ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល​៖​នៅ​រដូវវស្សា អ្នក​កើត​គ្រុនឈាម​អាច​កើន​ទ្វេដង ធៀប​នឹង​រដូវប្រាំង​
31, May 2020 , 7:39 pm        
រូបភាព
ដោយ:
 ​ភ្នំពេញ​៖ រយៈពេល​៥​ខែ ឆ្នាំ​២០២០​នេះ កម្ពុ​ជាមាន​ករណី​គ្រុនឈាម​ចំនួន​២,១៧២​ករណី​។ នៅ​រដូវវស្សា​បាន​ចូលមក​ដល់ ក្រសួងសុខាភិបាល បញ្ជាក់ថា​អាច​កើន​ទ្វេដង​នៅ​ខែវស្សា ធៀប​នឹង​រដូវប្រាំង​។ ក្រសួងសុខាភិបាល អំពាវនាវ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​កម្ចាត់​ជម្រក​មូស​ខ្លា ដើម្បី​កុំ​ឲ្យ​មាន​កើត​ជំងឺគ្រុនឈាម​។​
 
​នៅ​រដូវវស្សា​នេះ ករណី​គ្រុនឈាម អាច​កើនឡើង​ទ្វេដង បើ​ធៀប​ករណី​ដែល​កើតឡើង​នៅក្នុង​រដូវប្រាំង​។ នេះ​បើតាម​លទ្ធផល​សិក្សា​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល​។​
 
​បើតាម​ការសិក្សា ជំងឺគ្រុនឈាម​អាច​កើតឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ ប្រសិនបើ​មិនបាន​បង្ការ និង​កម្ចាត់​ជម្រក​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងរោគ​នោះ​។ មូស​ខ្លា អាច​បង្ក​កំណើត​ជា​បន្តបន្ទាប់ ទាំង​នៅក្នុង​ទឹក​ថា្ល និង​ទឹកស្អាត ហើយ​វា​អាច​រស់នៅក្នុង​សំបក​កង់ឡាន និង​សំបក​កង់​ម៉ូតូ​ចាស់ៗ បានយូរ​ជាង​វត្ថុ​ដាក់​ទឹក​សម្រាប់​ប្រើប្រាស់​ផ្សេងៗ និង​ចូលចិត្ត​រស់នៅ​ជិត​មនុស្ស​។ វា​មិនអាច​ហើរ​លើសពី​១៥០​ម៉ែត្រ ពី​កន្លែង​ដែល​វា​រស់​នៅឡើយ​។ ដូច្នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ករណី​គ្រុនឈាម​កើតឡើង ក្រសួងសុខាភិបាល បាន​ណែ​នាំទៅ​ពលរដ្ឋ ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​ស្អាត និង​អនាម័យ បើកទ្វារ បង្អួច ដើម្បី​ឲ្យ​មាន​ពន្លឺ និង​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​សម្រាក​នៅក្នុង​មុង​ជ្រលក់​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​។ ឧស្សាហ៍​ផ្លាស់ប្តូរ​ទឹក និង​លាង​សំអាត​កន្លែង​ដែល​ដក់​ទឹក ដូចជា​ពាង អាងទឹក ថូផ្កា​ជាដើម និង​ការដាក់​ថ្នាំ​បាណក​ឃាដ​សម្លាប់​ដង្កូវទឹក និង​ចិញ្ចឹម​ត្រី​ផ្សេងៗ ដើម្បី​កុំ​ឲ្យ​មាន​មូស​ខ្លាបង្ក​កំណើត​៕
 
 
 
 

Tag:
 គ្រុនឈាម​
  ជំងឺ
© រក្សាសិទ្ធិដោយ thmeythmey.com