COVID-19
អន្តរជាតិ
ប្រមុខការទូតអាមេរិកចាត់ទុកឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលីជាដៃគូល្អប្រឆាំងការគំរាមរបស់ចិន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង អាមេរិក និងជប៉ុនចាប់ដៃគ្នាមុនជំនួបកន្លងមក។ រូបភាព AFP
× រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ បាននិយាយនៅថ្ងៃទី៣០ ខែឧសភា ថា ប្រទេសជាមិត្តរបស់អាមេរិកនៅអាស៊ីមានកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា និងនៅអឺរ៉ុបជាដើម គឺជាដៃគូល្អក្នុងការការពារគុណតម្លៃលោកខាងលិចប្រឆាំងនឹងការគំរាមកំហែងរបស់ចិន។ ការលើកឡើងនេះ ស្ថិតក្នុងយុទ្ធនាការរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទប់ទល់ឥទ្ធិពលចិនដែលកំពុងតែកើនឡើង។
ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្រាប់ប្រមុខការទូតអាមេរិក ម៉ៃ ប៉ុមប៉េអូ ប្រទេសទាំងនេះ ជាដៃគូដ៏ល្អសម្រាប់អាមេរិកក្នុងការជួយការពារគុណតម្លៃបស្ចិមប្រទេសទល់នឹងការគំរាមរបស់ចិនកុម្មុយនីស្ត។ មិនមែនជាសម្ព័ន្ធមិត្តអាស៊ីឡើយ ប្រេស៊ីលនៅអាមេរិកខាងត្បូង និងអឺរ៉ុប ក៏ត្រូវបានលោក ប៉ុមប៉េអូ ចុចឈ្មោះក្នុងបញ្ជីប្រទេសដែលអាមេរិកអាចពឹងពាក់បានដែរ។
«និយាយពីការជឿនលឿនផ្នែកយោធារបស់បក្សកុម្មុយនីស្តចិន យើងអាចធ្វើជាដៃគូល្អជាមួយសម្ព័ន្ធមិត្តចាប់ពីឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ប្រេស៊ីល អឺរ៉ុប និងប្រទេសដទៃទៀត។ យើងអាចជាដៃគូល្អជាមួយពួកគេ និងធានាថា សតវត្សរ៍បន្ទាប់ នៅតែជាពេលវេលារបស់គុណតម្លៃលោកខាងលិចដែលមានសេរីភាពនៅអាមេរិកជាគំរូ។» នេះជាការអះអាងរបស់លោក ប៉ុមប៉េអូ ក្នុងកិច្ចសម្ភាសជាមូយទូរទស្សន៍ Fox News នៅថ្ងៃទី៣០ ខែឧសភា។
ការលើកឡើងរបស់លោក ប៉ុមប៉េអូ ធ្វើឡើងមួយថ្ងៃក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្ហើបគម្រោងអញ្ជើញប្រទេសមានសេដ្ឋកិច្ចជឿនលឿនដូចជាកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌាឲ្យចូលរួមក្នុងកិច្ចប្រជុំប្រទេសឧស្សាហកម្មរីកចម្រើនទាំង៧ (G7)។ ខណៈលោក ត្រាំ មិនផ្ដល់ព័ត៌មានលម្អិតពីការអញ្ជើញនេះ អ្នកនាំពាក្យសេតវិមាននិយាយថា ជំនួបដែលលោកប្រធានាធិបតីចង់បាននោះ នឹងផ្ដោតលើប្រធានបទចិន។
ជំងឺ COVID-19 ក្លាយជាបញ្ហារសើបមួយទៀតដែលអាមេរិកប្រើប្រាស់ដើម្បីវាយប្រហារចិនបន្ថែមពីលើបញ្ហាពាណិជ្ជកម្មដែលលោក ត្រាំ បញ្ឆេះកាលពីឆ្នាំ២០១៨ ។ ដោយគិតគូរពីសម្ដីមន្ត្រីអាមេរិកកន្លងមក ទីក្រុងវ៉ាស៊ីនតោន ទំនងជាប្រមូលកម្លាំងប្រទេសមហាអំណាច ដើម្បីតទល់ឥទ្ធិពលបក្សកុម្មុយនីស្តចិន ដែលលោក ប៉ុមប៉េអូ បាននិយាយក្នុងកិចសម្ភាសខាងលើ ថា មានចេតនាចង់ឃើញគុណតម្លៃលោកខាងលិចត្រូវបានបំផ្លាញ។
យ៉ាងណាមិញ សម្ព័ន្ធមិត្តអាមេរិកខាងលើ ក៏មានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយចិនផងដែរ។ ការអូសទាញរបស់អាមេរិកដើម្បីវាយប្រហារចិន ទំនងជាបង្កក្ដីបារម្ភខ្លាំងសម្រាប់កូរ៉េខាងត្បូង ជប៉ុន ប្រេស៊ីល និងឥណ្ឌាជាដើម។ ម្ខាងគឺជាសម្ព័ន្ធមិត្តផ្នែកសន្តិសុខ និងការទូត ឯម្ខាងទៀតជាដៃគូពាណិជ្ជកម្មដ៏សំខាន់៕
Tag:
ចិន
អាមេរិក
ម៉ៃ ប៉ុមប៉េអូ
© រក្សាសិទ្ធិដោយ thmeythmey.com