ចរន្តឈាមរត់មិនស្រួលអាចបណ្ដាលមានអារម្មណ៍ស្ពឹកឈឺឆៀបៗ ឬហើមក្នុងដៃ។ ទោះជាយ៉ាងណាមានគន្លឹះមួយចំនួនអាចដោះស្រាយបញ្ហានេះបានយ៉ាងងាយដោយជួយសម្រួលចរន្តឈាមរត់។ ថាតើគន្លឹះទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះជម្រុញចរន្តឈាមរត់ក្នុងប្រអប់ដៃ ៖
១. ផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃ
អាហារមួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើសុខភាពរាងកាយ។ ជាពិសេស គឺប្រភេទអាហារដែលសម្បូរខ្លាញ់មិនល្អ អំបិល និងស្ករ។ ចូរព្យាយាមជ្រើសរើសរបបអាហារដែលសម្បូរដោយសារធាតុចិញ្ចឹមជំនួសវិញរួមមានបន្លែ ផ្លែឈើ សាច់គ្មានខ្លាញ់ សាច់បក្សី គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ។ អាហារសុខភាពល្អជួយផ្ដល់នូវវីតាមីននិងជាតិរ៉ែចាំបាច់ដើម្បីធ្វើឱ្យចរន្តឈាមរត់មានលក្ខណៈប្រសើរឡើង។
២. ឈប់ជក់បារី
ប្រសិនបើអ្នកឧស្សាហ៍ជក់បារី នោះវាក៏ប្រហែលជាមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលបណ្ដាលឱ្យអ្នកចេះតែមានអារម្មណ៍ស្ពឹក ឬឈឺក្នុងប្រអប់ដៃ។ នេះក៏ព្រោះតែការជក់បារីបង្កើនកម្រិតនៃកូឡេស្តេរ៉ូលដែលបណ្ដាលឱ្យសសៃឈាមឡើងក្រាសនិងស្ទះ ហើយឈាមត្រូវជួប្រទះបញ្ហាពិបាកក្នុងការហូរ។
៣. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ គឺចាំបាច់ណាស់ក្នុងការជម្រុញសម្រួលចរន្តឈាមរត់ក្នុងរាងកាយ រួមបញ្ចូលទាំងប្រអប់ដៃ។ ចូរជ្រើសរើសលំហាត់ប្រាណដោយប្រើប្រអប់ដៃណាមួយដែលអ្នកពេញចិត្តដើម្បីអនុវត្ត។ ឧទាហរណ៍លំហាត់ប្រាណច្របាច់កូនបាល់ជាដើម។
៤. គ្រប់គ្រងកម្រិតនៃភាពស្ត្រេស
វាក៏អាចទៅរួចផងដែរដែលការស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ខ្លាំងពេកអាចបណ្ដាលឱ្យមានបញ្ហាដល់ចរន្តឈាមរត់ក្នុងរាងកាយ។ ប្រសិនបើអ្នកមានអារម្មណ៍ស្ត្រេសខ្លាំងពេក ចូរព្យាយាមស្វែងរកវិធីបន្ថយវា។ អ្នកអាចធ្វើសមាធិ ស្ដាប់តន្ត្រី ឬដើរចេញក្រៅលំហែរខ្លះ។
៥. កាត់បន្ថយការទទួលទានភេសជ្ជៈមួយចំនួន
ការទទួលទានភេសជ្ជៈមួយចំនួនដូចជាកាហ្វេ តែ និងភេសជ្ជៈប៉ូវកម្លាំងច្រើនក្នុងរយៈពេលយូរទៅបង្កផលប៉ះពាល់ដល់ចរន្តឈាមរបស់អ្នកដែលអាចនាំឱ្យកើតបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានក្នុងកម្រិតសមល្មម៕
ត្រួតពិនិត្យដោយ www.health.com.kh