COVID-19
ជាតិ
សម្តេច ហ៊ុន សែន​៖ កុមារ​ត្រូវ​ទទួលបាន​សេវា​អប់រំ អនាម័យ និង​ទឹកស្អាត​ស្មើៗ​គ្នា
01, Jun 2020 , 8:02 am        
រូបភាព
សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ទប់ស្កាត់​ការឆ្លង COVID19​ ដល់​កុមារ។ រូបថត SPM Page
សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ទប់ស្កាត់​ការឆ្លង COVID19​ ដល់​កុមារ។ រូបថត SPM Page
ដោយ: ថ្មីៗ
«​ត្រូវយក​ចិត្ត​ទុក និង​គិត​ទៅដល់​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ ជាពិសេស​កុមារ​រស់នៅ​កន្លែង​ថែទាំ​ជំនួស កុមារ​កំពុង​រស់នៅ​កន្លែង​ឃុំឃាំង កុមារ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល​ពី​កូ​វីដ​-១៩»​។ នេះ​ជា​ខ្លឹមសារ​ដ៏​សំខាន់​ក្នុង​សារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាឱកាស​ខួប​លើក​ទី​៧១​នៃ​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា ខួប​លើក​ទី​១៩ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ២​មិថុនា និង​ទិវា​កុមារ​កម្ពុជា ឆ្នាំ​២០២០​។​



​ប្រមុខ​រដ្ឋាភិបាល បាន​លើកឡើងថា កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​បង្ការ​ទាន់ពេលវេលា​ដែល​ធ្វើ​ឲ្យ​អត្រា​នៃ​អ្នក​ឆ្លង​កម្រិត​ទាប ហើយ​មាន​របាយការណ៍​ស្តីពី​ករណី​ឆ្លង​ដល់​កុមារ​តែ​១​ករណី​ប៉ុណ្ណោះ​។ «​ទោះបីជា​កម្ពុជា​យើង​មាន​របាយការណ៍​ស្តីពី​ករណី​ឆ្លង​ដល់​កុមារ​តែមួយ​ករណី​ក៏ដោយ ប៉ុន្តែ COVID-19 បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កុមារ​គ្រប់រូប និង​កាន់តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​បន្ថែមទៀត​ចំពោះ​កុមារ​ដែល​រស់នៅក្នុង​គ្រួសារ​ក្រីក្រ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​សម្តេច ហ៊ុន សែន​។​

​នាឱកាស​ទិវា​កុមារ​នេះ សម្តេច​បាន​កោតសរសើ​រ​ដល់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់  អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​ទាំងអស់ ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​លើ​វិស័យ​កុមារ ដោយ​សម្រេចបាន​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ទាំង​៤ គឺ​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​អភិវឌ្ឍ សិទ្ធិ​ទទួលបាន​នូវ​ការការពារ និង​សិទ្ធិ​ចូលរួម​។​

​ក្នុង​កាលៈទេសៈ កូ​វីដ​-១៩ សម្តេច ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ទប់ស្កាត់​ការឆ្លង​ដល់​កុមារ ជាពិសេស​កុមារ​មាន​ពិការភាព កុមារ​ក្រីក្រ កុមារ​រស់នៅក្នុង​កន្លែង​ថែទាំ​ជំនួស និង​កុមារ​កំពុង​រស់នៅក្នុង​កន្លែង​ឃុំឃាំង​។​

«​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវខិតខំ​ប្រឹងប្រែងរ​កល​ទ្ធ​ភាព​ក្នុងការ​ធ្វើយ៉ាងណា​ឲ្យ​កុមារ​គ្រប់រូប​នៅ​គ្រប់​ទីកន្លែង ជាពិសេស​កុមារ​ក្នុង​គ្រួសារ​ក្រីក្រ ទទួលបាន​សេវា​អប់រំ អនាម័យ និង​ទឹកស្អាត​ស្មើៗ​គ្នា​នៅក្នុង​កំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩»​។ នេះ​ជាការ​ក្រើនរំលឹក​របស់​ប្រមុខ​រដ្ឋាភិបាល​៕




© រក្សាសិទ្ធិដោយ thmeythmey.com