COVID-19
ជាតិ
សង្គមជាតិ
ពលករ​ខ្មែរ ដែល​ជាប់​នៅ​ម៉ាឡេស៊ី ប្រហែល​ត្រូវ​ចាំ​ដល់​ខែកក្កដា ទើប​មាន​ជើងហោះហើរ​
01, Jun 2020 , 11:01 am        
រូបភាព
ពលករខ្មែរ ស្ថិតនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ត្រៀមធ្វើដំណើរមកកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២០ តែត្រូវអាក់ខាន​ ព្រោះរដ្ឋាភិបាលកម្ពុជា ហាមឃាត់ (រូបពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី)
ពលករខ្មែរ ស្ថិតនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ត្រៀមធ្វើដំណើរមកកម្ពុជា កាលពីដើមខែមេសា ឆ្នាំ២០២០ តែត្រូវអាក់ខាន​ ព្រោះរដ្ឋាភិបាលកម្ពុជា ហាមឃាត់ (រូបពីស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី)
អង្គការ​សង្គម​-​ស៊ីវិល​៣៣ បាន​រួមគ្នា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រញាប់​ជួយ​នាំ​និស្សិត​និង​ពលករ​ខ្មែរ​ប្រមាណ​១៥០​នាក់ ដែល​កំពុង​ជាប់​នៅ​ម៉ាឡេស៊ី មក​កម្ពុជា​វិញ​។ ពួកគេ មិន​អាចមក​កម្ពុ​ជានា​ពេលនេះ ដោយសារតែ​គ្មាន​ជើងហោះហើរ​។



លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រហែលជា​ដល់​ដើមខែ​កក្កដា ឆ្នាំ​២0២0 ទើប​កម្ពុជា​និង​ម៉ាឡេស៊ី អាចមាន​ជើង​ហោះ​ឡើងវិញ​។ លោក បន្តថា រដ្ឋាភិបាល​កម្ពុជា ​មិនមាន​គម្រោង​បញ្ជូន​យន្តហោះ​ពិសេស​ទៅយក​ពួកគាត់ឡើយ។ អ្នកនាំពាក្យ​រូបនេះ មានប្រសាសន៍ថា​៖«​មានតែ​ពួកគាត់​រង់ចាំ ដល់​មាន​ជើងហោះហើរ​វិញ​។ នេះ ក៏ជា​កង្វល់​របស់​រដ្ឋាភិបាល​ដែរ»​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍ ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ អង្គការ​-​សង្គម​ស៊ីវិល ចាត់ទុកថា ការជួយ​ពលករនិងនិស្សិតខ្មែរ​ទាំងនោះ គឺ​ស្រប​នឹង​មាត្រា​៤០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ពី​ការការពារ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ក្នុង​ការតាំង​ទីលំនៅ​នៅឯ​បរទេស​និង​ការវិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយក៏​ជា​កាតព្វកិច្ច​របស់​កម្ពុ​ជា ក្រោម​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​ផងដែរ​។​
 
​ការសុំ​កិច្ច​អន្តរាគមន៍​របស់​អង្គការ​-​សង្គម​ស៊ីវិល​នានា​ពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុ​ជា ប្រកាសថា ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស អាច​វិល​ត្រឡប់មក​កម្ពុជា​វិញ ដោយ​មិនចាំបាច់​តម្រូវ​ឲ្យ​មាន​លិខិតបញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺ​កូ​វីដ​១៩​នោះទេ តែ​ពួកគេ ត្រូវ​ទៅពិនិត្យ​សុខភាព​ពេលមកដល់​ក​ម្ពុ​ជា​។​
 
​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១៥០​នោះ គ្រោង​វិល​មក​កម្ពុជា​វិញ តាំងពីដើម​ខែមេសា ឆ្នាំ​២០២០ តែ​កាលនោះ រដ្ឋាភិបាល​កម្ពុជា មិន​​អនុញ្ញាត ព្រោះ​បារម្ភ​ខ្លាច​ឆ្លង​ឬ​ចម្លងជំងឺ​កូ​វីដ​១៩ ពេលធ្វើ​ដំណើរ​។ ក្រោយមក រដ្ឋាភិបាល​កម្ពុជា ប្រកាសថា ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ឬ​នៅ​ប្រទេស​ផ្សេងទៀត អាច​វិល​មក​កម្ពុជា​វិញ តែ​ត្រូវមាន​លិខិត​បញ្ជាក់ថា​គ្មាន​ជំងឺ​កូ​វីដ​១៩​។ 
 
​ពលរដ្ឋ​ខ្មែរ​មួយចំនួន ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ​ប្រមាណ​១៥០​នាក់នៅ​ម៉ាឡេស៊ី​ អះអាងថា ពួកគេ មិនមាន​ប្រាក់ ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩​ឡើយ​។ ពួកគេ ត្អូញត្អែរថា ការ​រាលដាល​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឲ្យ​ពួកគេ រស់នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​យ៉ាង​ត្រដាបត្រដួស ព្រោះ​គ្មាន​ការងារ​ធ្វើ​។ ពួកគេ ប្រាប់ថា ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ត្រូវចំ​ណា​យ​ប្រាក់​ប្រមាណ​១៥០​ដុល្លារ​។ 
 
​រហូតដល់​រដ្ឋាភិបាល​កម្ពុជា ប្រកាស​មិន​យក​លិខិតបញ្ជាក់​សុខភាព ក៏​ពួកគេ នៅតែ​មិនអាច​វិលត្រឡប់​ម​កម្ពុជា​វិញ ដោយសារតែ​គ្មាន​ជើងហោះហើរ​៕ 

Tag:
 ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com