ONE Championship
ជាតិ
ជ័យជម្នះ​ដ៏​អស្ចារ្យ​ចំនួន​៥​របស់​កីឡាករ កីឡាការិនី​កម្ពុជា​នៅ​សង្វៀន ONE Championship
01, Jun 2020 , 11:59 pm        
រូបភាព
គុន​ចម្រុះ​គឺជា​ក្បាច់គុន​ថ្មី​ដែល​ចូលមក​ទឹកដី​កម្ពុជា​ប្រមាណ​ជា​១០​ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​កីឡាករ​កីឡាការិនី​មួយ​ចំនួន​កំពុង​រះ​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។ ជាធម្មតា កីឡាករ​កីឡាការិនី​កម្ពុ​ជាមាន​ក្បាច់​បាត ឬ ជំនាញ​ក្បាច់គុន​ប្រពៃណី​របស់ខ្លួន «​គុន​ខ្មែរ​» ដែល​ធ្វើ​ឲ្យ​ពួកគេ​អាច​បត់បែន និង អភិវឌ្ឍ​ខ្លួន​បានល្អ​នៅក្នុង​វិស័យ​គុន​ចម្រុះ​។ ខាងក្រោម​នេះ​សូម​បង្ហាញ​អំពី​ជ័យជម្នះ​ដ៏​ធំ​បំផុត​ចំនួន ៥ របស់​កីឡាករ​កីឡាការិនី​កម្ពុជា​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship​។



1# ចាន់ រតនា ផ្ដួល Fernandes ត្រឹម​ទឹក​ទី​២​ដ៏​អស្ចារ្យ​
 

 
 
​នេះ​ជាការ​ប្រកួត​ដ៏​ល្អ​មួយ​ក្នុង​ទម្ងន់ flyweight រវាង ចាន់ រតនា  និង  Abro “The Black Komodo” Fernandes ក្រោម​ក្រសែភ្នែក​កុះករ​របស់​ទស្សនិកជន​នៅ​កម្មវិធី ONE: DESTINY OF CHAMPIONS កាល​ខែ ធ្នូ ឆ្នាំ ២០១៨ ជា​ពេលដែល​អ្នកលេង​គុន​ចម្រុះ​របស់​កម្ពុជា​អាច​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​។ ចាន់ រតនា អាច​រក្សា​លំនឹង​បានល្អ​នៅ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ​ទោះ​គូប្រជែង​ខំ​ប្រើ​ក្បាច់​ចំបាប់​ដើម្បី​បំបាក់​ក៏ដោយ ប៉ុន្តែ​ជា​ផល​តប​សង គឺ​បានផ្ដល់​ឲ្យ Fernandes នូវ​កណ្ដាប់ដៃ​ត្រលប់​ទៅវិញ​ភ្លាមៗ​។​
 
​កីឡាករ​តំណាង​ឲ្យ​កម្ពុជា​ការពារ​បានល្អ​ពី​ការចូលចាប់​របស់ “The Black Komodo” នៅ​ទឹក​ទី​២​។ បន្ទាប់មក Fernandes ក៏បាន​ព្យាយាម​ប្រើ​ក្បាច់​ឃ្លេ​ក ប៉ុន្តែ មិនអាច​ទៅរួច​។ រតនា បាន​ដើរចូល និង ប្រើ​កណ្ដាប់​ដ៏​មាន​ប្រសិទ្ធភាព​។ រតនា បាន​ប្រើ​កណ្ដាប់ដៃ​ខាវ​ឆ្វេង​ស្ដាំ និង​រក្សា​ការគាបសង្កត់​របស់​គូបដិបក្ខ មុនពេល​ម៉ាត់ និង​អុក​ជង្គង់​ដើម្បី​យកឈ្នះ​តែម្ដង​។ 
 
2# អែម សុ​វណ្ណា​រី ឈ្នះ​ក្នុងការ​បង្ហាញខ្លួន​ដំបូង​លើ​លើ Kyselova
 



 
 
​អែម សុ​វណ្ណា​រី  ឬ រហស្សនាម​ថា “The Sweet Savage” ទទួល​ជ័យជម្នះ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​លើ​កីឡាការិនី​អ៊ុយ​ក្រែ​ន  Iryna “Delsa” Kyselova នៅក្នុង​កម្មវិធី ONE: DESTINY OF CHAMPIONS​។ 
 
​គ្រាន់តែ​ចូល​ទឹក​ទី​១ កីឡាការិនី​កូនកាត់​កម្ពុជា​-​អាមេរិក បាន​ចូលទៅ​ចាប់​ផ្ដួល និង​ប្រើ​កណ្ដាប់ដៃ​ពីលើ​យ៉ាង​លឿន​ស្របពេល​ជើង​ទាំងពីរ​គាប​គូប្រជែង​ឲ្យ​ទៅ​ក្បែរ​រេញ​។ ទោះ Kyselova ខំព្យាយាម​រើ​បម្រាស់​ពី​ការចាប់ និង​ចង់​គេច​ឲ្យ​ផុតពី​គ្រោះថ្នាក់ ក៏ “The Sweet Savage” អាច​ប្រើ​ជង្គង់​យ៉ាងខ្លាំង និង​គ្រប់គ្រង​ស្ថានការណ៍​បាន​។ សុ​វណ្ណា​រី មានឱកាស​ប្រយុទ្ធ​តាមចិត្ត និង​ប្រើ​កណ្ដាប់ដៃ​ធ្ងន់ៗ​ពីលើ​រហូត​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ត្រឹម ៨១ វិនាទី ប៉ុណ្ណោះ​។ 
3# សរ សី ឈ្នះ​ពិន្ទុ  Victorio Senduk
 


 
 
​អ្នកលេង​គុន​ចម្រុះ​ជើងចាស់ សរ សី ធ្វើ​បានល្អ​បំផុត​ក្នុង​អាជីព​របស់ខ្លួន​ពេល​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ លើ Victorio “Indra” Senduk នៅក្នុង​កម្មវិធី  ONE: GRIT AND GLORY កាល​ខែ ឧសភា ឆ្នាំ ២០១៨​។ កីឡាករ​មកពី​ក្លិប Cambodian Top Team ប៉ះ​កីឡាករ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​មិនដែល​ចាញ់​នា​គ្រានោះ​នៅមុខ​អ្នកគាំទ្រ​ពី​ទីក្រុង​ក្រុង​ហ្សា​កាតា ប៉ុន្តែ​រូបគេ​នៅតែ​ធ្វើ​បានល្អ​។ សរ សី ផ្ដោតលើ​ការ​ទាត់​ជើង​នៅ​ទឹក​ទី​២ ដែលជា​ជំនាញ​របស់​គុន​ខ្មែរ ហើយ​រូបគេ​ក៏​ប៊ិះ​នឹង​បញ្ចប់​កីឡាករ​ឥណ្ឌូណេស៊ី​ទៅហើយ ពេល​នៅ​ពីលើ​ក្នុង​ជំហរ​ដេក និង ប្រើ​កណ្ដាប់​តប់​ពីលើ​យ៉ាងច្រើន​។ 
 
​បែបណា​ក្ដី នៅ​ទឹក​ទី​៣ សរ សី នៅតែមាន​ប្រសិទ្ធភាព​លើ​ការប្រើ​ជើង និង ការប្រកួត​ក្នុង​ជំហរ​ដេក​លើ​ក្ដារ​រេញ​។ គេ​នៅតែ​អាច​ប្រើ​ជើង​បានល្អ​លើ​កីឡាករ​រហស្សនាម “Indra” និង ប្រើ​ក្បាច់​ប្រយុទ្ធ​លើ​ក្ដារ​រេញ​យ៉ាង​មានប្រៀប មុនពេល​កីឡាករ​មកពី​ខេត្តកណ្ដាល​រូបនេះ​ត្រូវ​អាជ្ញាកណ្ដាល​ប្រកាស​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ 
 
4# ខុន ស៊ី​ចាន់ ឈ្នះ Umar 
 


 

ការប្រកួត​រវាង ខុន ស៊ី​ចាន់ និង Riski Umar ប្រដេញ​គ្នា​មែនទែន​ទាំង​៣​ទឹក​នៅក្នុង​កម្មវិធី ONE: VISIONS OF VICTORY កាល​ខែ មីនា ឆ្នាំ ២០១៨  ប៉ុន្តែ កីឡាករ​កម្ពុជា​ប្រើ​ក្បាច់​ប្រយុទ្ធ​បានល្អ​ជាង​ដើម្បី​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​។ Umar គំរាមកំហែង​ដល់ ស៊ី​ចាន់ ក្នុងការ​បញ្ចប់​ដោយ​ក្បាច់​ឃ្លេ នៅ​ទឹក​ដំបូង ប៉ុន្តែ​កីឡាករ​មកពី​ក្លិប Phnom Penh MMA និង PRODAL Fight Gym ក៏​តប​វិញ​បានល្អ​នៅ​ទឹក​ទី​២ ដោយ​ក្បាច់​ឃ្លេ​ដែរ​។ 
 
​យ៉ាងណាក្ដី ស៊ី​ចាន់ បាន​ដាល់​យ៉ាងខ្លាំងៗ និង​ទាត់​ចំ​គោលដៅ​នៅ​ទឹក​ទី​៣​ដើម្បី​ធានាបាន​ជ័យជម្នះ​លើកដំបូង​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE​។ 
 
5# នៅ ស្រី​ពៅ ឈ្នះ Rika ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​
 



 
 
​នៅ ស្រី​ពៅ បានធ្វើ​ឲ្យ​ចាប់អារម្មណ៍​ក្នុងការ​ប្រកួត​ទម្ងន់ women’s atomweight នៅពេល​កីឡាការិនី​កម្ពុជា​រូបនេះ​យកឈ្នះ​ពិន្ទុ Rika “Tiny Doll” Ishige ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ ONE: CLASH OF LEGENDS កាល​ខែកុម្ភៈ ឆ្នាំ ២០១៩​។  ស្រី​ពៅ មាន​ក្បាច់​ប្រយុទ្ធ​ដ៏​មាន​ថាមពល​លើ​កីឡាការិនី​ថៃ​។ ម្ចាស់​ខ្សែក្រវាត់​របស់​កម្ពុជា​បាន​ប្រើ​ជំនាញ​វ៉ៃ​ថ្ពក់​របស់​លើ​ខ្លួន​លើ “Tiny Doll” ដោយ​ប្រើ​ដៃ​ឆ្វេង​-​ស្ដាំ​ពី​ចម្ងាយ​។  ក្នុងនោះ ស្រី​ពៅ ក៏មាន​ជំនាញ​ចាប់​អុក​ជង្គង់​ផងដែរ​។ ស្រី​ពៅ មិន​ឲ្យ​កីឡាការិនី​ដែលមាន​មូលដ្ឋាន​នៅ​បាងកក​ចាប់​បោក​ទៅ​ក្ដារ​រេញ​បាន​ងាយៗ​នោះឡើយ និង បន្ត​ប្រើ​ជើង​ដើម្បី​ដាក់​គំនាប​លើ​គូប្រកួត​នៅ​ទឹក​ទឹ​២​។ Ishige បាន​ប្រើ​គ្រប់​មធ្យោបាយ​សម្រាប់​អ្នកគាំទ្រ​របស់ខ្លួន​នៅ​រាជធានី បាងកក ប៉ុន្តែ ស្រី​ពៅ នៅតែ​ប្រើ​កណ្ដាប់ដៃ និង ការ​ទាត់​ជើង​ក្រោម​បានល្អ​ដើម្បី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​៕
 

Tag:
 ​អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com