ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន ប្រាប់​ទូត​ខ្មែរ​៩រូប ត្រូវ​ពន្យល់​ពី​ស្ថានភាព​កម្ពុជា​ឱ្យបាន​ច្បាស់​ទៅកាន់​អន្តរជាតិ​
01, Jun 2020 , 11:36 am        
រូបភាព
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ជួបឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងប្រចំាបណ្តាប្រទេសអង់គ្លេស ស៊ែប៊ី តួកគី បារំាង ឡាវ កូរ៉េខាងជើង អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងសិង្ហបុរី មុនចេញទៅបំពេញបេសកកម្មការទូត នាថ្ងៃទី១ មិថុនា ឆ្នាំ២០២០
សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ជួបឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងប្រចំាបណ្តាប្រទេសអង់គ្លេស ស៊ែប៊ី តួកគី បារំាង ឡាវ កូរ៉េខាងជើង អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងសិង្ហបុរី មុនចេញទៅបំពេញបេសកកម្មការទូត នាថ្ងៃទី១ មិថុនា ឆ្នាំ២០២០
​​ភ្នំពេញ​៖ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បាន​ផ្ដាំ​ឱ្យ​ឯកអគ្គរាជទូត​កម្ពុជា​ថ្មី​៩រូប ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ជាពិសេស​បកស្រាយ និង​ពន្យល់​ពី​ស្ថានភាព​កម្ពុជា ទៅកាន់​អន្តរជាតិ​ឱ្យបាន​យល់ច្បាស់ ខណៈដែល​ជន​ទុច្ចរិត​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា បំភ័ន្ត​សាធារណជន​។​




​សម្ដេច ហេង សំរិន បាន​ផ្ដាំ​ឱ្យ​ទូត​កម្ពុជា​ដែល​ត្រូវបានតែងតាំង​ថ្មី​ទាំងនោះ ផ្សារភ្ជាប់​ទំនាក់ទំនង​ការទូត​ ជាមួយ​ប្រទេស​ជា​មិត្ត​ឱ្យបាន​ល្អ ដើម្បី​ផលប្រយោជន៍​ជាតិ​។ ក្នុងជំនួប​ជាមួយ​បណ្ដា​អង្គទូត​កម្ពុជា​ថ្មី នៅ​ថ្ងៃទី​១ មិថុនា​នេះ ប្រធានរដ្ឋសភា បាន​និយាយ​ដូច្នេះ​ថា​៖«​ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ។ ​ត្រូវ​រក្សា ការពារ និង​លើក​តម្លៃ​ជាតិ​ជានិច្ច​ នូវ​អត្តសញ្ញាណ​ជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណីជាតិ និង​វប្បធម៌​ផូរផង់​របស់​ខ្មែរ និង​ត្រូវ​ពង្រឹង ពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​ទ្វេភាគី​ ឱ្យ​កាន់តែ​ប្រសើរ​ និង​ស្អិតល្មួត​ថែមទៀត ដើម្បី​ទាញយក​ផលប្រយោជន៍ សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​»​។​
 
​ក្រៅពី​បង្កើន​ទំនាក់ទំនង​នេះ ឯកអគ្គរាជទូត​កម្ពុ​ជា ក៏ត្រូវ​ពន្យល់​ពី​ស្ថានភាព​កម្ពុជា ទៅកាន់​អន្តរជាតិ​ឱ្យបាន​ច្បាស់​ផងដែរ ខណៈ​មនុស្ស​មួយចំនួន បាន​ប្រើប្រាស់​បច្ចេកវិទ្យា បង្ខូចកេរ្តិ៍​ឈ្មោះ​កម្ពុជា​។ «​ត្រូវ​ពន្យល់​ឱ្យបាន​ច្បាស់លាស់ ក្នុង​កាលទេសៈ​បច្ចេកវិទ្យា​ព័ត៌មាន ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័សក្នុងពេល​បច្ចុប្បន្ន និង​សភាពការណ៍​តំបន់ និង​ពិភពលោក​ប្រែប្រួល​ឥតឈប់ឈរ​នេះ ឯកអគ្គរាជទូត ត្រូវមាន​ភាព​អន្តរ​សកម្ម​ជានិច្ច​ ជាមួយ​ឯកអគ្គរដ្ឋទូត​-​រាជទូត ​នៃ​បណ្តា​ប្រទេស​នានា និង​ត្រូវ​ក្តាប់​ឱ្យបាន​ច្បាស់​នូវ​សភាពការណ៍ និង​ព័ត៌មាន ចំពោះ​ទង្វើ​បំភ័ន្ត​មតិ​ឯ​មហាជន អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស របស់​កម្ពុជា ដែល​មតិ​អគតិ​ខាងក្រៅ តែងតែ​បំផ្លើសការពិត មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហេង សំរិន​។​
 
​សម្ដេច ក៏​ជំ​រុញឱ្យ​ឯកអគ្គរាជទូត​ទាំងអស់ ​ត្រូវ​យកចិត្តទុកដាក់​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នានា​របស់​ពលរដ្ឋ​ខ្មែរ ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ជាពិសេស​ក្នុង​កាលៈទេសៈ​ នៃការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ-​១៩ នេះ​។​
 
​ឯកអគ្គរាជទូត​កម្ពុ​ជា ដែល​ត្រូវបាន​តែង​តែង​ប្រចាំ​បណ្តា​ប្រទេស​នានា រួមមាន​លោក កាន់ ផា​រិ​ទ្ធ ប្រចាំ​ចក្រភព​អង់គ្លេស អៀរ​ឡង់ ដា​ណឺ​ម៉ាក ស៊ុយអែត ន័​រវេ​ស និង​សាធារណរដ្ឋ​ហ្វាំ​ង​ឡង់ ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍​។ 
 
​លោក កេ​ត សោ​ផាន់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង អ៊ីតាលី ព័រ​ទុយ​ហ្គា​ល់ ម៉ា​ល់តា អេស្បាញ បូរី​ក្សត្រ​អង់​ដ័​រ និង​បូរី​ក្សត្រ​ម៉ូ​ណា​កូ ដែលមាន​និ​វេស​ដ្ឋា​ន​ នៅ​ទីក្រុង​ប៉ារីស​។ ដោយឡែក​លោកស្រី ផែន សាវ​នី ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប៉ូឡូញ ឆែក ក្រូ​អាស៊ី និង​ហុង​គ្រី ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ប៊ែ​កឡាំង​។​
 
​ចំណែក​លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ឥណ្ឌូណេស៊ី និង​ទី​ម័​រ​ខាងកើត ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ហ្សា​ការតា​។ លោក មាស គឹម​ហេង ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​តួ​ក​គី តា​ហ្ស៊ី​គី​ស្ថាន អា​ស៊ែ​បៃ​ហ្ស​ង់ កា​ហ្សា​ក់​ស្ថាន ហ្ស​ក​ហ្ស៊ី និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ដែលមាន​និ​វេស​ដ្ឋា​ន​នៅ​ទីក្រុង​អង់កា​រ៉ា​។ ជាមួយគ្នានេះ ​លោក តាន់ វុ​ដ្ឋា ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ស៊ែ​ប៊ី និង​ស្លូ​វេ​នី ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​ប៊ែ​ក្រា​ត​។​
 
​រីឯ​លោក សុខ ខឿន ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សិង្ហ​បុរី ។ លោកស្រី ថោង សុគន្ធា​រី ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឡាវ និង​លោក សៀង ប៊ុន​វុ​ធ ឯកអគ្គរាជទូត​ខ្មែរ​ ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​៕
 

Tag:
 ហេង សំរិន​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com