ជាតិ
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​៖ ការចិញ្ចឹម​កូន​នាង​ស្រាវ​យក​សូត្រ​នៅ​កម្ពុជា មាន​ភាពទំនើប​ទាន់សម័យ​
01, Jun 2020 , 3:51 pm        
រូបភាព
រូបភាព​ពី​ក្រសួង​ពាណិជ្ជកម្ម
រូបភាព​ពី​ក្រសួង​ពាណិជ្ជកម្ម
​ភ្នំពេញ​៖ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​សូត្រ​ខ្មែរ​មាន​ភាពរស់រវើក​ឡើង​វិញ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អះអាងថា រដ្ឋាភិបាល​កម្ពុជា​បានរៀបចំ​យុទ្ធសាស្ត្រ​សូត្រ​ជាតិ ២០១៦-២០២០​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បន្តថា យុទ្ធសាស្ត្រ​សូត្រ​ជាតិ​នេះ នឹងធ្វើ​ឲ្យ​ការចិញ្ចឹម​កូន​នាង​ស្រាវ​យក​សូត្រ​មាន​ភាពទំនើប​ទាន់សម័យ និង​ប្រកបដោយ​ចីរភាព​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។

 
​លោក ប៉ាន សូរ​ស័ក្តិ លើកឡើងបែបនេះ នា​ពិធី​ចុះ​អនុស្សរណៈ​រវាង​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច និង​ក្រុមហ៊ុន​ឯកជន ស្តីពី​ការអភិវឌ្ឍខ្សែសង្វាក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​សូត្រ​ខ្មែរ នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពី​ថ្ងៃទី​៣០ ឧសភា​។ 
 
​បើតាម​លោក ប៉ាន សូរ​ស័ក្តិ ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​សូត្រ ដើម្បី​ដោះស្រាយ​កង្វល់ និង​ពង្រីក​វិស័យ​សូត្រ សម្រាប់​សេដ្ឋកិច្ចជាតិ ដោយ​ផ្អែកលើ​តម្រូវការ​ផលិតផល​សូត្រ​ក្នុង និង​ក្រៅ​ស្រុក​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម បន្តថា ដើម្បី​លើកកម្ពស់ និង​អភិវឌ្ឍន៍​វិស័យ​សូត្រ​ខ្មែរ គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ជា​ចំណុច​ចាប់ផ្ដើម​ដំបូង​នៃ​ភាពជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​សាធារណៈ​លើ​អាជីវកម្ម​សូត្រ​ឈានមុខ ក្នុងការ​បង្កើត​កសិក​ម្ម​តាម​កិច្ចសន្យា ដើម្បី​ផលិត​សូត្រ​ឆៅ​។​
 
​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នោះ លោក​រដ្ឋមន្ត្រី បាន​ជំរុញ​ដល់​ភាគី​ហត្ថលេខី​ទាំងពីរ សហការគ្នា​រួមចំណែក​អភិវឌ្ឍ​វិស័យ​សូត្រ​ខ្មែរ​ឲ្យ​កាន់តែ​រីកចម្រើន ដែល​ជួយ​បង្កើត​ការងារ កាត់បន្ថយ​ការ​ចំណាកស្រុក និង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាកសិករ​ក្រុម​ផលិត​សូត្រ​។ លោក​ក៏បាន​សំណូមពរ​ដល់​ក្រុមហ៊ុន ដែល​វិនិយោគ​លើ​វិស័យ​សូត្រ​ខ្មែរ​ទាំងអស់ ផ្តោត​ការយកចិត្តទុកដាក់​លើ​គុណភាព​ផលិតផល ដែលមាន​តួនាទី​សំខាន់​សម្រាប់​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​៕
 

Tag:
 សៀមរាប​
  សូត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com