COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Sancho និងកីឡាករល្បីៗដទៃ ចូលរួមរកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅដែលស្លាប់ដោយសារប៉ូលិសស្បែកស
× Jadon Sancho ខ្សែប្រយុទ្ធក្រុម Borussia Dortmund បានអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្លួនដោយបង្ហាញការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់បានស្លាប់ក្រោមស្នាដៃប៉ូលិសស្បែកសកាលពីសប្តាហ៍មុន។ ក្រៅពី Sancho មានកីឡាករល្បីៗដទៃទៀតក៏បានបង្ហាញការសោកស្តាយជុំវិញ ទង្វើអមនុស្សធម៌របស់អតីតមន្ត្រីប៉ូលិសរូបនោះដែរ។
ក្នុងជំនួបក្របខណ្ឌ Bundisliga រវាង SC Paderborn 07 ទល់ Borussia Dortmund នៅយប់ថ្ងៃទី៣១ ខែឧសភា Sancho ខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ ២០ឆ្នាំ អាចរកគ្រាប់បាល់បាន៣គ្រាប់ (hat-trick) ក្នុងជ័យជម្នះ ៦-១ ។ គ្រាប់បាល់ដំបូងរបស់ខ្លួនដែលសម្រេចបាននៅនាទី៥៧ Sancho បានអបអរគ្រាប់ស៊ុតនោះដោយដោះអាវហើយបង្ហាញអក្សរមួយឃ្លា Justice For George Floyd ដើម្បីចូលរួមទាមទាររកយុត្តិធម៌ឲ្យ George បើទោះត្រូវទទួលកាតលឿងក្តី។
George Floyd បុរសស្បែកខ្មៅដែលបានស្លាប់ ក្រោយពីប៉ូលិសស្បែកសឈ្មោះ Derek Chauvin បានប្រើជង្គង់សង្កត់ ក ផ្ទប់ទៅនឹងដីអស់រយៈពេលជិត៩នាទី។ ករណីនេះ បានកើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបុគ្គលិកហាងទំនិញម្នាក់ បានទូរសព្ទរាយការណ៍ទៅប៉ូលិសថា George បានយកលុយក្លែងក្លាយ២០ដុល្លារ ទិញទំនិញនៅហាងរបស់ខ្លួន។
មិនត្រឹមតែ Sancho ឡើយ កីឡាករបាល់ទាត់ផ្សេងទៀតក៏បានបង្ហាញការសោកស្តាយ និងទាមទារឲ្យមានយុត្តិធម៌សម្រាប់ជនជាតិស្បែកខ្មៅផងដែរ។ Marcus Thuram បានលត់ជង្គង់ហើយឱនមុខចុះបន្ទាប់ពីស៊ុតបញ្ចូលទីឲ្យ Borussia Moenchengladbach ក្នុងជ័យជម្នះ ៤-១ លើក្រុម 1. FC Union Berlin នាការប្រកួតក្របខណ្ឌកំពូលអាល្លឺម៉ង់សប្តាហ៍ទី២៩។
កីឡាការិនីវាយកូនបាល់ Serena Williams, Naomi Osaka និង Coco Gauff ព្រមទាំងកំពូលអ្នកប្រណាំងរថយន្ត Formula One កីឡាករ Lewis Hamilton ស៊ុតតែបង្ហាញការមិនពេញចិត្តចំពោះទង្វើរើសអើងជាតិសាសន៍ និងបានរិះគន់ខ្លាំងៗផងលើបណ្តាញសង្គមផ្លូវការរបស់ពួកគេ ដោយមានភ្ជាប់ឃ្លា #JusticeForGeorgeFloyd ។
រលកនៃការតវ៉ាទាមទាររកយុត្តិធម៌ឲ្យ George បានរាលដាលកាន់តែខ្លាំងនៅតាមបណ្តាក្រុងនានានៅអាមេរិក ដោយក្រុមអ្នកតវ៉ា នាំគ្នាបំផ្លាញ ហាងទំនិញ ប៉ុស្តិ៍ប៉ូលិស និងការដុតបំផ្លាញទីតាំងមួយចំនួនផង។ ចលនាបាតុកម្មប្រែក្លាយជាកុបកម្មដោយមានការប៉ះទង្គិចគ្នាខ្លាំងឡើងរវាងក្រុមបាតុករទាមទារយុតិ្តធម៌ដល់បុរសស្បែកខ្មៅនិងប៉ូលិស នៅយប់ថ្ងៃទី៣០ ខែឧសភា នៅតាមបណ្តាទីក្រុងធំៗជាពិសេសនៅក្រុង Minneapolis នៃរដ្ឋមីនីសូតាដែលជាទីតាំងដែលករណីរើសអើងពូជសាសន៍ថ្មីបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។
ករណីធ្វើទារុណកម្មលើ George រហូតដល់ស្លាប់ នាំឲ្យប៉ូលិស Derek និងសហការី៣នាក់ទៀតត្រូវបានបណ្តេញពីការងារហើយ Derek ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។ អ្នកស្រី Kellie ភរិយារបស់ Derek ដែលមានដើមកំណើតជាជនជាតិភាគតិចម៉ុង (ឡាវ) និងជាអតីតបវរកញ្ញាក៏បាន ដាក់ប្តឹងសុំលែងលះផងដែរ៕
Tag:
Borussia Dortmund
Jadon Sancho
George Floyd
រើសអើងពូជសាសន៍
© រក្សាសិទ្ធិដោយ thmeythmey.com