កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton រិះគន់ស្ថាប័ន F1 ដែលស្ងាត់មាត់ជុំវិញមរណភាព George Floyd
× Lewis Hamilton កំពូលកីឡាករប្រណាំងរថយន្ត Formula One បានរិះគន់ស្ថាប័ន F1 ចំពោះភាពស្ងៀមស្ងាត់ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ George Floyd ពីសប្តាហ៍មុន។ មរណភាពរបស់ George បង្កឲ្យមានកំហឹង និងការតវ៉ាដ៏ឃោឃៅនៅសហរដ្ឋអាមេរិក។
Hamilton ម្ចាស់ជើងឯក F1 ពិភពលោក និងជាអ្នកប្រណាំងស្បែកខ្មៅដំបូងគេដែលឈ្នះការប្រណាំងប្រចាំរដូវកាល៦ជំនាន់ បានចំណាយពេលច្រើននៅទឹកដីអាមេរិក និងរៀបរាប់អំពីបញ្ហារើសអើងជាតិសាសន៍នេះលើបណ្តាញសង្គម Instagram នៅថ្ងៃទី៣១ ខែឧសភា។
អ្នកប្រណាំងជនជាតិអង់គ្លេសដែលបើកបរឲ្យ Mercedes រូបនេះបានសរសេរថា៖« ខ្ញុំបានឃើញអ្នកដែលនៅស្ងៀម អ្នកខ្លះដែលជាតារាល្បីៗក្នុងស្ថាប័ន F1 ប៉ុន្តែនៅតែស្ងៀមបើទោះបីមានភាពអយុត្តិធម៌បែបនេះកើតឡើងក៏ដោយ»។
Hamilton បន្ថែមថា នេះមិនមែនសំដៅលើអ្នកណាម្នាក់នៅក្នុងឧស្សាហកម្មកីឡាប្រណាំងឡានដែលមានអ្នកគ្រប់គ្រងជាជនជាតិស្បែកសនោះទេ។ ប៉ុន្តែ Hamilton ចង់បង្ហាញថា ខ្លួនជាមនុស្សតែម្នាក់គត់ដែលមានស្បែកខ្មៅនៅ F1។
ម្ចាស់ជើងឯក F1 ឆ្នាំ២០១៩ រិះគន់អ្នកគ្រប់គ្នាក្នុងស្ថាប័នលំដាប់ពិភលលោកមួយនេះ ថា ពួកគេមិនខ្វល់អ្វីឡើយបើទោះភាពអយុត្តិធម៌បែបរើសអើងពូជសាសន៍បានកើតឡើងលើបុរសជនជាតិស្បែកខ្មៅ ដែលល្បីស្ទើរជុំវិញពិភពលោកទៅហើយនោះ។
សូមរម្លឹកថា បុរសស្បែកខ្មៅ George Floyd បានស្លាប់ ក្រោមស្នាដៃប៉ូលិសស្បែកសឈ្មោះ Derek Chauvin ដែលប្រើជង្គង់សង្កត់ ក ផ្ទប់ទៅនឹងដីអស់រយៈពេលជិត៩នាទី។ ករណីនេះ បានកើតឡើងនៅក្រុង Minneapolis រដ្ឋមីនីសូតា សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៥ ខែឧសភា បន្ទាប់ពីបុគ្គលិកហាងទំនិញម្នាក់ បានទូរសព្ទរាយការណ៍ទៅប៉ូលិសថា George បានយកលុយក្លែងក្លាយ២០ដុល្លារ ទិញទំនិញនៅហាងរបស់ខ្លួន។
ការតវ៉ាទាមទាររកយុត្តិធម៌ឲ្យ George ក៏បានរាលដាលកាន់តែខ្លាំងដោយប្រែពីចលនាបាតុកម្មទៅជាកុបកម្មនៅតាមបណ្តាក្រុងនានានៅអាមេរិក ដោយក្រុមអ្នកតវ៉ា នាំគ្នាបំផ្លាញ ហាងទំនិញ ប៉ុស្តិ៍ប៉ូលិស និងការដុតបំផ្លាញទីតាំងមួយចំនួនផង ហើយក្នុងនោះ ក៏មានជនឆ្លៀតឱកាសមួយចំនួនលួចឥវ៉ាន់ពីក្នុងហាងទៀតផង។
ក្រោយមានបញ្ហាកុប្បកម្មកើតឡើង Hamilton បានអះអាងថា រូបគេមិនគាំទ្រឲ្យមានការលួច និងតវ៉ារហូតដុតអគារទាំងនោះទេ ប៉ុន្តែអ្នកដែលកំពុងតវ៉ាដោយសន្តិវិធីគឺគាំទ្រពេញទំហឹង៕
Tag:
Lewis Hamilton
George Floyd
Formula One
© រក្សាសិទ្ធិដោយ thmeythmey.com