អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង្គការ Human Rights Watch ពិពណ៌នា​គ្រោះថ្នាក់​ចំពោះ​កុមារ​ហ្វីលីពីន​ដោយសារ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​
31, May 2020 , 7:59 pm        
រូបភាព
ដោយ: VOA
​កាលពី​ថ្ងៃ​ពុធ​ទី ២៧ ខែឧសភា​កន្លងទៅនេះ អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស Human Rights Watch បានចេញ​ផ្សាយ​របាយការណ៍​ដែល​រៀបរាប់​អំពី​ផលប៉ះពាល់​ដ៏​គួរ​ឲ្យ​តក់ស្លុត​ទៅលើ​កុមារ​ហ្វីលីពីន ដោយសារតែ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​។​

​របាយការណ៍​ដែលមាន​កម្រាស់ ៤៨ ទំព័រ​នេះ រៀបរាប់​ពី​ការសម្លាប់​កុមារ​ដោយ​ប៉ូលីស ការ​សម្លុត និង​ការណ៍​ដែល​កុមារ​ដែលជា​កូន​របស់​អ្នកប្រើប្រាស់​គ្រឿងញៀន ត្រូវ​ប្រឈម​ទៅនឹង​ការ​មាក់ងាយ ហើយ​និង​ការប៉ះទង្គិច​ផ្លូវចិត្ត​ចំពោះ​អ្នក​ដែល​បានឃើញ​ការស្លាប់​របស់​សមាជិក​គ្រួសារ និង​ភាពក្រីក្រ​ដោយសារតែ​ឪពុកម្តាយ និង​អាណាព្យាបាល ត្រូវបាន​សម្លាប់​។​
 
​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិ​ទិ្ធ​មនុស្ស Human Rights Watch នេះ​មាន​ភាពស្រដៀងគ្នា​ទៅនឹង​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស Amnesty International ដែរ ដែល​បាន​រៀបរាប់​លម្អិត​បន្ថែមទៀត អំពី​ការបំផ្លិចបំផ្លាញ​ដោយ​គ្រឿងញៀន​។​
 
​ការបង្ក្រាប​យ៉ាងខ្លាំង​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte លើ​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ បានចាប់ផ្តើម​នៅពេលដែល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី នៅ​ខែមិថុនា ឆ្នាំ ២០១៦​។ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់លោក បាន​ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ នៅពេល​ក្រុម​តស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​បាន​រកឃើញ​ការសម្លាប់​រាប់ពាន់ និង​ការប្រហារជីវិត​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​កងកម្លាំង​រដ្ឋ និង​ក្រុម​ដែល​បាន​តាំងខ្លួន​ឯង​ជា​តុលាការ​។​
 
​ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក Duterte មនុស្ស​ជាង ៧.០០០ នាក់ ដែល​គេ​ជឿថា​មាន​ជាប់ទាក់ទង​នឹង​ការជួញដូរ​គ្រឿងញៀន​នោះ ត្រូវបាន​សម្លាប់ ដែល​នេះ​មានន័យថា ជា​មធ្យម​មនុស្ស ៣៤ នាក់​ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃ​។ ក្រៅពី​ណែនាំ​ឲ្យ​អនុវត្ត​ច្បាប់ ដើម្បី​លុបបំបាត់​គ្រឿងញៀន​ចេញពី​ប្រទេស លោក Duterte បាន​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ សម្លាប់​អ្នកជួញដូរ​គ្រឿងញៀន ឬ អ្នកប្រើប្រាស់​គ្រឿងញៀន ដោយ​លោក​ថា នោះ​ជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​របស់​ពួកគេ​។​
 
​ចាប់តាំងពី​ពេល​នោះមក​សកម្មជន​ហ្វីលីពីន បាន​ចោទប្រកាន់ថា មនុស្ស​ជាង ២៧.០០០ នាក់ ត្រូវបាន​សម្លាប់​នៅក្រោម​ការគ្រប់គ្រង​រប​ស់លោក Duterte ខណៈដែល​រដ្ឋាភិបាល​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់ គឺ​ប្រមាណ​ជា ៦.៦០០ នាក់​។ ដោយសារតែ​ការរាយការណ៍​ពី​ចំនួន​អ្នកស្លាប់​មិន​ដូចគ្នានេះ ហើយនឹង​ការកើនឡើង​នូវ​ការព្រួយបារម្ភ បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បើក​ការស៊ើបអង្កេត​មួយ​ទៅលើ​ការសម្លាប់​ទាំងនោះ នៅ​ខែកក្កដា​ឆ្នាំ ២០១៩​។​
 
​ការបន្ត​បង្ក្រាប​ទៅលើ​ការជួញដូរ​គ្រឿងញៀនរ​បស់​រដ្ឋាភិបាល​លោក Duterte បានធ្វើ​ឲ្យ​ពន្ធនាគារ​នានា កាន់តែ​ចង្អៀត​ណែន ដែល​បង្កើតជា​កន្លែង​នៃ​ការផ្ទុះ​រាតត្បាត​នៃ​វីរុស​កូ​រ៉​ណា​។ ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​មួយចំនួន​របស់​ហ្វីលីពីន បាន​បង្ខំ​ឲ្យ​ប្រទេស​នេះ ដោះលែង​អ្នកទោស​ជិត ១ ម៉ឺន​នាក់ កាលពី​ខែឧសភា​កន្លងទៅនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com