ក្នុងពេលត្រឹមមួយខែ ប្ដីប្រពន្ធស្រីលង្កាមួយគូ ស្ទើរប្រែក្លាយពីអ្នកក្រេបទឹកឃ្មុំទៅជាអ្នកគ្មានផ្ទះសម្បែង។ គ្មានកន្លែងជ្រកកោន ហើយលុយសល់ត្រឹមជាង១៤ដុល្លារក្នុងហោប៉ៅ ប្ដីប្រពន្ធមួយគូ ដែលប្ដីឈ្មោះ Brahim Casseem និងភរិយាឈ្មោះ Dilka Dilukshi ទ្រាំរស់យ៉ាងលំបាកលំបិន។
«វាគឺជាស្ថានភាពដ៏លំបាកបំផុតមួយ ព្រោះយើងពុំមានវិធីអ្វីផ្សេងទៀតឡើយ» ។ លោកCasseem វ័យ៣០ឆ្នាំ បញ្ជាក់បែបនេះ ដោយបន្ថែមថា៖«យើងពុំដឹងថានរណា នឹងជួយពួកយើងឡើយ។ ដូច្នេះយើងពុំមានជម្រើសអ្វី ក្រៅពីដេកតាមចិញ្ចើមផ្លូវ»។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី១ ខែមិថុនា ប្ដីប្រពន្ធជនជាតិស្រីលង្កាមួយគូនេះ បានទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១១ ខែមីនាសម្រាប់គម្រោងក្រេបទឹកឃ្មុំរយៈពេល២សប្តាហ៍។ កាលនោះ សិង្ហបុរីមានករណីឆ្លង COVID-19 តិចជាង២០០ករណីប៉ុណ្ណោះ។
លោក Casseem បញ្ជាក់ថា លោក និងភរិយាជ្រើសរើសសិង្ហបុរី ព្រោះពួកគេពុំត្រូវការមានទិដ្ឋាការទេសចរណ៍ ដើម្បីចូលទៅកាន់ប្រទេសនេះឡើយ។ លោកបន្តថា៖«យើងដឹងអំពីកូរ៉ូណាវីរុស តែយើងគិតថា វានឹងមិនទៅជាអាក្រក់ខ្លាំងបែបនេះទេ។ ក្នុងប្រទេសស្រីលង្កា វាគ្មានព័ត៌មានពាក់ព័ន្ធជំងឺ COVID-19 ឡើយពេលនោះ ហើយយើងដឹងព័ត៌មានតែស្ត្រីចិនម្នាក់ក្នុងស្រីលង្កាប៉ុណ្ណោះ»។
ប្ដីប្រពន្ធមួយគូនេះ បានសន្សំប្រាក់សម្រាប់ដំណើរក្រេបទឹកឃ្មុំ២សប្តាហ៍នេះ។ ថ្លៃសំបុត្រយន្តហោះសរុប ស្មើ ៤៣៤ ដុល្លារ ហើយពួកគេក៏យកថ្លៃសម្រាប់ចំណាយជាង៧១១ដុល្លារផងដែរ។
ពេលទៅដល់ប្រទេសសិង្ហបុរី លោក Casseem និងអ្នកស្រី Dilukshi ទើបដឹងខ្លួនថា បញ្ហាជំងឺ COVID-19 ពុំស្ថិតនៅស្ថានភាពល្អប្រសើរដូចពួកគេគិតឡើង។ ប្ដីប្រពន្ធទាំងពីរនាក់ ត្រូវបានអាជ្ញាធរប្រាប់ឲ្យទៅស្នាក់នៅទីតាំំងរឹតត្បិតការដើរហើរមួយកន្លែង ដោយរង់ចាំតាមដានស្ថានការណ៍ COVID-19 នៅសិង្ហបុរី។
ជិតដល់ថ្ងៃបញ្ចប់ដំណើរកម្សាន្ត២សប្តាហ៍ពួកគេនៅសិង្ហបុរី ប្ដីប្រពន្ធមួយគូនេះ ទទួលបានព័ត៌មានថា ប្រទេសស្រីលង្កាបានអនុវត្តបទបញ្ជាបិទប្រទេស។ ជើងហោះហើរត្រលប់ទៅផ្ទះពួកគេ ត្រូវបានលុបចោល។ យ៉ាងណាមិញ អ្នកទាំងពីររក្សាគំនិតវិជ្ជមាន ព្រោះពួកគេនៅសល់ប្រាក់ខ្លះ និងក្នុងគណនីសន្សំជាង៣០០ដុល្លារទៀត។ បុរសជាប្ដី និយាយថា៖«យើងគិតថាក្នុងពេល១ខែ យើងនឹងអាចចាកចេញទៅផ្ទះវិញ ព្រោះស្ថានការណ៍ COVID-19 នៅស្រីលង្កានឹងល្អប្រសើរ ហើយព្រលានយន្តហោះនឹងបើកឡើងវិញ»។
ក៏ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ប្តីប្រពន្ធមួយគូនេះ យល់ឃើញថា ពួកគេប្រហែលជាប់គាំងក្នុងប្រទេសសិង្ហបុរីរយៈពេលយូរជាងពួកគេបានរំពឹងទុក។ ពួកគេបានទាក់ទងសុំជំនួយពីមន្ត្រីស្រីលង្កា។ គ្រួសារពួកគេនៅប្រទេសស្រីលង្កា កាន់តែខ្វល់ខ្វាយចិត្តជាខ្លាំង តែពុំអាចជួយអ្វីបានឡើយ។
ចុងក្រោយ ពួកគេត្រូវបានជួយជ្រោមជ្រែងដោយអង្គការក្រៅរដ្ឋាភិបាលមួយ។ បច្ចុប្បន្នពួកគេកំពុងសម្រាកនៅសណ្ឋាគារមួយកន្លែងក្នុងប្រទេសសិង្ហបុរី ខណៈរង់ចាំជើងហោះហើរត្រលប់ទៅផ្ទះពួកគេវិញ។ បើតាមទូរទស្សន៍ Channel News Asia ប្ដីប្រពន្ធទាំងពីរនាក់នេះ សង្ឃឹមនឹងត្រលប់ទៅផ្ទះតាមជើងហោះហើរមួយ នាថ្ងៃទី២ ខែមិថុនា៕