សៀមរាប៖ រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក នៅចុងឆ្នាំ១៩៩២ ដែលមានន័យថាកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ ស្ថិតក្រោមការគ្រប់គ្រង និងសម្របសម្រួលរួមគ្នាទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ ក្រៅពីការងារអភិរក្សសំណង់ប្រាសាទ ការគ្រប់គ្រងសំណង់លំនៅដ្ឋាន ជាការងារមួយដែលមានការគិតគូរខ្ពស់ ដើម្បីឱ្យរមណីយដ្ឋានមួយនេះ នៅរក្សាតម្លៃវប្បធម៌បេតិកភណ្ឌរបស់ខ្លួន ឱ្យនៅគង់វង្ស។ អាជ្ញាធរជាតិអប្សរា ដែលគ្រប់គ្រងលើកិច្ចទាំងនេះ បានជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរ សង់ផ្ទះគោរពទៅតាមរចនាបថសំណង់ផ្ទះបុរាណខ្មែរ និងជាប្រភេទសំណង់ស្រាល មិនប៉ះពាល់ដល់បុរាណដ្ឋានក្នុងតំបន់បេតិកភណ្ឌ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី នៃសារព៧ត៌មានថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖
ការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ មានភាពតឹងតែងបន្ដិច ដោយសារអាជ្ញាធរជាតិអប្សរា ត្រូវគោរពតាមគោលការណ៍របស់អង្គការយូណេស្កូ ក្នុងចំណោមលក្ខខណ្ឌមួយចំនួន មុនស្ថាប័ននេះព្រមចុះបញ្ជីតំបន់អង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការពង្រីកសំណង់ថ្មីៗ ត្រូវបានរិតត្បិត។ ដំណោះស្រាយលើបញ្ហានេះ អាជ្ញាធរជាតិអប្សរា បានបង្កើតតំបន់មួយកន្លែងដោយឱ្យឈ្មោះថា «ភូមិធម្មជាតិរុនតាឯក» ដោយបែងចែកជាផ្ទះ និងដីចម្ការដល់គ្រួសារថ្មីដែលបែកគ្រួសារពីក្នុងឧទ្យានអង្គរ។
ជាគោលការណ៍ក្នុងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ គឺអាជ្ញាធរជាតិអប្សរាបានបង្កើតស្ថាប័នមួយដើម្បីទទួលពាក្យស្នើសុំសាងសង់ពីប្រជាពលរដ្ឋ ដែលមានបំណងចង់ជួសជុលផ្ទះ និងរុះរើផ្ទះចាស់សង់ផ្ទះថ្មី។ ការកែលម្អ និងសង់សំណង់ទាំងនោះ គឺមានក្រុមជំនាញសម្រាប់សិក្សា និងគូសប្លង់ផ្ទះដែលមានរចនាបថជាផ្ទះខ្មែរ។
នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ជាអ្នកចុះណែនាំ និងរៀបចំប្លង់ផ្ទះគំរូនានាសម្រាប់ប្រជាពលរដ្ឋដែលស្នើសុំសាងសង់ក្នុងតំបន់ឧទ្យានអង្គរ។ មន្ត្រីនៃនាយកដ្ឋាននេះ បានចុះទៅដល់ទីតាំងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសិក្សា និងគូសវាសប្លង់ស្របតាមគំរូដែលសមស្របសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។
លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ លើកឡើងថា ផ្ទះខ្មែរជាប្រភេទសំណង់ដែលសមស្របក្នុងតំបន់បេតិកភណ្ឌ។ លោកពន្យល់ថា ផ្ទះខ្មែរគឺចំហនៅផ្នែកខាងក្រោម ជាសំណង់ស្រាលសង់ពីឈើ មិនមានការបុកឬសជ្រៅដែលអាចប៉ះបាល់ដល់ផ្នែកបុរាណវិទ្យាក្រោមដី។ បន្ថែមពីនេះ ផ្ទះខ្មែរមានអត្ថប្រយោជន៍ច្រើនសមស្របស្ថានភាពរស់នៅរបស់ប្រជាជនខ្មែរ រួមទាំងអាកាសធាតុ។
អ្នកជំនាញផ្នែកស្ថាបត្យកម្មពន្យល់បន្ថែមពីអត្ថន័យនៃសំណង់ផ្ទះខ្មែរក្នុងឧទ្យានអង្គរយ៉ាងដូច្នេះថា៖« ផ្ទះខ្មែរជាសំណង់បុរាណមួយដែលជាកេរមរតករបស់ខ្មែរតាំងពីដូនតាមក ហើយជាសំណង់មួយបែបដែលលើកគុណតម្លៃរបស់ឧទ្យានអង្គរឱ្យមានការវិវត្តន៍កាន់តែខ្ពស់ឡើង ពីព្រោះថាវាឆ្លើយតបទៅនឹងតំបន់បេតិកភណ្ឌពិភពលោក ហើយវាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ សម្ភារសាងសង់យកពីធម្មជាតិមានឈើ ឬឫស្សី ស្លឹក ងាយស្រួលរកតែត្រូវការបច្ចេកទេស បង្កប់អត្ថន័យសិល្បៈ និងការអប់រំ»។
ជាការតម្រូវ និងការយល់ដឹងពីអត្ថប្រយោជន៍នៃសំណង់ផ្ទះខ្មែរផង ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានសាងសង់ផ្ទះ ដោយគោរពតាមការណែនាំរបស់អាជ្ញាធរជាតិអប្សរា។ ក្រៅពីឈើ បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសសម្ភារសម័យដូចជាស្មាតប៊ត ដែលស្រដៀងឈើ សម្រាប់ធ្វើជញ្ជាំង ហើយវាមានតម្លៃប្រហាក់ប្រហែលនិងធូរថ្លៃជាងឈើផងដែរ។
លោកស្រី ងឿន សុខា ពលរដ្ឋរស់នៅសង្កាត់គោចក ក្រុងសៀមរាប ដែលរុះរើផ្ទះចាស់ស្នើសុំធ្វើថ្មី យល់ថា ជារឿងសំខាន់ក្នុងការរួមគ្នាអភិរក្សសំណង់ផ្ទះខ្មែរបុរាណ។ លោកស្រីប្រាប់ថា សប្បាយចិត្តនៅពេលដែលខ្លួនមានចំណែកថែរក្សាសំណង់បុរាណនេះ សម្រាប់ទុកជាកេរដល់កូនចៅទៅជំនាន់ក្រោយបានស្គាល់។
ផ្ទះខ្មែរ គឺមានអត្ថប្រយោជន៍ច្រើនយ៉ាង និងសមស្របតាមអាកាសធាតុ និងបរិយាកាសរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅក្នុងតំបន់អង្គរ។ លោក ស៊ឹម ប៊ុនធឿន ពន្យល់ពីកត្ដាមួយចំនួនដែលខ្មែរធ្វើផ្ទះបែបនេះ។ ទី១ កត្ដាអាកាសធាតុ ទី២ ជីវភាពរស់នៅប្រចាំថ្ងៃ និងទី៣ កត្ដាជំនឿ។ លោកបន្ថែមថា៖ «អាកាសធាតុស្រុកយើងក្ដៅ ការធ្វើផ្ទះទៀមដែលមានការហ៊ុំព័ទ្ធឥដ្ឋជុំវិញ ធ្វើឱ្យការរស់នៅមិនឆ្លើយតបនឹងអាកាសធាតុ ទី២ ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ មានប្រកបរបរកសិកម្ម មានចិញ្ចឹមមាន់ទា ចឹងផ្នែកខាងក្រោមត្រូវតែចំហដើម្បីប្រើប្រាស់»។
អ្វីដែលអ្នកជំនាញមើលឃើញ បច្ចុប្បន្ននេះផ្ទះខ្មែរមានការវិវត្តច្រើនដែលគួរឱ្យកត់សម្គាល់ ហើយការវិវត្តនេះមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ លោក ស៊ឹម ប៊ុនធឿន មើលឃើញថា ប្រជាពលរដ្ឋសង់ផ្ទះហាក់ខ្ពស់បន្ដិចដែលមានហានិភ័យក្នុងការដួលរលំ និងការនិយមរៀបឥដ្ឋព័ទ្ធជុំវិញនៅផ្នែកខាងក្រោមជាដើម៕