កីឡាជាតិ
ជាតិ
លោក ហុក ឈាង​គីម បង្ហាញ​កត្តា​ដែល​ក្មេង​បច្ចុប្បន្ន​ហាត់​ល្បុក្កតោ​ឆាប់​រីកចម្រើន​ជាង​ក្មេង​ជំនាន់​មុន​
02, Jun 2020 , 8:29 am        
រូបភាព
 លោកព្រឹទ្ធាចារ្យ ហុក ឈាងគីម អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
លោកព្រឹទ្ធាចារ្យ ហុក ឈាងគីម អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា
ដោយ:
​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា សង្កេតឃើញថា អ្នក​ហាត់គុន​ល្បុក្កតោ​បច្ចុប្បន្ន​មាន​សមត្ថភាព​ខ្លាំង​ជាង​អ្នក​ហាត់គុន​ជំនាន់​មុន​។ ការហ្វឹកហាត់​ទៀតសោត ក្មេង​បច្ចុប្បន្ន​ឆាប់​ចាប់បាន និង​រីកចម្រើន​ជាង​ក្មេង​ជំនាន់​មុន​។ តើ​ភាពខុសគ្នា​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​?

 
 
​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម បានបង្ហាញ​ពី​ហេតុផល​មួយចំនួន ដែល​ជួយ​ជំរុញ​ឲ្យ​ក្មេងៗ​បច្ចុប្បន្ន​ហ្វឹកហាត់​គុន​ល្បុក្កតោ​ឆាប់​រីកចម្រើន​ជាង​ក្មេងៗ​ជំនាន់​មុន​។ តាមរយៈ​ការសង្កេត​របស់​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​រូបនេះ ក្មេងៗ​បច្ចុប្បន្ន​មាន​ទីកន្លែង និង​សម្ភារ​ហ្វឹកហាត់​គ្រប់គ្រាន់ ហើយ​គ្រូបង្វឹក​មាន​វិជ្ជាជីវៈ​ក្នុងការ​ហ្វឹកហាត់​។ បញ្ហា​ចំណេះដឹង ក៏​ជា​កត្តារួម​ចំណែក​មួយ​ផងដែរ​។ 
 
​ខុសពី​ក្មេង​ជំនាន់​មុន​ការហ្វឹកហាត់​ស្ថិតក្រោម​ការ​រឹត​ដ្បិត គ្មាន​ទីកន្លែង​ហ្វឹកហាត់​ត្រឹមត្រូវ និង​ខ្វះ​សម្ភារ​ក្នុងការ​ហ្វឹកហាត់ ហើយ​គ្រូបង្វឹក​គ្មាន​វិជ្ជាជីវៈ និង​ក្បួនខ្នាត​ត្រឹមត្រូវ​ក្នុងការ​ហ្វឹកហាត់​។ នេះ​ជាការ​លើកឡើង​របស់លោក​ព្រឹទ្ធាចារ្យ ហុក ឈាង​គីម ដែល​សង្កេតឃើញថា អ្នក​ហាត់គុន​ជំនាន់​មុន​មាន​ការគោរពវិន័យ​បានល្អ​ជាង​អ្នក​ហាត់គុន​បច្ចុប្បន្ន ដែល​បញ្ហា​នេះ អាច​ណ្តា​ល​មកពី​គ្រូបង្វឹក​ជំនាន់​មុន​កាច​ជាង​គ្រូបង្វឹក​បច្ចុប្បន្ន​។ 
 
«​ពីមុន​ការហ្វឹកហាត់​លើ​តែ​ការនិយាយស្តី និង​បង្រៀន​ជា​ទ្រឹស្តី​ទេ ឯ​សម័យ​ឥឡូវនេះ គឺ​ទ្រឹស្តី វា​ទៅ​ជាមួយ​សម្ភារ​។ បច្ចុប្បន្ន​មាន​សម្ភារ​គ្រប់សព្វ ដែល​អាចធ្វើ​ឲ្យ​ក្មេងៗ​ឆាប់​ធ្វើបាន ដូចជា​ដំបង​វែង ដំបង​ខ្លី​អី យើង​សម្បូរ​សម្ភារ តែបើ​ក្មេង​ពី​ដើម​គ្មានទេ រកតែ​កន្លែង​ហាត់ ក៏​យ៉ាប់​ដែរ​»​។ លោក ហុក ឈាង​គីម លើកឡើង​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កាលពីពេល​កន្លងទៅ​។ 
 
​ព្រឹទ្ធាចារ្យ​រូបនេះ​បាន​បន្ថែមថា​៖«​ក្មេងៗ​បច្ចុប្បន្ន​ហាត់​ឆាប់​រីកចម្រើន​ជាង​ក្មេងៗ​ពី​ដើម ហើយ​ការយល់ដឹង​របស់គេ គឺ​អាស្រ័យ​លើ​គ្រូ បើ​គ្រូ​យល់ដឹង​ពី​ចិត្តសាស្ត្រ​ក្មេង ចិត្តសាស្ត្រ​នៃ​ការអប់រំ ការបង្រៀន និង​គរុកោសល្យ​ក្នុងការ​បង្វឹក វា​នឹង​ទៅ​លឿន​(​ហ្វឹកហាត់​ឆាប់​ចេះ​)​។ បើ​យើង​ប្រៀបធៀប​ទៅ​គ្រូៗ​ពី​ដើម ការយល់ដឹង​នៅមានកម្រិត ចិត្តសាស្ត្រ និង​គរុកោសល្យ​របស់​គាត់​មិនទាន់​ល្អ​ត្រឹមត្រូវ​ទេ អ៊ីចឹង​ការផ្ទេរ​ទៅ​ឲ្យ​ក្មេងៗ យឺត​ជាង​គ្រូបង្វឹក​សម័យ​ឥឡូវ​»​។ 
 
​មិន​ខុសគ្នា​ពី​លោក ហុក ឈាង​គីម នោះទេ ព្រឹទ្ធាចារ្យ​ក្រមា​មាស សាន គីម​ស៊ាន ប្រធាន​រាជបណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា​សង្កេតឃើញថា ក្មេងៗ​ហាត់គុន​ល្បុក្កតោ​បច្ចុប្បន្ន មាន​សមត្ថភាព​ខ្លាំង​ជាង​ក្មេងៗ​ជំនាន់​មុន និង​រៀមច្បង​ក្រោម​ការ​បង្វឹក​របស់លោក​កន្លងទៅ​។ លោក​មានការ​ភ្ញាក់ផ្អើល និង​រំភើប​យ៉ាងខ្លាំង​នៅពេល​ឃើញ​ក្មេងៗ​បច្ចុប្បន្ន​បង្ហាញ​ឆន្ទៈ​ក្នុងការ​រួមចំណែក​អភិរក្ស និង​អភិវឌ្ឍន៍​គុន​ល្បុក្កតោ ដែលជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ​។ 
 


 លោកព្រឹទ្ធាចារ្យក្រមាមាស សាន គីមស៊ាន ប្រធានរាជបណ្ឌិតសភាល្បុក្កតោកម្ពុជា
​លោក​បានលើកឡើង​កន្ល​ង​មក​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ខាន​មើល​ខាន​ឃើញ​ចៅៗ ចៅទួត​ល្បុក្កតោ​តែមួយ​រយៈពេល​ខ្លី ស្រាប់តែ​មក​មើល​លើក​នេះ ភ្ញាក់ផ្អើល​មែនទែន​! ល្អ​ណាស់​ជោគជ័យ​ល្បុក្កតោ​! ក្មួយៗ​ចៅៗ បង្ហាញ​ស្នៀត​ទ្វារ​មេគុន​ព្រលឹង​ល្បុក្កតោ​ល្អ​ជាង​គ្រូៗ​ផង​។ សំខាន់​ក្មួយៗ​ធ្វើ​ចេញពី​ព្រលឹង​ជាតិ​ដែលមាន​ក្នុង​បេះដូង​យើងទាំងអស់គ្នា​។ ខ្ញុំ​ឃើញ​ក្មួយៗ​ចៅ​ទាំងអស់​ធ្វើ​ចេញពី​កម្លាំងចិត្ត កម្លាំងកាយ​ចេញពី​បេះដូង ខ្ញុំ​រន្ធត់​មែនទែន​! ខ្ញុំ​ស្ទើរតែ​មិន​ជឿថា ព្រលឹង​ជាតិ​នេះ ខ្លាំងខ្លា​មិន​នឹកស្មាន​ដល់​»​។​
 
​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​រូបនេះ​បន្ថែមថា​៖«​ពេល​ខ្ញុំ​បង្ហាត់​រៀមច្បង និង​គ្រូ​ពួកយើង​ពីមុនៗ​មក ខ្ញុំ​គិតថា ដូចជា​មិនសូវ​ល្អ​ប៉ុន្មាន​នោះទេ មិនមែន​បង្អាប់​ទេ​។ ប៉ុន្តែ​ពេល​មក​ឃើញ​ការប្រកួត និង​សម្តែង​របស់​ចៅៗ ចៅទួត​បច្ចុប្បន្ន គឺ​អស្ចារ្យ​មែនទែន​! ខ្ញុំ​យល់ឃើញថា អ្វីដែល​ខ្ញុំ​បាន​ខិតខំ​បង្ហាត់បង្រៀន​ដំណៗ​តាំងពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៩ មិន​នឹកស្មានថា អ្វីដែល​ខ្ញុំ​បាន​បង្កើត និង​ខំប្រឹង​កន្លងមក លទ្ធផល​នៅ​ឆ្នាំនេះ ជា​លទ្ធផល​ជោគជ័យ​ដ៏​អស្ចារ្យ​ចំពោះ​ខ្ញុំ​»​។​
 
​គុន​ល្បុក្កតោ​ជា​កីឡា​មួយ​ប្រភេទ ស្ថិត​ចំណោម​កីឡា​១៧​ប្រភេទ ដែល​ត្រូវបាន​កម្ពុជា​ដាក់​ឲ្យ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ កីឡា​ទាំង​១៧​ប្រភេទ ដែល​កម្ពុជា​ជ្រើសរើស​ដំណាក់កាល​ដំបូង​រួមមាន​អត្តពលកម្ម​, ហែល​ទឹក​, ប៉េតង​, ជឺ​ជិត​ស៊ូ​, តេ​ក្វាន់​ដូ WTF, ម៉ូតូ​ទឹក​, វ៉ូ​វី​ណា​ម​, ប្រដាល់​គុន​ខ្មែរ​, ល្បុក្កតោ​, អុកចត្រង្គ​, ចំបាប់​, តេ​ក្វាន់​ដូ ITF, សូ​ហ្វ​តិ​ន្នី​ស​, ប្រដាល់សកល​, វាយ​កូន​បាល់​, បាល់ទាត់ និង​សីដក់​(​ឈិន​ឡូ​ន​)៕  

Tag:
 ល្បុក្កតោ​
  ហុក ឈាង​គីម
© រក្សាសិទ្ធិដោយ thmeythmey.com