COVID-19
អន្តរជាតិ
COVID-19៖ ជប៉ុន​ពិចារណា​បើកទ្វារ​ទទួល​បរទេស​ពី​ថៃ វៀតណាម អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​
01, Jun 2020 , 4:24 pm        
រូបភាព
មនុស្សម្នាពាក់ម៉ាស់ ដើរនៅសង្កាត់មួយកន្លែង មួយថ្ងៃក្រោយរដ្ឋាភិបាលដកហូតការប្រកាសអាសន្នរដ្ឋ ក្នុងទីក្រុង តូក្យូ នៅថ្ងៃទី២៦ ខែឧសភា  -ប្រភពរូប៖ Reuters
មនុស្សម្នាពាក់ម៉ាស់ ដើរនៅសង្កាត់មួយកន្លែង មួយថ្ងៃក្រោយរដ្ឋាភិបាលដកហូតការប្រកាសអាសន្នរដ្ឋ ក្នុងទីក្រុង តូក្យូ នៅថ្ងៃទី២៦ ខែឧសភា -ប្រភពរូប៖ Reuters
ដោយ:
រដ្ឋាភិបាល​ជប៉ុន កំពុង​ពិចារណា​បើក​ព្រំដែន​ខ្លួន​ឡើងវិញ​សម្រាប់​អ្នកដំណើរ​បរទេស​មក​ពី​បណ្ដា​ប្រទេស​ដែល​បានជ្រើសរើស ដោយ​ផ្អែកលើ​កម្រិត​ឆ្លង​COVID-19​ទាប ។ ផែនការ​នេះ ត្រូវបាន​លើកឡើង​ខណៈ​ប្រទេស​ជប៉ុន​ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដែល​បានដាក់​ដើម្បី​ទប់ស្កាត់​COVID-19​។​

 
​ខណៈ​សាលារៀន រោងកុន ក្លិប​កីឡា និង​ហាង​ទំនិញ​នានា បាន​បើកទ្វារ​ឡើងវិញ​ក្នុង​ទីក្រុង តូ​ក្យូ កាលពី​ថ្ងៃទី ១ ខែមិថុនា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជប៉ុន បាន​រាយការណ៍​ថា រដ្ឋាភិបាល​ក៏​កំពុង​រៀបចំ​ផែនការ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​មកពី​ប្រទេស ថៃ វៀតណាម អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ចូលក្នុង​ប្រទេស​ក្នុងពេល​ប៉ុន្មាន​ខែ​ខាងមុខ​ផងដែរ​។ 
 
 
​កាសែត​ជប៉ុន Asahi Shimbun ដែល​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ បាន​ចុះផ្សាយ​ថា រដ្ឋាភិបាល​ជប៉ុន កំពុង​ពិចារណា​អនុញ្ញាត​ឲ្យ​អ្នក​ធុរកិច្ច​បរទេស​មកពី​ប្រទេស​ចំនួន​៤​ចូលក្នុង​ប្រទេស​ជប៉ុន ប្រសិនបើ​ពួកគេ​មាន​លទ្ធផល​តេស្ត COVID-19 អវិជ្ជមាន សម្រាប់​ការធ្វើ​តេស្ត​២​ដង​ដាច់ដោយឡែក​ពីគ្នា អំឡុងពេល​ដំណើរ​ពួកគេ​ចេញពី​ប្រទេស​កំណើត និង​ទៅដល់​ប្រទេស​ជប៉ុន​។ 
 
​កាលណា​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស ការ​ចល័ត​របស់​អ្នកដំណើរ​បរទេស​ទាំង​នេះ នឹងត្រូវ​រឹតត្បិត​តែ​សម្រាប់​តំបន់ ដូចជា កន្លែង​ស្នាក់នៅ ការិយាល័យ​ក្រុមហ៊ុន និង​រោងចក្រ ជាដើម​។ កាសែត​ដដែល​បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ការប្រើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ នឹងត្រូវ​ហាមឃាត់​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters គេ​ពុំទាន់​ទទួល​ការឆ្លើយតប​ណា​ភ្លាមៗ​ណាមួយ​ពាក់ព័ន្ធ​រឿងនេះ​ពី​ក្រសួងការបរទេស​ជប៉ុន​នៅឡើយ​ទេ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែមិថុនា ប្រទេស​ជប៉ុន មាន​ករណី​ឆ្លង​COVID-19​សរុប ១៧ ០០០​ករណី និង​ស្លាប់ ៩០០​នាក់​។ ហើយ​ចាប់តាំងពី​ខែកុម្ភៈ រដ្ឋាភិបាល​ជប៉ុន​បានដាក់​បម្រាម​ការមកដល់​ពី​សំណាក់​ជនបរទេស ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាលរាល​ជំងឺ​COVID-19​ពី​ប្រទេសក្រៅ​៕
 
 
 

Tag:
 ជប៉ុន​
  COVID-19
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com