អន្តរជាតិ
ឥណ្ឌាបណ្តេញមន្ត្រីស្ថានទូតប៉ាគីស្ថាន ដោយចោទពីបទចារកម្ម ទង់ជាតិឥណ្ឌា និងប៉ាគីស្ថាន។រូបភាពAFP
× រដ្ឋាភិបាលឥណ្ឌា នៅថ្ងៃទី៣១ ខែឧសភា បានបណ្តេញមន្ត្រីស្ថានទូតប៉ាគីស្ថានចំនួន២រូប ប្រចាំរដ្ឋធានីញូដេលីដោយ ចោទពីការពាក់ព័ន្ធក្នុងសកម្មភាពចារកម្ម។ នេះបើតាមការអះអាងរបស់ ក្រសួងការបរទេសឥណ្ឌា។ ការបណ្តេញមន្ត្រីស្ថានទូតប៉ាគីស្ថាននេះ កាន់តែធ្វើឲ្យទំនាក់ទំនង រវាងប្រទេសជិតខាងគូសត្រូវនេះ តានតឹងបន្ថែមទៀត។
«រដ្ឋាភិបាលបានប្រកាសថា មន្ត្រីទាំង២រូបនេះ ជាបុគ្គលមិនស្វាគមន៍ (persona non grata) ដោយបានពាក់ព័ន្ធទៅនឹងសកម្មភាព ដែលមិនសក្តិសមទៅនឹងលក្ខន្តិកៈ ជាសមាជិកនៃបេសកកម្មការទូត»។ នេះជាសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសឥណ្ឌា ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP ។
យោងតាមសេចក្តីថ្លែងការណ៍ មន្ត្រីទាំង២រូបខាងលើត្រូវចាកចេញពីឥណ្ ឌាក្នុងរយៈពេល២៤ម៉ោង។ ចំណែកឯក្រសួងការបរទេសប៉ាគីស្ថានវិញ បានប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពដែលបានចោទប្រកាន់ខាងលើ ទៅកាន់ឧបការីស្ថានទូតរបស់ខ្លួន។ ក្រសួងការបរទេសប៉ាគីស្ថានបានអះអាងថា ប៉ាគីស្ថាន ប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងចាត់ទុកថា ជាការបំពានលើអនុសញ្ញាក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ក្នុងបរិយាកាសការទូតដែលកំពុងអួអាប់ស្រាប់។
លើសពីនោះ ប៉ាគីស្ថាន បានកោះហៅភារធារីឥណ្ឌា ទៅតវ៉ាចំពោះការបណ្តេញមន្ត្រីរបស់ខ្លួន។
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កាន់តែតាន់តឹងបន្ថែមមួយកម្រិតទៀត ក្រោយការបណ្តេញមន្ត្រីប៉ាគីស្ថានទាំង២រូបនេះ។ តាំងតែពីបានឯករាជ្យពីអង់គ្លេស ក្នុងឆ្នាំ១៩៤៧ ឥណ្ឌា និងប៉ាគីស្ថាន បានធ្វើសង្គ្រាមជាមួយគ្នាចំនួនបីដង ដោយក្នុងនោះពីរដង លើការកាន់កាប់តំបន់កាស្មៀរ។
តំបន់កាស្មៀរនេះហើយ ដែលជាប្រភពនៃភាពតានតឹង រវាងប្រទេសទាំង២ក្នុងពេលថ្មីៗនេះ។ ជាក់ស្តែងប្រទេសទាំង២ បានប៉ះទង្គិចគ្នាផ្លូវអាកាស កាលពីខែកុម្ភៈឆ្នាំ២០១៩។ ចំណែកឯកាលពីខែសីហា ឆ្នាំ២០១៩ ឥណ្ឌាបានសម្រេចដកហូតលក្ខន្តិកៈពាក់កណ្តាលស្វ័យយ័ត ពីតំបន់ខាងលើ ដែលមានប្រជាជនមួយភាគធំជាមូស្លីម និងដាក់បម្រាមគោចរ។
ក្រៅតែជម្លោះជាមួយប៉ាគីស្ថាន ឥណ្ឌាក៏មានជម្លោះជាមួយប្រទេសជិតខាងដទៃទៀត ដូចជាចិន និងនេប៉ាល់ផងដែរ។ ហើយថ្មីៗនេះ ឥណ្ឌាបានបដិសេធការចូលខ្លួន ធ្វើជាអ្នកសម្របសម្រួល របស់លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក លើជម្លោះព្រំដែនប្រវែង៣,៥០០ គីឡូម៉ែត្រជាមួយចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com