ជាតិ
ពីនេះ ពីនោះ
«​កង់​បី​»​ជា​ពាក្យ​ខ្មែរ ចំណែក​«​ម៉ូតូ​» និង​«​រ៉ឺម៉ក​» ទើប​មិនមែនជា​ពាក្យ​ខ្មែរ​!
19, Nov 2020 , 7:29 am        
រូបភាព
​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​បានគិត​ថា​ពាក្យ​«​ម៉ូតូ​» និង​«​រ៉ឺម៉ក​»​ជា​ពាក្យ​ខ្មែរ​។ ផ្ទុយ​មកវិញ​ពាក្យ​ទាំងពីរ​នេះ ជា​ពាក្យ​កម្ចី​ពី​បារាំង​។ ចំណែក​ពាក្យ​«​កង់​បី​» ដែលមាន​សណ្ឋាន​ដូចនឹង​រ៉ឺម៉ក​ដែរនោះ​ទើប​ជា​ពាក្យ​ខ្មែរ​ដែលមាន​នៅក្នុង​សទ្ទានុក្រម​ពាក្យថ្មី របស់​រាជបណ្ឌិត្យសភា​កម្ពុជា​ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០១៨​។

 
«​ម៉ូតូ​»​ជា​កម្ចី​ពី​ភាសា​បារាំង​(Moto)​។ វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានកំណត់​ពាក្យ​មួយទៀត​ដែល​មានន័យ​ដូចនឹង​ពាក្យ​«​ម៉ូតូ​»​ដែរ គឺ​ពាក្យ​«​ទោចក្រយានយន្ត​»​។ តែ​ភាគច្រើន​និយម​ហៅថា​«​ម៉ូតូ​»​ជាង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ចាត់ទុក​ពាក្យ​នេះ​ជា​ពាក្យ​ខ្មែរ​ទៅហើយ​។   
 
 «​រ៉ឺម៉ក​»​ក៏មាន​អ្នកខ្លះ​ចាត់ទុកជា​ពាក្យ​ខ្មែរ​ដែរ​។ ការពិត​វា​ជា​ពាក្យ​ក្លាយ​មកពី​ភាសា​បារាំង Remorque ដែល​ប្រែជា​ភាសា​ខ្មែរ​មានន័យថា កន្ទុយ ឬ​សណ្តោង​។ 
 
​ជាទូទៅ​គេ​និយម​ហៅ​ពាក្យ​ទាំងពីរ​នេះ​ចូលគ្នា​ថា ម៉ូតូ​រ៉ឺម៉ក ឬ​រ៉ឺម៉ក​ម៉ូតូ ដែល​សំដៅលើ​ម៉ូតូ​ដែលមាន​សណ្តោង​សម្រាប់​ដឹកជញ្ជូន​អីវ៉ាន់​ផ្សេងៗ ឬ​សម្រាប់​ដាក់​មនុស្ស​ជាដើម​។ តែ​យ៉ាងណា​ពាក្យ​នេះ ក៏មាន​ជា​ពាក្យ​ខ្មែរ​ថា ទោចក្រយានយន្ត សណ្តោង ជំនួស​ពាក្យ​បារាំង​ថា ម៉ូតូ​រ៉ឺម៉ក ឬ​រ៉ឺម៉ក​ម៉ូតូ (Moto a remorque)​។​
 
​ចំណែក​ពាក្យ​«​កង់​បី​»​ដែល​ភាគច្រើន​ហៅថា​«​រ៉ឺម៉ក​កង់​បី ឬ​PassApp​នោះ​គឺ​ពាក្យ​ខ្មែរ ដែល​មានន័យថា ទោចក្រយានយន្ត​ដែលមាន​សណ្តោង​រ៉ឺម៉ក​ពីក្រោយ​៕  

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com