ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដោយសារដាច់ភ្លើង លោក កឹម សុខា ពិភាក្សាជាមួយទូតអង់គ្លេស នៅក្រោមដើមឈើ
01, Jun 2020 , 7:13 pm        
រូបភាព
រូបពីហ្វេសប៊ុករបស់លោក កឹម សុខា
រូបពីហ្វេសប៊ុករបស់លោក កឹម សុខា
លោក កឹម សុខា មេដឹកនាំប្រឆាំង បានបន្តទទួលជួបអ្នកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។ អ្វីដែលគួរឲ្យចាំអារម្មណ៍ ជំនួបនេះ មិនធ្វើឡើងនៅក្នុងផ្ទះជារបៀបការទូតដូចរាល់ដងឡើយ ដោយលោក កឹម សុខា អញ្ជើញអ្នកស្រីឯកអគ្គរាជទូត ទៅអង្គុយពិភាក្សាគ្នាជាលក្ខណៈសាមញ្ញ នៅក្រោមដើមឈើ (ទំនងជាដើមស្វាយ) ក្នុងបរិវេណផ្ទះរបស់លោក។



លោក មុត ចន្ថា ជំនួយការរបស់លោក កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅព្រលប់ថ្ងៃទី១ ខែមិថុនានេះ ថា ផ្ទះរបស់លោក កឹម សុខា បានដាច់ភ្លើង នៅមុនបន្តិចនៃការទៅដល់របស់អ្នកស្រីឯកអគ្គរាជទូត ហើយដោយសារខាងក្នុងផ្ទះងងឹត ទើបលោក កឹម សុខា អញ្ជើញអ្នកស្រី ទៅពិភាក្សាគ្នានៅក្រោមដើមឈើ។

លោក មុត ចន្ថា បន្តថា  អ្នកទាំងពីរបានពិភាក្សាគ្នានៅខាងក្រៅផ្ទះ រហូតដល់ចប់ ក្នុងរយៈពេលជាង១ម៉ោង។ លោក មានប្រសាសន៍ថា វា ជាលើកទី១ហើយ ដែលលោក កឹម សុខា និងភ្ញៀវជាទូត ពិភាក្សាគ្នានៅខាងក្រៅផ្ទះបែបនេះ ព្រោះកន្លងមក មិនដែលអាចភ្លើង។

ក្នុងជំនួបនោះ លោក កឹម សុខា មានលោក មុត ចត្ថា ជាជំនួយការ ហើយអ្នកស្រីឯកអគ្គរាជទូត ក៏មានសហការីម្នាក់ផងដែរ។ ពេលអង្គុយពិភាក្សាគ្នា លោក កឹម សុខា បានពាក់អាវស ជាមួយនឹងក្រវាត់ក ហើយលោក បានដោះអាវធំចេញ យកទៅដាក់នៅក្រោយខ្នង។

លោក កឹម សុខា បង្ហោះរូបភាព និងសំណេរថា ជំនួបរវាងលោក និងអ្នកស្រីឯកអគ្គរាជទូត ប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាល។ លោក សរសេរថា៖«ក្នុងជំនួបនេះ ក្រៅពីសួរសុខទុក្ខ យើងបានពិភាក្សាគ្នា អំពីស្ថានភាពនៃដំណើរការប្រជាធិបតេយ្យ សេដ្ឋកិច្ច សង្គម ជាពិសេស យើងចាប់អារម្មណ៍ខ្លាំង អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ បញ្ហាប្រឈម និងដំណោះស្រាយ ចំពោះមុខ និងទៅអនាគត»៕

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com