​វីរុស Covid-19​។ ទោះបី​បែបនេះ ក្រុង​វៀងចន្ទន៍ ក៏​មិនបាន​ឲ្យ​អាជ្ញាធរ​បន្ធូរបន្ថយ​ដៃ​ក្នុងការ​អនុវត្ត​វិធានការ​តឹង​តឹង​សម្រាប់​ការពារ និង​ទប់ស្កាត់​ការរីក​រាល​របស់​វីរុស​រាតត្បាត​នេះឡើយ​។​

 
​ចាប់ពី​ថ្ងៃទី​០២ មិថុនា រហូតដល់​ថ្ងៃទី​៣០ មិថុនា​តទៅ គោលការណ៍​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការ​ដំណើរការ​អាជីវកម្ម​លើ​មុខសញ្ញា​សេដ្ឋកិច្ច និង​ព្រឹត្តិការណ៍​ជាតិ​មួយចំនួន នឹង​ចាប់ផ្តើម​ចូល​ជា​ធរមាន​ហើយ​។ អាជីវករ នឹង​អាច​វិល​ត្រលប់​ចូលទៅ​ប្រកបមុខរបរ​របស់ខ្លួន​បានជា​បណ្តើរៗ​វិញ​ហើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Star Online​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្នុង​លិខិត​បង្គាប់បញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ថុង​លួ​ន ស៊ី​សូលី​ត គ្រប់​ព្រឹត្តិការណ៍​កីឡា និង​ការប្រកួត​ផ្សេងៗ អាច​ប្រព្រឹត្ត​ឡើងវិញ​បាន​ហើយ ក៏ប៉ុន្តែ​សម្រាប់​អ្នកទស្សនា មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​បានឡើយ ដ្បិត​ការប្រមូលផ្តុំ ឬ​ជួបជុំ​មនុស្ស​ច្រើន នៅតែ​ជា​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​វីរុស Covid-19 ដដែល​។​
 
​សម្រាប់​ផ្នែក​អាជីវកម្ម​វិញ ផ្សារ​រាត្រី ភោជនីយដ្ឋាន និង​រោងភាពយន្ត ដែល​អាជ្ញាធរ​ចេញ​លិខិតអនុញ្ញាត​ផ្លូវការ ក៏ដូចជា គម្រោង​សាងសង់ និង​រោងចក្រ នឹង​អាច​ដំណើរការ​សកម្មភាពរ​បស់​ខ្លួន​បាន​ផងដែរ ក៏ប៉ុន្តែ​ត្រូវ​បន្ត​អនុវត្តតាម​វិធាន​គម្លាត​ពីគ្នា និង​គោលការណ៍​ផ្សេងៗ​ក្នុងការ​ការពារ​ការ​ឆ្លង​វីរុស Covid-19​។ សម្រាប់​អាជីវកម្ម ក្លឹម​កម្សាន្ត និង​កន្លែង​លក់​ស្រា​បៀរ​ផ្សេងៗ ត្រូវតម្រូវ​ឲ្យ​បិទ​ដដែល​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា គិត​ត្រឹម​ក្របខណ្ឌ​ក្នុង​តំបន់ ឡាវ ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយនឹង​ចិន​ផងដែរ​នោះ បាន​ផ្ទុះ​ករណី​ឆ្លង​ក្រោយ​គេ​នោះទេ​។ បើ​គិត​ត្រឹម​ថ្ងៃ​៣០ ឧសភា​ដដែល​នោះ ឡាវ បានធ្វើ​តេស្ត​លើ​ករណី​សង្ស័យ​ឆ្លង​វីរុស Covid-19 សរុប ៦៤៣២​ករណី រួចមកហើយ ដែល​ក្នុង​នោះបាន​រកឃើញ​វិជ្ជមាន ១៩ ករណី ហើយ​បានជា​សះស្បើយ​១៦​ករណី​ផងដែរ ៕ 

Tag:
 ឡាវ​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com