ផ្លូវ​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ថវិកា​ជិត​៣០០​លាន​ដុល្លារ ស្ថាបនា​បាន​៩០​ភាគរយ​ហើយ​
ជាតិ
សង្គមជាតិ
ផ្លូវ​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ថវិកា​ជិត​៣០០​លាន​ដុល្លារ ស្ថាបនា​បាន​៩០​ភាគរយ​ហើយ​
01, Jun 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ផ្លូវ​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចំណាយ​ថវិកា​ជិត​៣០០​លាន​ដុល្លារ ស្ថាបនា​បាន​៩០​ភាគរយ​ហើយ​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​


​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​ជិត​៣០០​លាន​ដុល្លារ​អាមេរិក ដើម្បី​កសាង​ផ្លូវ​ចំនួន ៣៤​ខ្សែ នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ផ្លូវ​ប្រណិត​ភាព​ដំបូង​បំផុត​នៅ​កម្ពុជា​។ គិត​ត្រឹម​ថ្ងៃទី​១ មិថុនា ផ្លូវ​ទាំង ៣៤​ខ្សែ​នេះ សម្រេចបាន​ជាង​៩០​ភាគរយ​ហើយ ។ ផ្លូវ​នេះ បានចាប់ផ្ដើម​សាងសង់​កាលពី​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៩ មក ។​
 
​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បាន​បញ្ជាក់ថា ការស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ គឺមាន​ការចូលរួម​ពី​កម្លាំង​ជំនាញ ដើម្បី​ដោះស្រាយ​ឱ្យទាន់​សភាពការណ៍ ក្នុងនោះ​មាន​កងវិស្វកម្ម សម្តេច ហ៊ុន សែន សៀមរាប ស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅ ប្រវែង ៩.៣៦៥​ម ចំនួន ០១ ខ្សែ​។ កងវិស្វកម្ម លេខ ១៧៨ ស្ពាន​ថ្នល់ ស្ថាបនា​វិថី​ឯករាជ្យ ប្រវែង ៥.៣៦៥​ម ចំនួន ០១​ខ្សែ​។ ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​, វិថី​ពូ​ទ្បូ​វៃ​, វិថី​២​ធ្នូ​, វិថី​២៨ មិថុនា ប្រវែង​សរុប ២៣.៣៦០​ម ចំនួន ០៥​ខ្សែ​។ ក្រុមហ៊ុន រ៉ូយ៉ាល់​មេគង្គ ស្ថាបនា មហាវិថី​រាម​លេខ ៤៥ និង​វិថី​មិត្តភាព​កម្ពុជា​-​រុស្សី លេខ ៧០៥ ប្រវែង​សរុប ១១.៦០៣​ម ចំនួន ០២​ខ្សែ​។  
 
​ដោយឡែក​ក្រុមហ៊ុន សារ​ជីវ​កម្ម ពិស្ណុការ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែង​សរុប ១២.៥៧២​ម​. ចំនួន ០៩​ខ្សែ ។ ក្រុមហ៊ុន SCE ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវ លេខ ៤៩ ប្រវែង​សរុប ៦.៥០៦​ម ចំនួន ១​ខ្សែ និង ក្រុមហ៊ុន VT ស្ថាបនា​ផ្លូវ​លេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែង​សរុប ៥.៥៦២​ម ចំនួន ០៥ ខ្សែ​។​
 
​តាម​ផែនការ​គ្រោងទុក «​មហាវិថី​ជំទាវ​ម៉ៅ​» គឺជា​ខ្សែ​ផ្លូវ​យុ​ទ្ឋ​សាស្ត្រ​ថ្មី​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​ផ្លូវបំបែក​រាម មកកាន់​ក្រុងព្រះសីហនុ ដោយ​ចំណាយ​រយៈពេល​ក្រោម ៣០​នាទី​។ នេះ​ជាការ​បញ្ជាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​
 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​១ មិថុនា សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា រដ្ឋាភិបាល ក៏​ធ្វើឱ្យ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ មាន​ភាព​ស៊ី​វិ​ល័យ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ក្នុងការ​ប្រែក្លាយ​ឱ្យទៅជា​ខេត្ត​ឧស្សាហកម្ម​គំរូ​ពហុ​បំណង និង​ជា​ខេត្ត​សេដ្ឋកិច្ច​របស់​កម្ពុជា​៕

Tag:
 ផ្លូវ​៣៤​ខ្សែ​
  ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com